ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ដូណាល់ ត្រាំ នឹងកោះ​ប្រជុំ​ជាមួយ​នាយក​​ក្រុមហ៊ុនផលិត​អាវុធ ដើម្បី​ជំរុញ​ការ​ផ្គត់ផ្គង់​អាវុធ​គ្រាប់រំសេវ

10 ម៉ោង មុន

វ៉ា​ស៊ី​ន​តោន ៖ លោក​ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ នឹង​កោះ​ប្រជុំ ជាមួយ​នាយក​ប្រតិបត្តិ​ឧស្សាហកម្ម​ការពារ​ជាតិ នៅ​ថ្ងៃ​សុក្រ ទី​៦ ខែមីនា…

វ៉ា​ស៊ី​ន​តោន ៖ លោក​ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ នឹង​កោះ​ប្រជុំ ជាមួយ​នាយក​ប្រតិបត្តិ​ឧស្សាហកម្ម​ការពារ​ជាតិ នៅ​ថ្ងៃ​សុក្រ ទី​៦ ខែមីនា ឆ្នាំ២០២៦ សម្រាប់​កិច្ចប្រជុំ​មួយ ដែល​មាន​គោលបំណង​បំពេញបន្ថែម អោយ​បាន​ឆាប់រហ័ស​ នូវ​ស្តុក​គ្រាប់រំសេវ និង​អាវុធ​របស់​សហរដ្ឋអាមេរិក ដែល​បាន​ប្រើប្រាស់​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​អ៊ី​រ៉​ង់ នេះ​បើ​យោង​តាម​មន្ត្រី​សេត​វិមានបាន​បញ្ជាក់​ប្រាប់ Military Times ។

ថ្នាក់ដឹកនាំ​មក​ពី​ក្រុមហ៊ុន Lockheed Martin, RTX, L3Harris និង​ក្រុមហ៊ុន​ការពារ​ជាតិ​ធំ​ៗ​ផ្សេង​ទៀត ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចូលរួម​កិច្ចប្រជុំ​ នៅស្អែកនេះ ។

កាលពី​ខែមករា ប្រធានាធិបតី បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​មួយ ដោយ​ដាក់​សម្ពាធ​លើ​អ្នកម៉ៅការ​ការពារ​ជាតិ​ធំ​បំផុត​របស់​អា​មេ​រិ​ក ឱ្យ​ជំរុញ​ការ​ផលិត និង​ចែកចាយ​អាវុធ​។ អ្នកម៉ៅការ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា “​មានដំណើរ​ការ​មិនល្អ​” នឹង​ត្រូវ​ដាក់​ស្នើ​ផែនការ​ជួសជុល ឬ​ប្រឈម​នឹង​ការ​បាត់បង់​ការ​គាំទ្រថវិកា​ពី​រដ្ឋាភិបាល ។

ការ​វាយប្រហារ​លើក​ដំបូង​របស់​សហរដ្ឋអាមេរិក នៃ​ប្រតិបត្តិការ Epic Fury គេបានឃើញ​មី​ស៊ី​ល និង​គ្រាប់រំសេវ​រាប់​ពាន់​គ្រាប់​ធ្លាក់​មក​លើ​អ៊ី​រ៉​ង់​។ លោក ត្រាំ ​បាន​ណែនាំ​ថា ការ​វាយប្រហារ​នេះ នឹង​មាន​រយៈពេល​ពី​បួន​ទៅ​ប្រាំ​ស​ប្តា​ហ៍ ប៉ុន្តែ​អាច “​យូរ​ជាង​នេះ​” ដោយលោក​អះអាងថា យោធា​សហរដ្ឋអាមេរិក​មាន “​ការ​ផ្គត់ផ្គង់​អាវុធ គ្មាន​ដែន​កំណត់​” ។

សេត​វិមាន បាន​បន្ទរ​សារ​នោះ កាលពី​ថ្ងៃ​ពុធ ដោយ​អះអាង​ថា ឃ្លាំង​អាវុធ​របស់​អា​មេ​រិ​កគឺ​គ្មាន​ដែន​កំណត់​។ នៅ​ពេល​ដែល​ការ​វាយប្រហារ​លើក​ដំបូងកាលពី​ថ្ងៃ​សៅរ៍ លើ​ប្រទេស​អ៊ី​រ៉​ង់ មន្ទីរ​បញ្ច​កោណ​បាន​ប្រមូលផ្តុំ​កម្លាំងយោធា​ដ៏​ធំ​បំផុត​នៅ​មជ្ឈិមបូព៌ា មិនធ្លាប់មានទេចាប់តាំងពី​សង្គ្រាម​អ៊ី​រ៉ា​ក់ ។

លោកស្រី Karoline Leavitt អ្នកនាំពាក្យ​សេត​វិមាន បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា “​សហរដ្ឋអាមេរិក មាន​សមត្ថភាព​គ្រប់គ្រាន់ មិន​ត្រឹមតែ​អនុវត្ត​ប្រតិបត្តិការ Epic Fury ដោយ​ជោគជ័យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អាច​បន្ត​ទៅ​មុខ​ទៀត​” ។ “​យើង​មាន​ឃ្លាំង​ស្តុក​អាវុធ ដែល​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ពិភពលោក​នេះ មិនដឹង​អំពី​វា​ផង​” ។

ឧត្តមសេនីយ៍ Dan Caine ប្រធាន​អគ្គសេនាធិការ​ចម្រុះ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ដាច់​ដោយឡែក​មួយ​កាលពី​ថ្ងៃ​ពុធ​ថា “​យើង​មាន​គ្រាប់រំសេវ ដែល​មាន​ភាព​ជាក់លាក់គ្រប់គ្រាន់​សម្រាប់​ភារកិច្ច ដែល​កំពុង​ធ្វើ ទាំង​ការ​វាយលុក និង​ការពារ​ជាតិ​”​។ ប៉ុន្តែលោក Caine មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទេ ។

យោង​តាម​បញ្ជាការ​កណ្តាល​សហរដ្ឋអាមេរិក បង្ហាញថា កងកម្លាំង​អា​មេ​រិ​កបាន​វាយប្រហារ​គោលដៅ​ជិត 2,000កន្លែង ជាមួយនឹង​គ្រាប់​ជាង 2,000​គ្រាប់​។ សហរដ្ឋអាមេរិក បាន​ចាត់វិធានការ​ដើម្បី​លុប​បំបាត់​ឃ្លាំង ទីស្នាក់ការ​កណ្តាល និង​សមត្ថភាព​ទំនាក់ទំនង​យោធា​របស់​កង​ឆ្មាំ​បដិវត្តន៍​​អ៊ី​រ៉​ង់​។ ឥស្សរជន​ជាន់ខ្ពស់​អ៊ី​រ៉​ង់​រាប់​សិប​នាក់ ត្រូវ​បាន​គេ​រាយការណ៍​ថា ត្រូវ​បាន​សម្លាប់ រួម​ទាំង​មេដឹកនាំ​កំពូល​លោក Ayatollah Ali Khamenei ក៏​ដូច​ជា​បុគ្គល​ម្នាក់ ដែល​រដ្ឋមន្ត្រី​ក្រសួងការពារជាតិលោក Pete Hegseth បាន​ពិពណ៌នា​ថា ជា​មេ​ផែនការ​ធ្វើឃាត​លោក Trump កាល​ឆ្នាំ២០២០ ។

មន្ត្រី​អា​មេ​រិ​ក បាន​និយាយ​ថា សាធារណរដ្ឋ​អ៊ី​ស្លា​ម ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា មាន​មី​ស៊ី​ល​ផ្លោង​រយៈ​ចម្ងាយ​មធ្យម​ប្រហែល 2,000 ទៅ 3,000 គ្រាប់ ប្រព័ន្ធ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី ចំនួន 6,000 ទៅ 8,000 គ្រាប់ និង​យន្តហោះ​គ្មាន​មនុស្ស​បើក រាប់​ពាន់​គ្រឿង នៅ​ដើមដំបូង នៃ​សង្គ្រាម​។ ចាប់តាំងពី​ពេល​នោះ​មក ទីក្រុង​តេ​អេ​រ៉​ង់ បាន​សងសឹក​ជាមួយនឹង​យន្តហោះ​គ្មាន​មនុស្ស​បើក និង​មី​ស៊ី​ល​រាប់រយ​គ្រឿង ដែល​កំណត់​គោលដៅ​លើ​ទីតាំង​យោធា​អា​មេ​រិ​ក និង​គោលដៅ​ប្រទេស​ជា​ច្រើន​នៅ​ទូ​ទាំង​តំបន់មជ្ឈិមបូព៌ា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ