ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេត​វិមាន​បដិសេធ​ការ​អះ​អាង​ថា​រុស្ស៊ី​លួ.ច​ផ្ដល់​ព័ត៌​មាន​សម្ងាត់​ទៅ​ឱ្យ​អ៊ីរ៉ង់

15 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ ប្រទេស​រុស្ស៊ីបាន​ផ្ដល់​​ទៅ​ឱ្យ​អ៊ីរ៉ង់​នូវ​ព័ត៌​មាន​សម្ងាត់​ពាក់​ព័ន្ធ​នឹង​ទី​តាំង​យោធា​ ទី​តាំង​អាវុធ​យុទ្ធ​ភ័ណ្ឌ យន្ត​ហោះ នាវា​ចម្បាំង​ជា​ដើម​ អីចឹង​ហើយ​បាន​ជា​អ៊ីរ៉ង់​វាយ​ប្រហារ​ចំ​គោល​ដៅ​ល្អ​។ នេះ​បើយោ​ងតាម​មន្ត្រី​រដ្ឋាភិបាល​២​នាក់​ដែល​ដឹង​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ភ្នាក់​ងារ​សម្ងាត់​អាមេរិក​។ មន្ត្រី​ទាំង​២​រូប​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​អះ​អាង​ថា​រហូត​មក​ដល់​ពេល​នេះ ផ្នែក​ស៊ើប​ការណ៍​សម្ងាត់​អាមេរិក​មិន​ទាន់​ដឹង​រឿង​នេះ​នៅ​ឡើយ​ទេ​ថា​រុស្ស៊ី​កំពុង​ផ្ដល់​ការ​ណែ​នាំ​ទៅ​អ៊ីរ៉ង់​ថាតើ​ព័ត៌​មាន​សម្ងាត់​ដែល​រុស្ស៊ី​ប្រាប់​នោះ​ត្រូវ​ចាត់​ចែង​បែប​ណា​ខ្លះ​។ មែន​ទែន​ទៅ…

ទី​ក្រុង​ម៉ូស្គូ៖ ប្រទេស​រុស្ស៊ីបាន​ផ្ដល់​​ទៅ​ឱ្យ​អ៊ីរ៉ង់​នូវ​ព័ត៌​មាន​សម្ងាត់​ពាក់​ព័ន្ធ​នឹង​ទី​តាំង​យោធា​ ទី​តាំង​អាវុធ​យុទ្ធ​ភ័ណ្ឌ យន្ត​ហោះ នាវា​ចម្បាំង​ជា​ដើម​ អីចឹង​ហើយ​បាន​ជា​អ៊ីរ៉ង់​វាយ​ប្រហារ​ចំ​គោល​ដៅ​ល្អ​។ នេះ​បើយោ​ងតាម​មន្ត្រី​រដ្ឋាភិបាល​២​នាក់​ដែល​ដឹង​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ភ្នាក់​ងារ​សម្ងាត់​អាមេរិក​។ មន្ត្រី​ទាំង​២​រូប​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​អះ​អាង​ថា​រហូត​មក​ដល់​ពេល​នេះ ផ្នែក​ស៊ើប​ការណ៍​សម្ងាត់​អាមេរិក​មិន​ទាន់​ដឹង​រឿង​នេះ​នៅ​ឡើយ​ទេ​ថា​រុស្ស៊ី​កំពុង​ផ្ដល់​ការ​ណែ​នាំ​ទៅ​អ៊ីរ៉ង់​ថាតើ​ព័ត៌​មាន​សម្ងាត់​ដែល​រុស្ស៊ី​ប្រាប់​នោះ​ត្រូវ​ចាត់​ចែង​បែប​ណា​ខ្លះ​។

មែន​ទែន​ទៅ នេះ​មិន​មែន​ជា​លើក​ទី​មួយ​​ទេ​ដែល​គេ​ស្ដាប់​ឮ​ថា​រុស្ស៊ី​ជាប់​ពាក់​ព័ន្ធ​នឹង​សង្គ្រាម​នេះ​។ រុស្ស៊ី​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​នៅ​តែ​រក្សា​ទំនាក់​ទំ​នង​ជិត​ស្និទ្ធ​ជា​មួយ​រដ្ឋាភិបាល​ទី​ក្រុង​តេ​អេ​រ៉ង់​។ ​សេត​វិមាន​ច្រាន​ចោល​ដំណឹង​ស្ដី​ពី​រុស្ស៊ី​ជួយ​ផ្ដល់​ព័ត៌​មាន​សម្ងាត់​ទៅ​ឱ្យ​អ៊ីរ៉ង់​។ សេត​វិមាន​ថា​បើ​ទុក​ជា​រឿង​នេះ​កើត​ឡើង​មែន​ក៏​មិន​បាន​ធ្វើ​ឱ្យ​សភាព​ការណ៍​ប្រែប្រួល​ដែរ។ ជាក់​ស្ដែង​យើង​បាន​កម្ទេច​ពួក​គេ​ទាំង​ស្រុង​បាត់​ទៅ​ហើយ​។

អ្នក​នាំ​ពាក្យ​សេត​វិមាន លោកស្រី​ខារ៉ូឡាញ ឡេវីត​ សូម​មិន​ឆ្លើយ​នឹង​សំណួរ​ថា​តើ​លោក​ត្រាំ​បាន​សន្ទនា​គ្នា​ជា​មួយ​លោក​ពូទីន​ដែរ​ឬ​ទេ​ពាក់​ព័ន្ធ​នឹង​ដំណឹង​ថា​រុស្ស៊ី​ផ្ដល់​ព័ត៌​មាន​សម្ងាត់​​ឱ្យ​អ៊ីរ៉ង់​។ លោក​ស្រី​ចង់​ទុក​​បញ្ហា​នេះ និង​បញ្ហា​ដទៃ​ទៀត​​​ឱ្យ​លោក​ត្រាំ​ជា​អ្នក​​បក​ស្រាយ​ដោយ​ខ្លួន​លោក​ចុះ​។ អ្នក​សារ​ព័ត៌​មាន​បាន​សាក​សួរ​អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ដើម្បី​ចង់​ដឹង​ថា​​​​ក្រៅ​ពី​ការ​ជួយ​គាំទ្រ​ផ្នែក​នយោបាយ​ និង​ការ​ទូត​ តើ​រុស្ស៊ី​ជួយ​អ្វី​ឱ្យ​លើស​ពី​នេះ​ទៀត​ទេ​?

អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ឆ្លើយ​តប​ថា​អ៊ីរ៉ង់​មិន​បាន​ស្នើ​សុំ​អ្វី​ឱ្យ​លើស​ពី​នេះ​ទេ​។ យើង​បន្ត​ការ​សន្ទនា​គ្នា​ជា​មួយ​អ៊ីរ៉ង់​ ហើយ​នឹង​បន្ត​ការ​សន្ទនា​គ្នាបែប​នេះ​ត​ទៅ​ពេល​អនា​គត​​។ នៅ​ពេល​អ្នក​សារ​ព័ត៌​មាន​សួរ​សង្ខុញ​ដើម្បី​ឱ្យ​អ្នក​នាំ​ពាក្យ​រូប​នេះ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ថា​តើ​រុស្ស៊ី​ពិត​ជា​បាន​ផ្ដល់​ជំនួយ​យោធា និង​ព័ត៌មាន​សម្ងាត់​ដែរ​ឬ​ទេ​? លោក​សូម​មិន​ធ្វើ​អត្ថា​ធិប្បាយ​លើ​បញ្ហា​នេះ​ទេ​។

រុស្ស៊ី​ និង​អ៊ីរ៉ង់​ចាប់​ផ្ដើម​រឹត​បន្តឹង​ទំនាក់ទំនង​ទ្វេ​ភាគី​ដល់​កម្រិត​កំពូល​។ រុស្ស៊ី​ត្រូវ​ការ​ដ្រូន និង​មីស៊ីល​របស់​អ៊ីរ៉ង់​ដើម្បី​យក​ទៅ​ធ្វើ​សង្គ្រាម​ទល់​នឹង​អ៊ុយ​ក្រែន​។ អ៊ីរ៉ង់ទំនង​ជា​មាន​ជំនាញ​ខ្ពស់​ខាង​ផលិត​ដ្រូន​។ តាំង​ពី​ជំនាន់​លោក​បៃដិន ផ្នែក​ស៊ើប​ការណ៍​សម្ងាត់​អាមេរិក​រក​ឃើញ​ថា​អ៊ីរ៉ង់​បាន​ផ្ដល់​ទៅ​ឱ្យ​រុស្ស៊ី​នូវ​ដ្រូន​អត្ត​ឃាត​ និង​ជួយ​បើក​រោង​ចក្រ​ផលិត​ដ្រូន​នៅ​លើ​ទឹក​ដី​រុស្ស៊ី​តែ​ម្ដង​។ អាមេរិក​​ចោទ​​អះ​អាង​​ថា​អ៊ីរ៉ង់​​ក៏​បាន​បញ្ជូន​មីស៊ីល​ផ្លោង​រយៈ​ចម្ងាយ​ខ្លី​ទៅ​ឱ្យ​រុស្ស៊ី​​ផង​ដែរ​។

ដំណឹង​ស្ដី​ពី​រុស្ស៊ី​លួច​ផ្ដល់​ព័ត៌​មាន​សម្ងាត់​ទៅ​ឱ្យ​អ៊ីរ៉ង់​ត្រូវ​បាន​ចុះ​ផ្សាយ​មុន​គេ​​ដោយ​សារ​ព័ត៌​មាន​វ៉ាស៊ីន​តោន​ប៉ុស្តិ៍។ នៅ​ពេល​អ្នក​សារ​ព័ត៌​មាន​សួរ​ថា​តើ​ការ​ទម្លាយ​អាថ៌​កំបាំង​នេះ​អាច​បង្កើត​ការ​មិន​ទុក​ចិត្ត​គ្នា​រវាង​លោក​ត្រាំ និង​លោក​ពូទីន​ដែរ​ឬ​ទេ? ជា​ពិសេស​អ្វី​ដែល​លោក​ត្រាំ​ធ្លាប់​តែ​មាន​ជំនឿ​ថា​អាច​នឹង​មាន​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​នៅ​អ៊ុយ​ក្រែន​? អ្នក​នាំ​ពាក្យ​សេត​វិមាន​ឆ្លើយ​តប​ថា​លោក​ត្រាំ​មុខ​ជា​និយាយ​ថា​សន្តិ​ភាព​នៅ​តែ​អាច​សម្រេច​បាន​​នៅ​អ៊ុយ​ក្រែន​។

នៅ​ក្នុង​សង្គ្រាម​អ៊ីរ៉ង់​លើក​នេះ គេ​ឃើញ​ថា​អ៊ីរ៉ង់​ហាក់​ដូច​ជា​មាន​ក្រឡា​ហក់​ខ្លាំង​ព្រោះ​មាន​ដ្រូន​ទំនើប​ៗ​អាច​ហោះ​ទៅ​វាយ​ប្រហារ​បាន​ឆ្ងាយ​ៗ​ដល់​រាប់​ពាន់​គីឡូ​ម៉ែត្រ​។ ហេតុ​នេះ អាមេរិក​កំពុង​ងាក​ទៅ​ស្នើ​សុំ​ជំនួយ​ពី​អ៊ុយ​ក្រែន​ដើម្បី​ចាត់​ការ​ដ្រូន​របស់​អ៊ីរ៉ង់​ព្រោះ​អ៊ុយ​ក្រែន​មាន​បទ​ពិសោធ​លើ​ផ្នែក​នេះ​ស្រាប់​ និង​មាន​ជោគ​ជ័យ​ក្នុង​ការ​បាញ់​ទម្លាក់​ដ្រូន​អត្ត​ឃាត​របស់​អ៊ីរ៉ង់​ដែល​រុស្ស៊ី​បញ្ជូន​ទៅ​វាយ​ប្រហារ​។ ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន លោក​ហ្សេឡិន​ស្គី​បាន​ទាក់​ទង​ទៅ​បណ្ដា​ប្រទេស​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​ និង​ដែល​រង​ការ​វាយ​ប្រហារ​ពី​អ៊ីរ៉ង់​។ លោក​ថា​លោក​បាន​ទាក់​ទង​ទៅ​អារ៉ាប់​រួម​ កាតា បារ៉ែន​ ហ្សកដង់ និងគូវែត​៕ ប្រភព៖ អេភី (AP) និង​ប្រភព​ដទៃ​ទៀត​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ