ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុព័ន្ធយោធា​បរទេស​ប្រចាំ​កម្ពុជា បន្ត​ទៅពិនិត្យនៅ​​ប្រាសាទព្រះវិហារ និង​តំបន់​ជុំវិញ​ ដែល​រង​ការ​ខូចខាត​ដោយ​ការ​វាយប្រហារ​របស់​យោធា​ថៃ

8 ម៉ោង មុន

ខេត្តព្រះវិហារ ៖ គណៈប្រតិភូ​អនុព័ន្ធយោធា​បរទេស ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ទាំង​១២​ប្រទេស បន្ត​អញ្ជើញ​ទៅ​កាន់​តំបន់​ប្រាសាទព្រះវិហារ និង​តំបន់​ជុំវិញ ដែល​រង​ការ​ខូចខាត​យ៉ាងដំណំ ដោយសារ​ការ​វាយប្រហារ​ពី​សំណាក់​យោធា​ថៃ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងការពារជាតិ…

ខេត្តព្រះវិហារ ៖ គណៈប្រតិភូ​អនុព័ន្ធយោធា​បរទេស ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ទាំង​១២​ប្រទេស បន្ត​អញ្ជើញ​ទៅ​កាន់​តំបន់​ប្រាសាទព្រះវិហារ និង​តំបន់​ជុំវិញ ដែល​រង​ការ​ខូចខាត​យ៉ាងដំណំ ដោយសារ​ការ​វាយប្រហារ​ពី​សំណាក់​យោធា​ថៃ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងការពារជាតិ ។

លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែមីនា ឆ្នាំ​២០២៦ វេលា​ម៉ោង ១១:១០​នាទី​ព្រឹក ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្របសម្រួល​ជូន​គណៈប្រតិភូ​អនុព័ន្ធយោធា​បរទេស ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ទាំង​១២​ប្រទេស អញ្ជើញ​ទៅ​កាន់​តំបន់​ប្រាសាទព្រះវិហារ និង​តំបន់​ជុំវិញ ស្ថិត​នៅ​ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដ៏​មាន​តម្លៃ​បំផុត​របស់​មនុស្សជាតិ ដែល​រង​ការ​ខូចខាត​យ៉ាងដំណំ ដោយសារ​ការ​វាយប្រហារ​ពី​សំណាក់​យោធា​ថៃ ។

សូម​គូសបញ្ជាក់​ផង​ដែរ​ថា សកម្មភាព នៃ​វាយប្រហារ​ទាំង​ពីរ​លើក​ដោយ​សព្វាវុធ​ធុន​ធ្ងន់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ជា​ពិសេស​ការ​ទម្លាក់​គ្រាប់បែក​ពីលើ​អាកាស ចេញពី​យន្តហោះ​គ្មាន​មនុស្ស​បើក និង​យន្តហោះ​ចម្បាំង ដែល​បាន​បាញ់​សំដៅ​មក​លើ​ប្រាសាទព្រះវិហារ​ពី​សំណាក់​យោធា​ថៃ បាន​ធ្វើ​ឱ្យ​ប៉ះពាល់ និង​បំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​បំផុត​លើ​រចនាសម្ព័ន្ធ​ផ្ទាល់​របស់​បេតិកភណ្ឌ​ពិភពលោក ប្រាសាទព្រះវិហារ និង​បរិវេណ​ជុំវិញ ដែល​ទ​ង្វើ​នេះ​បាន​បង្ហាញ​ពី​ភាព​អ​សីលធម៌ បង្ហាញ​ពី​ការ​ប្រមាថ​មាក់ងាយ​ដល់​វប្បធម៌ អរិយធម៌ និង​ទី​សក្ការៈ ដែល​ជា​មរតក​មនុស្សជាតិ ជា​ពិសេស​ជា​មរតក​វប្បធម៌ ដែល​ដូនតា​ខ្មែរ​បាន​កសាង​បន្សល់​ទុក​ដ៏​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន ។

បើ​យោង​តាម​រយៈ​ការ​កត់ត្រា​ចងក្រង​ពី​ការ​ខូចខាត​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ឃើញ​ថា ការ​កត់ត្រា​ចងក្រង​ពី​ការ​ខូចខាត ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ បង្ហាញ​អំពី​ការ​ខូចខាត​ធ្ងន់ធ្ងរ​លើស​ពី​អ្វី​ដែល​បាន​កត់​ត្រាទុក​នៅ​ក្នុង​ខែកក្កដា ឆ្នាំ​២០២៥​។ យោង​តាម​ភស្តុ​តាង​រូបថត និង​វី​ដេ​អូ​ដែល​ប្រមូល​បាន​ដោយ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ ក្នុងអំឡុងពេល​បេសកកម្ម​ចងក្រង​ឯកសារ​នា​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០២៥ មាន ៥៦២​កន្លែង ដែល​ប្រាសាទព្រះវិហារ​បាន​ទទួល​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ។

ក្នុង​នាម​ជា​រដ្ឋ ដែល​គោរព​ច្បាប់ និង​មានការ​ទទួលខុសត្រូវ​ខ្ពស់ កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ និង​គោលការណ៍​ជា​មូលដ្ឋាន​របស់​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ធម្មនុញ្ញ​អាស៊ាន ដោយ​ប្រឆាំង​ជា​ដាច់ខាត​ការ​គំរាម​ឬ​ការ​ប្រើប្រាស់​កម្លាំង សំដៅ​សម្រេច​ឱ្យ​បាន​នូវ​ដំណោះស្រាយ​មួយ​ដែល​យុត្តិធម៌ មិន​លម្អៀង និង​យូរអង្វែង ដែល​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​អាច​រួមរស់​ជាមួយ​គ្នា​ក្នុង​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ