រាជធានីភ្នំពេញ ៖ ស្រីស្អាតកំពូលល្បិចម្នាក់ បានកុម្ម៉ង់ទិញម៉ូតូ តាមឆាតបណ្ដាញសង្គមហ្វេសប៊ុក ដោយក្រោយពីចចារតម្លៃត្រូវរ៉ូវគ្នាហើយ បានឲ្យអ្នកលក់ដឹកម៉ូតូយកទៅប្រគល់ឲ្យដល់ផ្ទះ។ ពេលនោះ អ្នកលក់ក៏បានដឹកយកម៉ូតូទៅឲ្យតាមការកុម្ម៉ង់នោះ ហើយពេលដឹកទៅដល់នាងបានឲ្យអ្នកលក់បង្រៀនពីរបៀបជិះ បន្ទាប់មក សុំជិះសាក រួចក៏ជិះទៅបាត់រហូត មិនវិលវិញឡើយ។ ក្រោយមក បុរសអ្នកលក់បានដាក់ពាក្យបណ្ដឹង ហើយនគរបាលខណ្ឌដង្កោ និងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួន បានក្រោយពីនាងគេចខ្លួនបាន១យប់ ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីនៅចំណុចមុខផ្ទះលេខ៧១ ផ្លូវលេខ២បុរីពិភពថ្មីចំការដូង២ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ប៉ុន្តែពុំមែនជាផ្ទះរបស់នាងឡើយ ។
ស្ត្រីជាជនសង្ស័យខាងលើនោះឈ្មោះ អ៊ូច ពេជ្រវល័ក្ខ អាយុប្រហែល២៥ឆ្នាំ ប្រើគណនី Messenger ឈ្មោះ Jenny Luma ។ ដោយឡែកអ្នកលក់ម៉ូតូឈ្មោះ ច្រក់ ហុង ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅនៅផ្ទះលេខCN០៩ ផ្លូវបេតុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ប្រើគណនីឈ្មោះ Big Dream ។
នគរបាល ប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង០៩និង១៥នាទីព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ខណៈលោកច្រក់ ហុងកំពុងតែនៅផ្ទះស្រាប់តែនាង អ៊ូច ពេជ្រវល័ក្ខ បានបានឆាតសួរនាំរកទិញ កូនម៉ូតូត្រៃ ១គ្រឿង ម៉ាក XTL MOTO ពណ៍ស លាយត្រួយចេក គា្មនផ្លាកលេខ (ម៉ូតូគ្មានឯកសារសម្គាល់) ដែលលោក ច្រក់ ហុង បានផុសដាក់លក់ក្នុងតម្លៃ ៧៣០ដុល្លារ (ប្រាំពីររយសាមសិបដុល្លារអាមេរិក) ។ រហូតដល់វេលាម៉ោង១៥និង៣០នាទី រសៀលថ្ងៃដដែល ស្ត្រីស្អាត អ៊ូច ពេជ្រវល័ក្ខ ក៏បានឱ្យលោក ច្រក់ ហុង ដឹកម៉ូតូខាងលើ យកឲ្យខ្លួននៅចំណុចផ្ទះលេខ៧១ ផ្លូវលេខ២ បុរីពិភពថ្មីចំការដូង២ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយអ្នកលក់ក៏យល់ព្រម ។
នគរបាល បានប្រាប់ឲ្យដឹងបន្តទៀតថា លុះដល់វេលាម៉ោង៤និង២០នាទី រសៀលថ្ងៃដដែល ទើបលោក ច្រក់ ហុង ដឹកម៉ូតូនោះទៅដល់ចំណុចមុខផ្ទះខាងលើ ដោយបានទាក់ទងសួរនាំផ្លូវ និងទីតាំងនាងម្នាក់នោះតាមរយៈទូរសព្ទដៃ ហើយពេលទៅដល់បានឃើញនាងនោះ កំពុងឈរចាំ នៅខាងមុខផ្ទះខាងលើនោះមែន ។
ពេលនោះនាង អ៊ូច ពេជ្រវល័ក្ខ បានសុំឲ្យលោក ច្រក់ ហុង បង្រៀនប្រាប់ពីរបៀបជិះម៉ូតូត្រៃ បន្ទាប់មកនាងក៏សុំជិះម៉ូតូនោះសាកមើលមុន និងប្រគល់ប្រាក់ ហើយអ្នកលក់ម៉ូតូរូបនោះ ក៏យល់ព្រម ព្រោះគិតថា នាងជើងល្អម្នាក់នេះ គឺជាម្ចាស់ផ្ទះខាងលើ ហើយក៏ត្រូវនាងជិះយកទៅបាត់រហូតតែម្ដង ។
នគរបាល បានបញ្ជាក់ប្រាប់ឲ្យដឹងបន្ថែមទៀតថា រហូតដល់វេលាម៉ោង១៨និង៣០នាទីល្ងាច ថ្ងៃខែឆ្នាំដដែល នៅតែមិនឃើញស្ត្រីកំពូលល្បិចនេះ យកកូនម៉ូតូត្រៃនោះ ត្រលប់មកប្រគល់ឲ្យវិញ ហើយក៏មិនអាចទំនាក់ទំនងបានទៀតនោះ។ ទើបដឹងថា ចាញ់បោក ហើយនៅវេលាម៉ោង២១និង០០នាទីយប់ ថ្ងៃខែឆ្នាំដដែល លោក ច្រក់ ហុង បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ រៀបរាប់អំពីដំណើរឿងនោះ។ បន្ទាប់មកកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី៦ ខែមីនា ក៏ឈានដល់ការឃាត់ខ្លួនស្រីស្អាតកំពូលល្បិចរូបនោះ បាននាំយកទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់តែម្ដង ៕




ចែករំលែកព័តមាននេះ