ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ សម្រេច​ឃុំខ្លួន​មេខ្លោង Online scam ចំនួន​៧​នាក់ ​ដាក់​ពន្ធនាគារ

10 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​ជន ត្រូវ​ចោទ​ជា​មេខ្លោង Online scam ចំនួន​៧​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ កាលពី​ថ្ងៃ​ទី​៥ ខែមីនា…

រាជធានី​ភ្នំពេញ ៖ ក្រុម​ជន ត្រូវ​ចោទ​ជា​មេខ្លោង Online scam ចំនួន​៧​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ កាលពី​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២៦ ក្រោម​បទល្មើស​ឆបោក​មាន​ស្ថាន​ទម្ងន់ទោស ដែល​ប្រព្រឹត្ត​នៅ​អគារ​ស្តា​ស៊ី​ធី អគារ​លេខ​២ ជាន់​ទី​៩ បន្ទប់ ៩១២ ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០២៥ រហូត​មក​ដល់​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៦ នេះ​បើ​តាម​លេខាធិការដ្ឋាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​(​គ​.​ប​.​ឆ​.​ប​.) ។

យោង​តាម​ដីកា​សម្រេច​ចំនួន​៧​ផ្សេង​គ្នា​របស់​លោក ឡោ ក្រឹម ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា ការ​សម្រេច​ឃុំខ្លួន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​បាន​ពិនិត្យ​យ៉ាង​ល្អិតល្អន់ លើ​សំណុំរឿង ដែល​កសាង​ដោយ​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

ជន​ត្រូវ​ចោទ រួម​មាន ៖
ទី​១. ឈ្មោះ XI BING ភេទ​ប្រុស ជនជាតិ​ចិន
ទី​២. ឈ្មោះ CHEN LANG ភេទ​ប្រុស ជនជាតិ​ចិន
ទី​៣. ឈ្មោះ XIA CHAO ភេទ​ប្រុស ជនជាតិ​ចិន
ទី​៤. ឈ្មោះ NAN LIANG ភេទ​ប្រុស ជនជាតិ​ចិន
ទី​៥. ឈ្មោះ FAN LEI ភេទ​ប្រុស ជនជាតិ​ចិន
ទី​៦. ឈ្មោះ KIRAN KUMA RBAYAK ភេទ​ប្រុស ជនជាតិ​នេ​ប៉ា​ល់
និង​ទី​៧. ឈ្មោះ MOHD SAKIB ភេទ​ប្រុស ជនជាតិ​ឥណ្ឌា ។

ជនបរទេស​ទាំង​៧​នាក់​នេះ ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ​ឆបោក​មាន​ស្ថាន​ទម្ងន់ទោស ជា​ក្រុម​មានការ​ចាត់តាំង ដែល​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​មាត្រា ៣៧៧ និង​មាត្រា ៣៨០ ចំណុច​ទី​៥ នៃ​ក្រមព្រហ្មទណ្ឌ ។

តាម​របាយការណ៍​របស់​ក្រសួងយុត្តិធម៌ បានឱ្យ​ដឹង​ថា ក្នុង​រយៈពេល​៨​ខែ​ចុង​ក្រោយ​នេះ តុលាការ​កម្ពុជា​បាន​អនុវត្ត​នីតិវិធី​ផ្លូវច្បាប់​លើ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​អន​ឡាញ ដើម្បី​ផ្តន្ទាទោស​មេខ្លោង និង​បក្ខពួក​ចំនួន​ជាង​៥០០​នាក់ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​សំណុំរឿង ចេ​ន ស៊ី​, សំណុំរឿង​ឧកញ៉ា លី គួ​ង និង​សំណុំរឿង​ធំ​ៗ ពាក់ព័ន្ធ​នឹង​មេខ្លោង​ជា​ជនបរទេស​ផ្សេង​ទៀត ។

សមត្ថកិច្ច បាន​បន្ត​សហការ​ជាមួយ​បណ្តា​ប្រទេស​ដៃគូ ដើម្បី​ស្រាវជ្រាវ ធ្វើ​កោសល្យវិច័យ​លើ​វត្ថុ​តាង និង​ស៊ើបអង្កេត​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​ក្រុម​ឧក្រិដ្ឋជន ដើម្បី​ឈាន​ទៅ​វែកមុខ​ក្រុម​អង្គការ​ចាត់ ដែល​បាន​យក​កម្ពុជា​ធ្វើ​ជាទី​តាំង​ឆបោក​ទៅ​ក្រៅប្រទេស ។

សូម​បញ្ជាក់​ថា សម្តេច​មហា​បវរ​ធិ​បតី​ហ៊ុន​ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជាក់​នា​ពេល​កន្លង​មក​យ៉ាង​ច្បាស់​ថា កម្ពុជា​មិនមែន​ជា​កន្លែង​សម្រាប់​ឧក្រិដ្ឋជន​បច្ចេកវិទ្យា​ប្រើប្រាស់​ក្នុង​ការ​ប្រព្រឹត្ត​ការ​ឆបោក ឬ​បទល្មើស​ឆ្លង​ដែន​ឡើយ​។ រាល់​បុគ្គល ឬ​អង្គភាព​ទាំងឡាយ​ណា​ដែល​នៅ​ពីក្រោយ​សកម្មភាព​ឆបោក​ទាំងនេះ នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ទោសទណ្ឌ​ខ្ពស់​បំផុត​ដោយ​គ្មាន​ការ​យោគយល់ ឬ​ការ​អន្តរាគមន៍​ណាមួយ​ឡើយ​។ វិធានការ​ដែល​បាន និង​កំពុង​អនុវត្ត​ទាំងនេះ នឹង​អាច​ធ្វើ​អាច​ឱ្យ​កម្ពុជា​ឈាន​ទៅ​លុប​បំបាត់​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​ពេល​ខាង​មុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ