ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុព័ន្ធយោធា​បរទេស ប្រចាំ​​កម្ពុជា ​បន្ត​ចុះ​ត្រួតពិនិត្យ​ជាក់ស្តែង​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ខេត្តព្រះវិហារ​

9 ម៉ោង មុន

ខេត្តព្រះវិហារ​ ៖ គណៈប្រតិភូ​អនុព័ន្ធយោធា​បរទេស ចំនួន១២​ប្រទេស ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​ចុះ​ត្រួតពិនិត្យ​ស្ថានការណ៍​ជាក់ស្តែង​ នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ក្នុងភូមិ​សាស្ត្រ​ខេត្តព្រះវិហារ​ នេះបើតាមអ្នកនាំពាក្យ​ក្រសួងការពារជាតិ ។…

ខេត្តព្រះវិហារ​ ៖ គណៈប្រតិភូ​អនុព័ន្ធយោធា​បរទេស ចំនួន១២​ប្រទេស ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​ចុះ​ត្រួតពិនិត្យ​ស្ថានការណ៍​ជាក់ស្តែង​ នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ក្នុងភូមិ​សាស្ត្រ​ខេត្តព្រះវិហារ​ នេះបើតាមអ្នកនាំពាក្យ​ក្រសួងការពារជាតិ ។

លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានឲ្យដឹងថា​ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែមីនា ឆ្នាំ​២០២៦ វេលា​ម៉ោង ១០:៣៥​នាទី​ព្រឹក ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្របសម្រួល​ជូន​គណៈប្រតិភូ​អនុព័ន្ធយោធា​បរទេស ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ត្រួតពិនិត្យ​ជាក់ស្តែង​នូវ​គ្រាប់​សំណល់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ដែល​បាន​បន្សល់​ពី​សកម្មភាព​វាយប្រហារ​របស់​យោធា​ថៃ​ មក​លើ​កម្ពុជា ​កាលពី​ឆ្នាំ​២០២៥​កន្លង​ទៅ និង​ស្ថានការណ៍​ នៃ​ការ​អនុ​វត្តបទ​ឈប់​បាញ់​រវាង​កម្ពុជា​ និង​ថៃ ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ក្នុងភូមិ​សាស្ត្រ​ខេត្តព្រះវិហារ​ ។

មន្ត្រី​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (​ស៊ី​ម៉ាក់​) បាន​ធ្វើ​បទ​បង្ហាញ​ជូន​គណៈប្រតិភូ​ទាំង ១២​ប្រទេស អំពី​ប្រភេទ​គ្រាប់​សំណល់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ និង​ប្រភេទ​គ្រាប់​បាន​ប្រើប្រាស់ មាន​ចំនួន​សរុប ១,២២៣​គ្រាប់ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​បរិវេណ​ប្រាសាទព្រះវិហារ ដែល​ជា​គ្រាប់​របស់​យោធា​ថៃ ​បាន​ប្រើប្រាស់​ក្នុងអំឡុងពេល​វាយប្រហារ​មក​លើ​ប្រាសាទព្រះវិហារ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ដែល​ជា​មរតក​វប្បធម៌​ប្រវត្តិសាស្ត្រ​ដ៏​ថ្លៃថ្លា​របស់​ប្រជាជន​ខ្មែរ​។

សូម​គូសបញ្ជាក់​បន្ថែម​ផង​ដែរ​ថា សកម្មភាព​បោសសម្អាត​គ្រាប់​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​របស់​មជ្ឈមណ្ឌល​ស៊ី​ម៉ាក់ (CMAC) ត្រូវ​បាន​អនុវត្ត​ឡើង​តាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​បាន​កំណត់​ថា​ជា​កិច្ចការ​ចាំបាច់​អាទិភាព ក្នុង​ការ​ធានា​បាន​នូវ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ