ទីក្រុងវ៉ាស៊ីនតោន៖ លោកដូណាល់ត្រាំថ្លែងថាបន្ទាប់ពីលោករួចដៃពីសង្គ្រាមនៅអ៊ីរ៉ង់ លោកនឹងងាកទៅចាត់ការប្រទេសគុយបាវិញម្ដង។ លោកទស្សន៍ទាយទុកជាមុនថារបបដឹកនាំកុម្មុយនិស្តនៅគុយបាមុខតែដួលរលំឆាប់ៗនេះជាមិនខាន។ ឥឡូវនេះ គុយបាកំពុងប្រឈមនឹងបញ្ហាលំបាកខ្លាំងដោយសារអាមេរិកបិទខ្ទប់មិនឱ្យប្រេងដឹកចូលគុយបាបានឡើយ។ លោកត្រាំអះអាងថាពួកគេ (គុយបា) ចង់ចរចាគ្នាឱ្យមានកិច្ចព្រមព្រៀង។ លោកថ្លែងដូច្នេះមួយថ្ងៃបន្ទាប់ពីលោកព្រមានថានឹងចាត់វិធានការអ្វីម៉្យាងទៅលើគុយបាបន្ទាប់ពីរួចដៃពីសង្គ្រាមនៅអ៊ីរ៉ង់។

លោកថ្លែងនៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ស៊ីអឹនអឹនថាយើងពិតជាកំពុងយកចិត្តទុកដាក់ចំពោះបញ្ហានេះ។ យើងនៅមានពេលខ្លះទៀតដែរ។ ៥០ឆ្នាំហើយគុយបាល្មមដល់ពេលដូរហើយ។ លោកថារដ្ឋមន្ត្រីការបរទេសអាមេរិក លោករូប៊ីអូ (Rubio) នឹងក្លាយជាមនុស្សដំបូងគេរបស់លោកដែលជាន់លើទឹកដីគុយបា។ គាត់កំពុងបំពេញការងារមួយចំនួន។ លោកត្រាំ និងលោករូប៊ីអូបាននិយាយជាចំហថាត្រូវតែដូររបបដឹកនាំនៅគុយបា។ បន្ទាប់ពីវាយប្រហារវេណេហ្ស៊ូអេឡា និងចាប់ខ្លួនលោកម៉ាឌូរ៉ូទៅញូយ៉ក លោកត្រាំឆ្លៀតព្រមានប្រទេសដទៃទៀតដូចជាគុយបា ម៉ិកស៊ីកូ កាណាដា និងកូឡុំប៊ីជាដើម។

អ្នកសម្របសម្រួលរបស់ក្រសួងការបរទេសអាមេរិកទទួលបន្ទុកខាងកិច្ចការគុយបា លោករ៉ប់ អាលីសុន (Rob Allison) ទើបតែជួបជាមួយអ្នកតំណាងជាន់ខ្ពស់វិហារកាតូលិក។ នេះបើយោងតាមការបង្ហោះសារនៅលើបណ្ដាញអ៊ិចរបស់ស្ថានទូតអាមេរិកប្រចាំទីក្រុងឡាហាវ៉ាន់។ ប៉ុន្តែស្ថានទូតមិនបានបញ្ជាក់ថាតើការជួបគ្នានោះកើតឡើងនៅពេលណាទេ។ ស្ថានទូតបានបង្ហោះរូបថតលោករ៉ប់ អាលីសុន និងភារធារីស្ថានទូតអាមេរិកនៅគុយបា លោកម៉ាយ ហេមើ (Mike Hammer) ជួបជាមួយមន្ត្រីជាន់ខ្ពស់កាតូលិក។

លោកត្រាំធ្លាប់និយាយញយដងថារបបដឹកនាំនៅគុយបារកកលនឹងដួលរលំដោយមិនចាំបាច់លោកប្រើកម្លាំងធ្វើអន្តរាគមន៍ទេ។ នៅក្នុងការប៉ុនប៉ងជាន់ពន្លិចឱ្យឆាប់ដួលរលំ លោកសម្រេចចិត្តបិទខ្ទប់មិនឱ្យមានប្រេង ឬឥន្ធនៈដទៃទៀតដឹកចូលគុយបាបានឡើយ។ ចាប់តាំងពីថ្ងៃទី៩ ខែមករា រហូតមកដល់ពេលនេះ គ្មានកប៉ាល់ណាមួយដឹកប្រេងចូលគុយបាទេ ជាហេតុធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍នានាលុបចោល ឬពន្យារពេលជើងហោះហើរទៅកាន់គុយបា។

រដ្ឋាភិបាលទីក្រុងឡាហាវ៉ានចោទប្រកាន់ថាលោកត្រាំចង់ខ្ទប់ដង្ហើមគុយបាឱ្យស្លាប់ទាំងជំហរតែម្ដង។ មែនទែនទៅ គុយបាប្រឈមនឹងបញ្ហាខ្វះថាមពល និងឥន្ធនៈមិនមែនទើបតែពេលនេះទេ។ ប្រទេសនេះជួបប្រទះនឹងបញ្ហានេះរាប់ឆ្នាំមកហើយ។ ប្រទេសនេះខ្វះខាតឥន្ធនៈ ថ្នាំពេទ្យ និងស្បៀងអាហារ។ ថ្មីៗនេះ អាមេរិកអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនដឹកប្រេងឆៅចូលគុយបានៅក្នុងបរិមាណតិចតួច។ មូលហេតុដែលមន្ត្រីស្ថានទូតអាមេរិកទាក់ទងទៅវិហារកាតូលិកនៅគុយបាព្រោះវិហារនេះដើរតួនាទីជាអ្នកសម្របសម្រួលបញ្ហារវាងវ៉ាស៊ីនតោន និងឡាហាវ៉ាន។ សម្ដេចសង្ឃកាតូលិក ប៉ាបហ្វ្រងស៊ីស (ដែលបានសុគតហើយ) ធ្លាប់ជួយចរចាគ្នារហូតដល់ប្រទេសទាំង២ដាក់ទំនាក់ទំនងការទូតជាមួយគ្នាឡើងវិញនៅឆ្នាំ២០១៥កាលពីជំនាន់លោកអូបាម៉ាកាន់អំណាច៕ ប្រភព៖ ឆេនណល ញូស៍ អេស៊ា និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ