ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ស៊ែ​បៃ​ហ្ស​ង់​ ប្រកាស​ត្រៀម​សងសឹក ក្រោយ​រង​ការ​វា.យប្រហារ​ពី​ដ្រូ​ន​អ៊ី​រ៉​ង់​ បណ្តាល​ឱ្យ​មនុស្ស​៤​នាក់​រង​របួស

7 ម៉ោង មុន

ទីក្រុង​បា​គូ ៖ ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់​ប្រកាស​នឹង​សងសឹក​ប្រឆាំង​នឹង​អ្វី​ដែល​ខ្លួន​ហៅ​ថា «​អំពើ​ភេរវកម្ម​» ដោយ​បាន​ចោទប្រកាន់​ថា​ធ្វើ​ឡើង​ដោយ​អ៊ី​រ៉​ង់ បន្ទាប់​ពី​ដ្រូ​ន​២​គ្រឿង​របស់​ប្រទេស​នេះ បាន​វាយប្រហារ​អាកាសយានដ្ឋាន និង​បុក​អគារ​សាលារៀន​មួយ​ក្នុង​តំបន់ Nakhchivan របស់​អា​ស៊ែ​បៃ​ហ្ស​ង់…

ទីក្រុង​បា​គូ ៖ ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់​ប្រកាស​នឹង​សងសឹក​ប្រឆាំង​នឹង​អ្វី​ដែល​ខ្លួន​ហៅ​ថា «​អំពើ​ភេរវកម្ម​» ដោយ​បាន​ចោទប្រកាន់​ថា​ធ្វើ​ឡើង​ដោយ​អ៊ី​រ៉​ង់ បន្ទាប់​ពី​ដ្រូ​ន​២​គ្រឿង​របស់​ប្រទេស​នេះ បាន​វាយប្រហារ​អាកាសយានដ្ឋាន និង​បុក​អគារ​សាលារៀន​មួយ​ក្នុង​តំបន់ Nakhchivan របស់​អា​ស៊ែ​បៃ​ហ្ស​ង់ នៅ​តាម​ព្រំដែន​ជាមួយ​អ៊ី​រ៉​ង់ បង្ក​ឱ្យ​ជន​ស៊ី​វិល ៤ នាក់​រង​របួស កាលពី​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២៦​។

ទោះ​យ៉ាងណា​ក៏​ដោយ ទីក្រុង​តេ​ហេ​រ៉​ង់​បាន​បដិសេធ​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​វាយប្រហារ​នេះ​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន Reuters, France24 និង Euronews បាន​ចេញផ្សាយ​។

ប្រធានាធិបតី​អា​ស៊ែ​បៃ​ហ្ស​ង់ លោក អ៊ី​ល​ហាំ អា​លី​យ៉ូ​វ (Ilham Aliyev) បាន​ប្រាប់​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ថា «​ថ្ងៃនេះ អំពើ​ភេរវកម្ម​មួយ​ត្រូវ​បាន​អនុវត្ត​ពី​ភាគី​អ៊ី​រ៉​ង់​ប្រឆាំង​នឹង​ទឹកដី​អា​ស៊ែ​បៃ​ហ្ស​ង់​»​។ លោក​បាន​បន្ថែម​ថា «​យោធា​អា​ស៊ែ​បៃ​ហ្ស​ង់​ត្រូវ​បាន​ណែនាំ​ឱ្យ​រៀបចំ និង​អនុវត្ត​វិធានការ​សងសឹក ព្រមទាំង​ដាក់​ការ​ចល័ត​កងកម្លាំង​នៅ​កម្រិត​លេខ ១ ហើយ​ត្រូវ​តែ​ត្រៀមខ្លួន ដើម្បី​ធ្វើ​ប្រតិបត្តិការ​ណាមួយ​ភា្ល​ម​ៗ»​។

ក្រសួងការពារជាតិ​អា​ស៊ែ​បៃ​ហ្ស​ង់​បាន​បញ្ជាក់​ថា ការ​វាយប្រហារ​នេះ នឹង​មិន​អាច​គ្មាន​ចម្លើយ​នោះ​ទេ​។ ដោយ​បន្ថែម​ថា ខ្លួន​កំពុង​ស៊ើបអង្កេត​ប្រភេទ​ដ្រូ​ន​ដែល​ប្រើ​ក្នុង​ការ​វាយប្រហារ និង​រៀបចំ​វិធានការ​ឆ្លើយ​តប​ចាំបាច់ ដើម្បី​ការពារ​បូរណភាព​ទឹកដី អធិបតេយ្យភាព​ជាតិ និង​ធានា​សុវត្ថិភាព​របស់​ជន​ស៊ី​វិល និង​ហេដ្ឋារចនាសម្ព័ន្ធ​ជន​ស៊ី​វិល​។

ជុំវិញ​ការ​ចោទប្រកាន់​នេះ អនុរដ្ឋមន្ត្រី​ការ​បរទេស​អ៊ី​រ៉​ង់ លោក កា​ហ្សេ​ម ហ្គា​រី​បា​បា​ឌី (Kazem Gharibabadi) បាន​បដិសេធ​ថា អ៊ី​រ៉​ង់​មិន​បាន​កំណត់​គោលដៅ​ទៅ​លើ​តំបន់ Nakhchivan នោះ​ទេ​។ ដោយ​លោក​បាន​ប្រាប់​សារព័ត៌មាន​អា​ស៊ែ​បៃ​ហ្ស​ង់ AnewZ ថា អ៊ី​រ៉​ង់​មិន​វាយប្រហារ​ប្រទេស​ជិតខាង​ខ្លួន​នោះ​ទេ​។

ដោយឡែក រដ្ឋមន្ត្រី​ការ​បរទេស​អ៊ី​រ៉​ង់ លោក អា​បាស អា​រ៉ា​ជី (Abbas Araghchi) បាន​ចោទប្រកាន់​អ៊ី​ស្រា​អែ​ល​ថា​បាន​បើក​ការ​វាយប្រហារ ដើម្បី​បំផ្លាញ​ទំនាក់ទំនង​របស់​អ៊ី​រ៉​ង់​ជាមួយ​ប្រទេស​ជិតខាង​ភាគ​ខាងជើង​របស់​ខ្លួន​។

ក្រោយ​ការ​ហៅ​ទូរស័ព្ទ​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​អា​ស៊ែ​បៃ​ហ្ស​ង់ និង​អ៊ី​រ៉​ង់​នោះ ក្រសួងការបរទេស​អា​ស៊ែ​បៃ​ហ្ស​ង់​បាន​ទាមទារ​ឱ្យ​អ៊ី​រ៉​ង់​បញ្ជាក់​បញ្ហា​នេះ​ក្នុង​រយៈពេល​ដ៏​ខ្លី​បំផុត ផ្តល់​ការ​ពន្យល់ និង​ចាត់វិធានការ​បន្ទាន់​ចាំបាច់​ដើម្បី​ការពារ​ឧប្បត្តិហេតុ​បែប​នេះ​មិន​ឱ្យ​កើតឡើង​វិញ​នា​ពេល​អនាគត ដោយ​បន្ថែម​ថា ឧប្បត្តិ​ហេតុនេះ រួមចំណែក​ដល់​ភាព​តានតឹង​កើនឡើង​នៅ​ក្នុង​តំបន់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ