ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រសួង​ការងារ៖ ការបើក​សិក្ខាសាលា គោលដៅ​សំខាន់ ​ក្នុង​ការ​ពិនិត្យ​វឌ្ឍនភាព​ស្រាវជ្រាវ និង​ប្រមូល​មតិ ​ស្ថាបនា​ពី​ភាគី​ពាក់ព័ន្ធ

1 នាទី មុន

រាជធានីភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២៦ នៅ​សណ្ឋាគារ សាន់ & ម៉ូ​ន រី​វើ​សាយ លោក​ជំទាវ…

រាជធានីភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២៦ នៅ​សណ្ឋាគារ សាន់ & ម៉ូ​ន រី​វើ​សាយ លោក​ជំទាវ សុវណ្ណ វ​ណ្ណា​រតន៍ រដ្ឋលេខាធិការ​ប្រចាំការ តំណាង​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អញ្ជើញ​បើកកម្មវិធី​សិក្ខាសាលា ​ស្តី​ពី «​ការ​ពង្រឹង​ប្រសិទ្ធភាព​យន្តការ​បង្ការ និង​ដោះស្រាយ​វិវាទ​ការងារ​នៅ​កម្ពុជា​» ដោយ​មានការ​ចូលរួម​ពី​សំណាក់​លោក Shin Hochul ប្រធាន​ទីប្រឹក្សាបច្ចេកទេស នៃ​គម្រោង ILO-Korea ព្រមទាំង​តំណាង​អង្គការ ILO សេវា​ការងារ និង​មុខរបរ​កូរ៉េ (KLES) ភាគី​និយោជក និង​អង្គការ​វិជ្ជាជីវៈ ​របស់​កម្មករនិយោជិត​ជា​ច្រើន​រូប​ទៀត ​។

ក្នុង​ឱកាស​នេះ លោក​ជំទាវ​រដ្ឋលេខាធិការ​ប្រចាំការ បាន​បញ្ជាក់​ថា​សិក្ខាសាលា​នេះ​ មាន​គោលដៅ​សំខាន់​ក្នុង​ការ​ពិនិត្យ​វឌ្ឍនភាព​ស្រាវជ្រាវ និង​ប្រមូល​មតិ​ស្ថាបនា​ពី​ភាគី​ពាក់ព័ន្ធ ដើម្បី​ធានា​ថា​ការ​សិក្សា​នេះ​ឆ្លុះ​បញ្ចាំង​ពី​តថភាព​ជាក់ស្តែង​ នៅ​តាម​សហគ្រាស និង​ក្លាយជា​ឯកសារយោង​ដ៏​រឹង​មាំ​សម្រាប់​កសាង​ទំនុកចិត្ត និង​ពង្រឹង​កិច្ចសហការ​ ក្នុង​ចំណោម​ដៃគូ​ត្រីភាគី​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ​។

ជាមួយ​គ្នា​នេះ លោក​ជំទាវ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អង្គការ ILO និង​រដ្ឋាភិបាល​កូរ៉េ ដែល​តែងតែ​គាំទ្រ​ដល់​សុខដុម​នី​យ​កម្ម​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា ហើយ​លោក​ជំទាវ​បាន​វាយតម្លៃ​ខ្ពស់​ ចំពោះ​ជោគជ័យ​នៃ​គម្រោង​កិច្ច​សន្ទនា​សង្គម ដែល​បាន​រៀបចំ​ជា​របាយការណ៍​លទ្ធផល​សម្រាប់​ឆ្លើយ​តប​ឱ្យទាន់​ពេលវេលា​តាម​តម្រូវការ​របស់​ត្រីភាគី ជា​ពិសេស​វិស័យ​ឯកជន និង​បងប្អូន​កម្មករនិយោជិត​។ លោក​ជំទាវ​បាន​សង្កត់ធ្ងន់​ថា ភាព​ចាស់ទុំ​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​បច្ចុប្បន្ន គឺជា​លទ្ធផល​នៃ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ត្រូវ​បាន​បន្ត​ជំរុញ​យ៉ាង​សកម្ម​ក្នុង​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការ​ដឹកនាំ​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​រយៈ​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ ដែល​ចាត់​ទុក​ការ​បង្កើន​ប្រសិទ្ធភាព​ដោះស្រាយ​វិវាទ និង​យុទ្ធនាការ «​សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ​» ជា​សូចនាករ​គន្លឹះ​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ និង​ធានា​កំណើនសេដ្ឋកិច្ច​ ។

ចំពោះ​ទិដ្ឋភាព​ច្បាប់ និង​បច្ចេកទេស លោក​ជំទាវ​រដ្ឋលេខាធិការ បាន​លើក​ឡើង​ថា កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​ចំនួន ១៣ និង​បាន​ធ្វើ​បច្ចុប្បន្នភាព​ច្បាប់​ស្តី​ពី​ការងារ​ឆ្នាំ​២០២២ ដោយ​ផ្តល់​សមត្ថកិច្ច​បន្ថែម​ដល់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ក្នុង​ការ​ដោះស្រាយ​វិវាទ​បុគ្គល​។ ជា​លទ្ធផល​ដ៏​គួរ​ឱ្យ​មោ​ទ​នៈ អត្រា​ផ្សះផ្សា​សះជា​បាន​កើនឡើង​ដល់ ៩៧,៩% ក្នុង​ឆ្នាំ​២០២៥ តាម​រយៈ​ការ​ខិតខំ​ពង្រឹងសមត្ថភាព​មន្ត្រី​ដោយ​វិទ្យាស្ថាន​ជាតិ​ការងារ​ ។ ទន្ទឹម​នឹង​នេះ លោក​ជំទាវ​បាន​សង្កត់ធ្ងន់​លើ​ស្មារតី​បង្ការ​វិវាទ ដោយ​អនុវត្ត​តាម​ពាក្យស្លោក​បុរាណ «​ប្រហែស​បាត់ ប្រយ័ត្ន​គង់​» និង «​កុំ​ចាំ​សេះ​បាត់ ទើប​ធ្វើ​របង​» ព្រមទាំង​បាន​ណែនាំ​ឱ្យ​អង្គ​សិក្ខាសាលា ​យកចិត្តទុកដាក់​ផ្ទៀងផ្ទាត់​ភាព​ត្រឹមត្រូវ​នៃ​ទិន្នន័យ និង​តម្លាភាព​នៃ​ប្រព័ន្ធ​ទាំងមូល​ ។

ទន្ទឹម​នឹង​នេះ​ដែរ លោក Shin Hochul តំណាង​គម្រោង ILO-Korea បាន​សម្ដែង​នូវ​ក្ដី​សង្ឃឹមថា ត្រីភាគី​កម្ពុជា​នឹង​យក​លទ្ធផល​ពិភាក្សា​នេះ​ទៅ​កែ​ច្នៃ​ជា​ផែនការ​សកម្មភាព​ជាក់ស្តែង ដោយ​លោក​បាន​ប្តេជ្ញា​ថា ILO-Korea នឹង​បន្ត​ដើរតួ​ជា​អ្នកសម្របសម្រួល​បច្ចេកទេស និង​គាំទ្រ​ដល់​ការ​អនុវត្ត​ផ្ទាល់​នៅ​តាម​មូលដ្ឋាន ដើម្បី​បង្កើត​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ពិតប្រាកដ​ ៕ អត្ថបទសហការ