ទីក្រុងវ៉ាស៊ីនតោន៖ នៅពេលសង្គ្រាមរវាងអ៊ីរ៉ង់ ទល់នឹងអាមេរិក និងអ៊ីស្រាអែលបន្តឆាបឆេះយ៉ាងក្ដៅគគុកស្រាប់តែប្រភពខ្លះបង្ហើបឱ្យដឹងថាប្រទេសមួយចំនួននៅមជ្ឈិមបូព៌ាកំពុងរត់ការយ៉ាងខ្វែងដៃខ្វែងជើងគ្នាដើម្បីសម្របសម្រួលឱ្យមានបទឈប់បាញ់ ឬបញ្ចប់សង្គ្រាម។ ប៉ុន្តែកាលពីយប់មិញ លោកត្រាំចេញមកបញ្ជាក់ថាគ្មានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ជាដាច់ខាតលើកលែងតែអ៊ីរ៉ង់ប្រកាសចុះចាញ់សង្គ្រាមដោយឥតលក្ខខណ្ឌ។

លោកត្រាំបានបង្ហោះសារនៅលើបណ្ដាញសង្គមទ្រូស សូសល (Truth Social) ហាក់ដូចជាចង់បង្ហាញថាលោកមិនព្រមបន្ធូរដៃ ឬធ្វើសម្បទានអ្វីទាំងអស់សម្រាប់អ៊ីរ៉ង់។ ចំណែកអ៊ីរ៉ង់ទទួលស្គាល់ថាពិតជាមានប្រទេសមួយចំនួនកំពុងព្យាយាមសម្រុះសម្រួលគ្នាមែន។ លោកត្រាំសរសេររៀបរាប់ថា «នឹងមិនមានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ទេលើកលែងតែអ៊ីរ៉ង់ចុះចាញ់សង្គ្រាមដោយឥតលក្ខខណ្ឌ»។

លោកសរសេរបន្តទៀតថាបន្ទាប់ពីនោះ (អ៊ីរ៉ង់ចុះចាញ់ដោយឥតលក្ខខណ្ឌ) និងបន្ទាប់ពីយើងជ្រើសរើសមេដឹកនាំដែលឆ្នើម និងដែលយើងអាចទទួលយកបាននៅអ៊ីរ៉ង់រួចហើយ យើងក៏ដូចជាក្រុមប្រទេសសម្ព័ន្ធមិត្ត និងក្រុមប្រទេសជាដៃគូរបស់យើងនឹងខិតខំឱ្យអស់ពីកម្លាំងកាយចិត្តដើម្បីជួយយិតយោងប្រទេសអ៊ីរ៉ង់ឱ្យចាកផុតពីមាត់ជ្រោះមហន្តរាយ, ជួយអភិវឌ្ឍសេដ្ឋកិច្ចកាន់តែប្រសើរ និងធ្វើឱ្យប្រទេសនេះកាន់តែរឹងមាំ។

គេនៅចាំបានថាកាលពីមុននេះបន្តិច ប្រធានាធិបតីអ៊ីរ៉ង់ លោកម៉ាសូត ប៉េហ្សេស្គាន (Masoud Pezeshkian) ទទួលស្គាល់ថាពិតជាមានប្រទេសមួយចំនួនព្យាយាមសម្រុះសម្រួលដើម្បីដោះស្រាយបញ្ហាសង្គ្រាមនេះមែន។ លោកសង្កត់ធ្ងន់ថារដ្ឋាភិបាលរបស់លោកប្រាថ្នាចង់ឃើញសន្តិភាពកើតមាននៅមជ្ឈិមបូព៌ា។ ប៉ុន្តែលោកថាអ៊ីរ៉ង់ក៏ត្រៀមការពារខ្លួនផងដែរនៅពេលខ្លួនរងការវាយប្រហារពីប្រទេសដទៃ៕ ប្រភព៖ អាល់ចាស៊ីរ៉ា និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ