រាជធានីភ្នំពេញ ៖ លោក កែវ រតនៈ បានគូសបញ្ជាក់ថា សង្គ្រាមដែលកំពុងផ្ទុះឡើងនៅមជ្ឈិមបូព៌ា បានបង្កឱ្យមានការព្រួយបារម្ភជាសកល ជុំវិញតម្លៃប្រេងឥន្ធន: និងឧស្ម័ន ដែលការណ៍នេះអាចនឹងជះឥទ្ធិពលមកដល់កម្ពុជា ខណៈការផ្គត់ផ្គង់វិញនៅមិនទាន់មានសញ្ញាណាមួយ ដែលប៉ះពាល់ភ្លាមៗឡើយ ។ នេះបើយោងតាមផេកក្រសួងព័ត៌មាន បានប្រកាសនាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ។
ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ លោក កែរ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានសង្កត់ធ្ងន់ថា ប្រេងឥន្ធន: និងឧស្ម័ន ប្រមាណជាង២០% ត្រូវបានចរាចរណ៍ឆ្លងកាត់តំបន់មជ្ឈិមបូព៌ា ពោលតាមច្រកសមុទ្រ Hormuz ខណៈដែលថ្មីៗនេះប្រទេសអ៊ីរ៉ង់ បានប្រកាសគំរា.មកំហែ.ង បាញ់នាវាណា ដែលឆ្លងកាត់តាមតំបន់នេះដែលនឹងប៉ះពាល់ភ្លាមៗតែម្តង ដល់ការផ្គត់ផ្គង់ប្រេងអន្តរជាតិទាំងមូល មិនមែនតែកម្ពុជានោះទេ ពោលទាំងអឺរ៉ុប, ចិន និងឥណ្ឌាជាដើម សុទ្ធតែប៉ះពាល់ ហើយទាំងអស់នេះ គឺជាអ្វីដែលជាការព្រួយបារម្ភរបស់ពិភពលោក ក៏ដូចជា ការព្រួយបារម្ភរបស់កម្ពុជាផងដែរ ។

លោក កែវ រតនៈ បានពន្យល់ថា ប្រទេសកម្ពុជា ក៏ដូចជាប្រទេសជាច្រើនទៀតក្នុងតំបន់ និងពិភពលោក គឺជាប្រទេសដែលនាំចូលថាមពល ជាពិសេសប្រេង និងឧស្ម័នតែម្តង ដែលកត្តានេះ នឹងនាំឱ្យតម្លៃប្រេង មានការហក់ឡើង ។
តែយ៉ាងណាក៏ដោយ ក៏ឯកឧត្តមរដ្ឋមន្ត្រី បង្ហាញការព្រួយបារម្ភជារួមថា បើទោះមិនប៉ះពាល់ជាមួយនឹងការផ្គត់ផ្គង់យ៉ាងណាក៏ដោយ ក៏ប៉ុន្តែតម្លៃប្រេងឥន្ធន: ក្នុងការនាំចូលមកកម្ពុជា និងមានការកើនឡើង ខណៈបច្ចុប្បន្នតម្លៃនៅមិនទាន់មានការប្រែប្រួល ក៏ប៉ុន្តែនឹងអាចមានការហក់ឡើង នៅពេលដែលការនាំចូលប្រេងថ្មី (ស្តុកថ្មី) មកដល់ ។
បន្ថែមលើនេះ លោករដ្ឋមន្ត្រី កែវ រតនៈ គូសបញ្ជាក់ថា ដោយសារតែជាកង្វល់រួមរបស់ពិភពលោក រួមទាំងកម្ពុជាផងនោះ ទើបគ្រប់បណ្តាប្រទេសទាំងអស់ បានអំពាវនាវ ឱ្យគូភាគីក្នុងជម្លោះ ឆាប់ងាកទៅរកតុចរចា ដើម្បីរកសន្តិភាពឡើងវិញ ពីព្រោះសង្គ្រាម នឹងប៉ះពាល់ទាំងអស់គ្នា ៕
ចែករំលែកព័តមាននេះ