ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យលួចម៉ូតូ២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងច្បារមនស្រាវជ្រាវ និងឃាត់ខ្លួន ខណៈដែលក្រុមជនសង្ស័យខាងលើ បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះពីខេត្តកំពត ហើយមកស្នាក់នៅលាក់ខ្លួនក្នុងបន្ទប់ជួលមួយកន្លែងក្នុងក្រុងច្បារមន ។

មន្ត្រីកងរាជអាវុធហត្ថក្រុងច្បារមនបានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនក្រុមជនសង្ស័យលួចម៉ូតូខាងលើបាន ដោយយោងតាមពាក្យបណ្ដឹងផ្ទាល់មាត់របស់ជនរងគ្រោះឈ្មោះ យួន ឡាន់ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងបី ឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត បានប្ដឹងទៅលើឈ្មោះ ខា សុខគីន ដែលបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ខ្លួនម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត ១K-៧០៦៥ នៅខេត្តកំពត ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ ។

មន្ត្រីកងរាជអាវុធហត្ថក្រុងច្បារមនបានបន្តថា ក្រោយពីបានទទួលព័ត៌មាន និងដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ។ នៅវេលាម៉ោង៩និង៣២នាទីព្រឹក ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យ និងឃាត់ខ្លួនជនសង្ស័យបាន២នាក់ នៅចំណុចផ្ទះជួល ស្ថិតនៅក្នុងភូមិផ្សារចាស់ សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

មន្ត្រីកងរាជអាវុធហត្ថក្រុងច្បារមនបានបញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួនបានម្នាក់ឈ្មោះ ខា សុខគីន ហៅខេន ភេទប្រុស អាយុ១៧ឆ្នាំ ជាសន្តិសុខរោងចក្រ មានទីលំនៅបច្ចុប្បន្នភូមិបូរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងម្នាក់ទៀតឈ្មោះ ម៉ៅ តុង ហៅសាក់ ភេទប្រុស អាយុ២៧ឆ្នាំ ជាជាងចាក់សាក់ មានទីលំនៅបច្ចុប្បន្នភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ ។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ កម្លាំងជំនាញដកហូតវត្ថុតាងម៉ូតូ១គ្រឿង ម៉ាកហុងដា ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត ១K-៧០៦៥ ដែលជារបស់ជនរងគ្រោះ ។ បច្ចុប្បន្នក្រុមជនសង្ស័យរួមជាមួយនឹងវត្ថុតាង បានបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ