ខេត្តបាត់ដំបង ៖ ភ្លៀងដែលមានលាយឡំជាមួយនឹងខ្យល់កន្ត្រាក់យ៉ាងខ្លាំងក្លាមួយប្រាវផង បានប៉ះទង្គិចទៅលើឃុំចំនួន០២ក្នុងស្រុកបាណន់ បំផ្លិចបំផ្លាញលំនៅឋានរបស់ប្រជាពលរដ្ឋឲ្យអស់ប្រហែល២០ខ្នង កាលពីរសៀលថ្ងៃទី០៥ មីនា តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ ។

មន្ត្រីស្រុកបាណន់បានឲ្យដឹងថា ភ្លៀងបានធ្លាក់ខ្លាំងគួរសម លាយឡំជាមួយនឹងខ្យល់កន្ត្រាក់យ៉ាងខ្លាំងក្នុងរយៈពេលខ្លី ធ្វើឲ្យខូចខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋអស់ជាច្រើនខ្នង តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ ។ របាយការណ៍បឋមបានឲ្យដឹងថា ឃុំចំនួន០២ ដែលទទួលរងនូវបាតុភូតធម្មជាតិនេះ គឺឃុំស្នឹង ខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋអស់១០ខ្នង ដែលប៉ះទៅលើភូមិរំជៃ ភូមិស្នឹងកើត និងភូមិព្រះស្រែ ។

ដោយឡែក នៅ ឃុំភ្នំសំពៅ បានប៉ះទង្គិចទៅលើភូមិចំនួន០៣ដែរ គឺភូមិក្រពើត្បូង ភូមិកំប៉ូវ និងភូមិភ្នំសំពៅកើត ដែលខូចខាតផ្ទះសរុបអសចំនួន១០ខ្នង ។ បើតាមមន្ត្រីមូលដ្ឋានបានបញ្ជាក់ថា ផ្ទះសម្បែងដែលរងការខូចខាតនេះ ភាគច្រើនរបើកដំបូល ហើយផ្ទះខ្លះត្រូវដើមឈើរលំសង្កត់លើ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ ។ មន្ត្រីជំនាញបាននិយាយថា នេះជាលើកទី២ ហើយដែលភ្លៀងកក់ខែ អមជាមួយខ្យល់កន្ត្រាក់យ៉ាងក្លាវាយប្រហារមកលើភូមិសាស្ត្រនានា ក្នុងខេត្តបាត់ដំបង ។

កាលពីម្សិលមិញ (០៥.០៣.២៦) ភ្លៀងធ្លាក់ស្ទើរគ្រប់ទីកន្លែង តែមានតិចមានខ្លាំងតាមតំបន់ ។
ដោយឡែក នៅស្រុកបាណន់ ភ្លៀងខ្លាំងបានប៉ះទង្គិចទៅលើឃុំស្នឹង និងឃុំភ្នំសំពៅ ដែលមានលាយឡំជាមួយនឹងខ្យល់កន្ត្រាក់យ៉ាងខ្លាំងក្លាផង តែក្នុងរយៈពេលខ្លី ដែលធ្វើឲ្យខូចខាតលំនៅឋានរបស់ប្រជាពលរដ្ឋអស់ជាច្រើផនខ្នង នៅឃុំភ្នំសំពៅ និងឃុំស្នឹង ។

កាលពីល្ងាចថ្ងៃទី ១៤ មីនា ខ្យល់កន្ត្រាក់នារដូវប្រាំងនេះ បានវាយប្រហារម្ដងហើយនៅឃុំបួរ ស្រុកភ្នំព្រឹក ដែលធ្វើឲ្យខូចខាតផ្ទះប្រជាពលរដ្ឋអសជាច្រើនខ្នងដែ៛ រហូតមានមួយចំនួនរងការខូចខាតធ្ងន់ធ្ងរ ដួលរាបដល់ដី ។ បើតាមមន្ទីរធនធានទឹក និងឧតុនិយមខេត្តបានប្រកាសជូនដំណឹងហើយថា អាកាសធាតុដ៏អាក្រក់នេះ អាចបន្តរហូតដល់ថ្ងៃទី ០៦ មិនា ទើបថមថយវិញ ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋត្រូវតែមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតគ្រោះធម្មជាតិនេះ ៕


ចែករំលែកព័តមាននេះ