ទីក្រុងប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិនប្រកាសថាលោកត្រៀមបញ្ជូនបេសកជនពិសេសទៅមជ្ឈិមបូព៌ានៅក្នុងពេលឆាប់ៗនេះដើម្បីចូលរួមចំណែកក្នុងការបន្ធូរបន្ថយភាពតានតឹងរវាងអ៊ីរ៉ង់ និងអាមេរិក និងអ៊ីស្រាអែល។ លោកវ៉ាងយីបង្ហើបឱ្យដឹងអំពីគម្រោងនេះនៅក្នុងការសន្ទនាគ្នាជាមួយសមភាគីអារ៉ាប៊ីសាអូឌីត។ លោកថ្លែងថាប្រទេសចិនមិនចង់ឃើញជម្លោះដូចសព្វថ្ងៃនេះឡើយ។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសចិន ចិនសូមជំរុញឱ្យគ្រប់ភាគីបញ្ឈប់ប្រតិបត្តិការយោធា, ចាប់ផ្ដើមសន្ទនាគ្នា, ចូលរួមតុចរចាកាន់តែឆាប់តាមដែលអាចធ្វើទៅបាន និងជៀសវាងមិនបង្កភាពតានតឹងសាជាថ្មី។ រដ្ឋមន្ត្រីចិនចាត់ទុកថាការប្រើប្រាស់កម្លាំងយោធាវាយប្រហារដោយឥតរើសមុខដូចសព្វថ្ងៃនេះជាករណីមិនអាចទទួលយកបានជាដាច់ខាត។ ជាពិសេស ការវាយប្រហារទៅលើជនស៊ីវិលដែលគ្នាមិនដឹងអ្វីសោះ ឬវាយប្រហារគោលដៅមិនមែនយោធា។

លោករដ្ឋមន្ត្រីសូមវាយតម្លៃខ្ពស់ចំពោះប្រទេសអារ៉ាប៊ីសាអូឌីតដែលប្រើប្រាស់ការអត់ធ្មត់ និងប្ដេជ្ញាដោះស្រាយបញ្ហាដោយសន្តិវិធី។ លោកសង្កត់ធ្ងន់ថាប្រទេសនានានៅតំបន់មជ្ឈិមបូព៌ាជៀសមិនផុតពីការផ្សះផ្សាគ្នាទេនៅទីបញ្ចប់។ ដូច្នេះយើងគួរលើកម្ពស់ត្រង់ចំណុចនេះ។ គេអាចកាត់យល់បានលោកវ៉ាងយីមានប្រសាសន៍បែបនេះចង់សំដៅលើការចរចាគ្នារវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់កាលពីឆ្នាំ២០២៣។ កាលនោះ ប្រទេសចិនដើរតួនាទីសំខាន់ក្នុងការសម្រុះសម្រួលឱ្យប្រទេសទាំង២ត្រូវគ្នា។ ចិនចាត់ទុកថានោះជាសមិទ្ធផលដ៏ថ្លៃថ្លាបំផុតរបស់ខ្លួននៅមជ្ឈិមបូព៌ា។

រដ្ឋមន្ត្រីបរទេសអារ៉ាប៊ីសាអូឌីតបង្ហាញកង្វល់ប្រាប់លោកវ៉ាងយីថាសង្គ្រាមអ៊ីរ៉ង់ចេះតែរីករាលដាលធំឡើងៗ និងមានសភាពកាន់តែខ្លាំងក្លា។ លោកសង្កត់ធ្ងន់ថាប្រទេសរបស់លោកសូមរក្សាសិទ្ធិការពារខ្លួន។ ទន្ទឹមនឹងនោះ លោកក៏សង្ឃឹមថាបញ្ហានេះអាចនឹងដោះស្រាយចេញ ហើយអាចនឹងធូរស្រាលឡើងវិញ។ យោងតាមសេចក្ដីប្រកាសជាផ្លូវការរបស់ក្រសួងការបរទេសចិន ប្រមុខការទូតអារ៉ាប៊ីសាអូឌីតបញ្ជាក់ថារដ្ឋាភិបាលរបស់ខ្លួនត្រៀមពង្រឹងប្រព័ន្ធទូរគមនាគមន៍ និងការសម្របសម្រួលជាមួយប្រទេសចិនដើម្បីលើកកម្ពស់សន្តិភាព និងបញ្ចប់ជម្លោះ៕ ប្រភព៖ ស៊ីនហួ និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ