រាជធានីភ្នំពេញ ៖ នៅពេលសង្គ្រាមកន្លងមក យោធាថៃមានគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងប្រភេទគ្រាប់បានប្រើប្រាស់សរុប១២២៣គ្រាប់ ត្រូវបានរកឃើញនៅក្នុងបរិវេណប្រាសាទព្រះវិហារ ។ នេះបើតាមមន្ត្រីអង្គភាពស៊ីម៉ាក់ប្រាប់គណៈប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបន្តចុះត្រួតពិនិត្យស្ថានការណ៍ជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា គណៈប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបន្តចុះត្រួតពិនិត្យស្ថានការណ៍ជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ។

លោកជំទាវបានលើកឡើងថា កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១០:៣៥នាទីព្រឹក ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនគណៈប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីត្រួតពិនិត្យជាក់ស្តែងនូវគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបានបន្សល់ពីសកម្មភាពវាយប្រហាររបស់យោធាថៃមកលើកម្ពុជា កាលពីឆ្នាំ២០២៥កន្លងទៅ និងស្ថានការណ៍នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ ដែលបានចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ។

បើតាមលោកជំទាវអ្នកនាំពាក្យបានឲ្យដឹងថា នៅចំពោះមុខគណៈប្រតិភូមន្ត្រីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានធ្វើបទបង្ហាញជូនគណៈប្រតិភូទាំង១២ប្រទេស អំពីប្រភេទគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងប្រភេទគ្រាប់បានប្រើប្រាស់ មានចំនួនសរុប១២២៣គ្រាប់ ត្រូវបានរកឃើញនៅក្នុងបរិវេណប្រាសាទព្រះវិហារ ដែលជាគ្រាប់របស់យោធាថៃបានប្រើប្រាស់ក្នុងអំឡុងពេលវាយប្រហារមកលើប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលជាមរតកវប្បធម៌ប្រវត្តិសាស្ត្រដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរ ។

សូមគូសបញ្ជាក់បន្ថែមផងដែរថា សកម្មភាពបោសសម្អាតគ្រាប់សំណល់យុទ្ធភណ្ឌសង្គ្រាមរបស់មជ្ឈមណ្ឌលស៊ីម៉ាក់ (CMAC) ត្រូវបានអនុវត្តឡើងតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងបានកំណត់ថាជាកិច្ចការចាំបាច់អាទិភាព ក្នុងការធានាបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋ ៕





ចែករំលែកព័តមាននេះ