ទីក្រុងតេហេរ៉ង់៖ កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួនបានបើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មីម្តងទៀត ដោយប្រើដ្រូន និងមីស៊ីលទំនើបៗ ដែលមានក្បាលគ្រាប់ទម្ងន់ ២ តោន និងល្បឿនលឿនជាងសំឡេងរហូតដល់ទៅ ១៤ ដង។ នេះបើយោងតាមសារព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃទី៦ ខែមីនានេះ។
គោលដៅនៃការវាយប្រហារនេះរួមមាន មូលដ្ឋានទ័ពអាម៉េរិកក្នុងប្រទេសកូវ៉ែត ទីក្រុងតែលអាវីវ ព្រលានយន្តហោះ Ben Gurion និងមជ្ឈមណ្ឌលយោធាក្នុងក្រុងហៃហ្វា ខណៈដែលប្រព័ន្ធការពារអាកាសរបស់អ៊ីស្រាអែលកំពុងមមាញឹកយ៉ាងខ្លាំងក្នុងការស្ទាក់ចាប់មីស៊ីលទាំងនោះ។
ហេតុការណ៍ដ៏ក្ដៅគគុកនេះ គឺជាការសងសឹកជាបន្តបន្ទាប់របស់អ៊ីរ៉ង់ បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលបានបើកការវាយប្រហាររួមគ្នាលើរដ្ឋធានីតេហេរ៉ង់ និងទីក្រុងផ្សេងៗទៀតកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ ជម្លោះដែលកំពុងឆេះសន្ធោសន្ធៅនេះបានឈានចូលដល់រលកទី២២ ហើយ ដែលធ្វើឱ្យតំបន់មជ្ឈិមបូព៌ាទាំងមូលធ្លាក់ក្នុងសភាពវឹកវរ និងប្រឈមមុខនឹងមហាសង្គ្រាម ខណៈដែលភាគីទាំងសងខាងសុទ្ធតែប្រើប្រាស់អាវុធយុទ្ធសាស្ត្រធុនធ្ងន់បំផុតដើម្បីកម្ទេចគ្នាទៅវិញទៅមក៕



ចែករំលែកព័តមាននេះ