ខេត្តព្រៃវែង ៖ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងបង្ហាញពីសក្ដានុពលវប្បធម៌ក្នុងមូលដ្ឋាន រដ្ឋបាលឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជិតឆ្ងាយ អោយមកទស្សនាកម្សាន្តនៅ «ប្រាសាទព្រៃដើមស្រុក» ឱ្យបានច្រើន។
លោក ហ៊ន់ ហាក់ ជំទប់ឃុំទី១ ឃុំព្រៃទឹង បានឲ្យដឹងថា ប្រាសាទនេះនៅឆ្ងាយពីទីរួមខេត្តប្រមាណជា 40 គីឡូម៉ែត្រប៉ុណ្ណោះ តែសព្វថ្ងៃមិនសូវមានអ្នកដំណើរពីស្រុកឆ្ងាយមកលេងនោះទេ មានតែអ្នកស្រុកភូមិប៉ុណ្ណោះ។
លោក ជំទប់ឃុំទី១ បានបន្ថែមថា ការអញ្ជើញមកលេងរបស់បងប្អូន មិនត្រឹមតែនាំមកនូវភាពសប្បាយរីករាយនិងអ៊ូអរប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងរួមចំណែកយ៉ាងធំធេង ក្នុងការផ្សព្វផ្សាយ និងថែរក្សាការពារសម្បត្តិវប្បធម៌នៅក្នុងស្រុកស៊ីធរកណ្ដាលនេះ ឱ្យកាន់តែមានភាពល្បីល្បាញផងដែរ ។
ប្រាសាទព្រៃដើមស្រុក ធ្វើពីថ្មកំពស់ 7 ម៉ែត្រ សាងសង់ឡើងដោយព្រះបាទឥសានវរ្ម័នទី 1 ក្នុងឆ្នាំ 633 នៃគ្រឹស្តសករាជ។ ប្រាសាទនេះមិនត្រឹមតែជាសំណង់ថ្មដ៏រឹងមាំប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងដែលបង្កប់នូវជំនឿសក្ការៈ និងភាពត្រជាក់ត្រជុំ ស័ក្តិសមសម្រាប់អ្នកដែលចង់មកបួងសួងសុំសេចក្តីសុខសប្បាយ។
ពេលមកលេងកម្សាន្តនៅប្រាសាទព្រៃដើមស្រុកនេះ ភ្ញៀវទេសចរណ៍និងបានធ្វើដំណើរឆ្លងកាត់វាលស្រែខៀវស្រងាត់ និងភូមិឋានដ៏សុខសាន្ត មុននឹងទៅដល់ទីតាំងប្រាសាទ ដែលផ្តល់នូវអារម្មណ៍ស្រស់ស្រាយ ខុសប្លែកពីភាពអ៊ូអរក្នុងក្រុង។
ជាមួយគ្នានេះខាងអាជ្ញាធរ ក៏បានយកចិត្តទុកដាក់ខ្ពស់លើការរៀបចំបរិស្ថានជុំវិញឱ្យមានសណ្តាប់ធ្នាប់ល្អ និងធានាបាននូវសុវត្ថិភាពខ្ពស់សម្រាប់ភ្ញៀវទេសចរគ្រប់រូបផងដែរ៕






ចែករំលែកព័តមាននេះ