ទីក្រុងម៉ូស្គូ៖ វិមានក្រឹមឡាំងបញ្ជាក់នៅល្ងាចនេះថារហូតមកដល់ពេលនេះ ប្រទេសអ៊ីរ៉ង់មិនទាន់បានបោះដៃទៅទីក្រុងម៉ូស្គូដើម្បីស្នើសុំជំនួយយោធានៅឡើយទេ។ មានន័យថាអ៊ីរ៉ង់នៅអាចស៊ីសងគ្នាបានទោះបីខ្លួនត្រូវធ្វើសង្គ្រាមម្នាក់ឯងទល់នឹងអាមេរិកផង និងអ៊ីស្រាអែលផងក៏ដោយ។ នៅពេលអ្នកសារព័ត៌មានសួរថាតើរុស្ស៊ីមិននិយាយតែមាត់ទទេ ប៉ុន្តែនឹងផ្ដល់ជំនួយឧបត្ថម្ភ-គាំទ្រផ្នែកយោធាសម្រាប់អ៊ីរ៉ង់ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនដែរឬទេ?

អ្នកនាំពាក្យវិមានក្រឹមឡាំង លោកប៉េស្កូស (Peskov) មិនឆ្លើយដោយត្រង់ថាជួយ ឬមិនជួយទេ។ លោកថាអ៊ីរ៉ង់មិនទាន់បោះដៃទៅខាងរុស្ស៊ីនៅឡើយទេ។ ចង់មានន័យថាជួនកាលគេមិនចង់ឱ្យយើងជួយ យើងជួយបានការអី? រុស្ស៊ីកំពុងតែជាប់ដៃវាយគ្នាជាមួយអ៊ុយក្រែនផង។ អ្នកនាំពាក្យរូបនេះថ្លែងបន្តទៀតថាយើងនៅតែប្រកាន់ជំហរដដែល (នៅក្នុងបញ្ហាអ៊ីរ៉ង់ និងនុយក្លេអ៊ែរអ៊ីរ៉ង់)។

មន្ត្រីរដ្ឋាភិបាលរុស្ស៊ីធ្លាប់បាននិយាយរួចហើយថា «សន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រ» ដែលរុស្ស៊ី និងអ៊ីរ៉ង់ចុះហត្ថលេខាជាមួយគ្នាកាលពីខែមករា ឆ្នាំ២០២៥នោះមិនមែនមានន័យថាជាការជួយគ្នាផ្នែកយោធានោះទេ។ ប៉ុន្តែកាលពីពេលកន្លងមក អ៊ីរ៉ង់ជួយរុស្ស៊ីច្រើនណាស់ដូចជាជួយផ្ដល់ដ្រូនអត្តឃាតម៉ាកសាហ៊ីត (Shahed) ដើម្បីយកទៅវាយអ៊ុយក្រែន។ មានសេចក្ដីរាយការណ៍ថារុស្ស៊ីក៏បញ្ជូនមីស៊ីល និងគ្រាប់រំសេវដោយស្ងាត់ៗទៅឱ្យអ៊ីរ៉ង់ ព្រមទាំងចែករំលែកព័ត៌មានសម្ងាត់ទៀតផង។

នៅក្នុងពេលសង្គ្រាមកំពុងបន្តបែបនេះ ភ្នាក់ងារសម្ងាត់របស់ក្រសួងស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់ឱ្យសញ្ញាទៅស៊ីអាយអេ (CIA) ថារដ្ឋាភិបាលរបស់ខ្លួនបើកទូលាយជានិច្ចសម្រាប់ការចរចាគ្នាបញ្ចប់សង្គ្រាម។ នេះបើយោងតាមការផ្សាយរបស់ញូយ៉កថាមស៍។ ការបបួលគ្នាចរចានេះធ្វើឡើងតាមរយៈទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសដទៃ។ ប៉ុន្តែប្រភពម្នាក់នៅក្រសួងស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់ចេញមកបដិសេធព័ត៌មាននេះ និងចាត់ទុកថាជាការនិយាយភូតកុហក និងជាសង្គ្រាមចិត្តសាស្ត្រតែប៉ុណ្ណោះ៕ ប្រភព៖ AP, DW និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ