រាជធានីភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថាទិវាអន្តរជាតិនារី៨ មីនាបានរំលេចពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានសរសេលើបណ្តាញសង្គមយ៉ាងដូច្នេះថា អបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៥ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ប្រធានបទនេះរំលឹកយើងថា សន្តិភាព និងសន្តិសុខ មិនត្រឹមតែជាវត្ថុបំណងនៃប្រជាជាតិមួយ ឬ ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវាជាតថភាពជាក់ស្តែង ដែលផ្តើមចេញពីផ្ទះរបស់យើង សហគមន៍ និងជីវិតប្រចាំថ្ងៃ របស់ស្ត្រី និងក្រុមគ្រួសារ។

សម្តេចបវរធិបតីបានបញ្ជាក់ថា៖ «ការដែលប្រារព្ធទិវានេះ ក្នុងគោលបំណងរំលេចពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ ក៏ដូចរំលេចពីការរួមចំណែកយ៉ាងសកម្មរបស់ស្ត្រីក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាង និងថែរក្សាសន្តិភាពយូរអង្វែង ដែលជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម»។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្ថែមថាការរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងធានានូវសុខុមាលភាពនិងការរស់នៅ របស់ប្រជាជនប្រកបដោយសុខដុមរមនា៕
ចែករំលែកព័តមាននេះ