រាជធានីភ្នំពេញ ៖ កូនផ្សោតទើបកើតថ្មី ១ក្បាលដែលមានអាយុប្រមាណជា២ថ្ងៃ ត្រូវបានប្រទះឃើញនៅវេលាម៉ោង៩និង៥០នាទីព្រឹក នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ដោយក្រុមការងារស្រាវជ្រាវខណ្ឌរដ្ឋបាលជលផលក្រចេះ និងក្រុមការងារអង្គការ WWF ប្រចាំខេត្តក្រចេះ នៅត្រង់ចំណុចអន្លង់ អន្ទង់វៀន ស្ថិតក្នុងអន្លង់ផ្សោតកាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។នេះបើតាមការឲ្យដឹងពីក្រសួងកសិកម្មរុក្ខាប្រមាញនិង នេសាទ ។
ប្រភពបានលើកឡើងថា បើតាមក្រុមអ្នកស្រាវជ្រាវ កូនផ្សោតនេះមានសុខភាពល្អ និងស្ថិតក្នុងក្រុមផ្សោតធំ ដែលមានចំនួនប្រាំពីរក្បាល ។ ក្នុងនោះនៅជាមួយផ្សោតពេញវ័យលេខ៨១ ។ ក្រសួងបានបញ្ជាក់ថា ៖ នេះជាកូនផ្សោតកើតថ្មីទី២ ហើយ នៅក្នុងឆ្នាំ២០២៦នេះ ខណៈកូនផ្សោតទី១ ត្រូវបានអង្កេត និងថតរូប បានកាលពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅ ។
តាមរយៈកំណើតកូនផ្សោតថ្មីនេះចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជាកើនឡើងដល់១១៤ក្បាល ។
ជាការកត់សម្គាល់ វត្តមាននៃកូនផ្សោតថ្មីនៅអន្លង់កាំពីនេះ កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលគណៈកម្មការអភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍សត្វផ្សោតទន្លេមេគង្គ បើកកិច្ចប្រជុំរបស់ខ្លួន នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ។
កិច្ចប្រជុំដែលរៀបចំធ្វើនៅក្រុងក្រចេះនេះនឹងក្លាយជាវេទិកាដ៏សំខាន់សម្រាប់គ្រប់ភាគីពាក់ព័ន្ធ ពិនិត្យឡើងវិញនូវលទ្ធផលនៃការងារដែលសម្រេចបាននាពេលកន្លងមក និងពិគ្រោះយោបល់ ព្រមទាំងដាក់ផែនការសម្រាប់ពេលអនាគត ក្នុងគោលដៅធ្វើយ៉ាងណាគ្រប់គ្រង ការពារ និងអភិរក្ស សត្វផ្សោតទន្លេមេគង្គដែលជារតនសម្បត្តិរបស់កម្ពុជា និងជាដង្ហើមនៃទន្លេមេគង្គ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ៕
ចែករំលែកព័តមាននេះ