ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ប្តូរ​យុទ្ធសាស្ត្រ​ពី​ការ​ប្រើ​មី​ស៊ី​ល​ថ្លៃ​ៗ​ភាគច្រើន មក​ប្រើ​ដ្រូ​ន​អត្តឃាត​ចម្លង​តាម​ដ្រូ​ន​អ៉ី​រ៉​ង់​វាយប្រហារ​ប្រទេស​នេះ

1 នាទី មុន

សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិក​បាន​ធ្វើ​ឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង តាម​រយៈ​ការ​ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ​ពី​ការ​ប្រើ​មី​ស៊ី​ល​តម្លៃ​ថ្លៃ​ៗ​ភាគច្រើន​របស់​ខ្លួន ជំនួស​ដោយ​ការ​ប្រើ​ដ្រូ​ន​អត្តឃាត​តម្លៃ​ទាប «LUCAS» ដែល​ចម្លង​តាម​ដ្រូ​ន «Shahed» របស់​អ៉ី​រ៉​ង់​ក្នុង​ប្រ​តិ​ប​ត្តិ្ក​ការណ៍ «Epic…

សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិក​បាន​ធ្វើ​ឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង តាម​រយៈ​ការ​ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ​ពី​ការ​ប្រើ​មី​ស៊ី​ល​តម្លៃ​ថ្លៃ​ៗ​ភាគច្រើន​របស់​ខ្លួន ជំនួស​ដោយ​ការ​ប្រើ​ដ្រូ​ន​អត្តឃាត​តម្លៃ​ទាប «LUCAS» ដែល​ចម្លង​តាម​ដ្រូ​ន «Shahed» របស់​អ៉ី​រ៉​ង់​ក្នុង​ប្រ​តិ​ប​ត្តិ្ក​ការណ៍ «Epic Fury» វាយប្រហារ​លើ​ប្រទេស​នៅ​មជ្ឈិមបូព៌ា​មួយ​នេះ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន Channel News Asia (CNA) ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២៦​។

បច្ចុប្បន្ន ​ដ្រូ​ន​អត្តឃាត «Shahed» របស់​អ៉ី​រ៉​ង់​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​សង្គ្រាម​របស់​ខ្លួន​ប្រឆាំង​នឹង​សហរដ្ឋអាមេរិក និង​អ៉ី​ស្រា​អែ​ល​។ ទីក្រុង​តេ​ហេ​រ៉​ង់​បាន​បាញ់​មី​ស៊ី​ល និង​ដ្រូ​ន​រាប់រយ​គ្រាប់​នៅ​ទូ​ទាំង​តំបន់​មជ្ឈិមបូព៌ា បន្ទាប់​ពី​ការ​វាយប្រហារ​របស់​អា​មេ​រិ​ក និងអ៉ី​ស្រា​អែ​ល នៅ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៦ ដែល​បង្ហាញ​ថា ប្រព័ន្ធ​នេះ ក្លាយជា​ចំណុចកណ្តាល​នៃ​សៀវភៅ​យុទ្ធសាស្ត្រ​យោធា​របស់​ខ្លួន​។

ដូច្នេះ តើ​ដ្រូ​ន​អត្តឃាត Shahed របស់​អ៉ី​រ៉​ង់ ដែល​ត្រូវ​បាន​ប្រើ​យ៉ាង​ទូលំទូលាយ​រួច​ទៅ​ហើយដោយ​
រុ​ស្ស៊ី​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន និង​មួយ​ចំនួន​បាន​ហោះ​ទៅ​ដល់​មូលដ្ឋាន​ទ័ពអាកាស​អង់គ្លេស​នៅ​តំបន់ Akrotiri នៃ​ប្រទេស​ស៊ី​ប​ផង​ដែរ​នោះ គឺជា​អ្វី?

Shahed ជា​ដ្រូ​ន​អត្តឃាត​វាយប្រហារ​មួយ​ផ្លូវ​ដែល​មាន​តម្លៃ​ទាប បង្កើត​ឡើង​ដោយ​អ៉ី​រ៉​ង់ ដំណើរការ​ជា​មី​ស៊ី​ល​ហោះ​ ឆ្ពោះទៅ​រក​គោលដៅ​ដែល​បាន​កំណត់​ជា​មុន ហើយ​ផ្ទុះ​នៅ​ពេល​ប៉ះទង្គិច​។ គុណសម្បត្តិ​ចម្បង​របស់ Shahed គឺ​ទំហំ និង​អាច​យកឈ្នះ​លើ​ប្រព័ន្ធ​ការ​ការពារ​ដែនអាកាស​មួយ​ចំនួន ដោយ​អាច​ហោះ​ពី​ទិស​ដៅ​ច្រើន​ក្នុង​ពេល​តែ​មួយ​ ។

នៅ​ពេល​ដែល​មី​ស៊ី​ល​ផ្លោង និង​មី​ស៊ី​ល​លឿន​ជាង​សំឡេង​មាន​តម្លៃ​រាប់​លាន​ដុល្លារ​ក្នុង​១​គ្រាប់​នោះ ងាក​មក​ដ្រូ​ន Shahed ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​តម្លៃ​ចន្លោះ​ពី ២​ម៉ឺន ទៅ​៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​តែ​ប៉ុណ្ណោះ​ក្នុង​១​គ្រឿង ជាមួយ​ចម្ងាយ​ហោះ​យ៉ាង​ហោច​ណាស់ ២​ពាន់​គីឡូម៉ែត្រ និង​អាច​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​ប្រហែល​១៨០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។

បញ្ជាការ​កណ្តាល​សហរដ្ឋអាមេរិក (CENTCOM) បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម X ថា ដ្រូ​ន​តម្លៃ​ទាប​ផលិត​ដោយ​អា​មេ​រិ​ក ដែល​យក​គំរូ​តាម​ដ្រូ​ន Shahed របស់​អ៉ី​រ៉​ង់ ឥឡូវនេះ​ កំពុង​ផ្តល់​ការ​សងសឹក​តប​ទៅ​វិញ​ ។

មន្ទីរ​បញ្ច​កោណ​បាន​អះអាង​ថា ដ្រូ​ន​ទាំងនេះ​មាន​តម្លៃ​ថោក ហើយ​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន​ផលិត​ជា​ច្រើន​ ។ បើ​តាម​រូបថត​ចេញផ្សាយ​ដោយ​មន្ទីរ​បញ្ច​កោណ អ្នកជំនាញ​មើលឃើញ​ថា ដ្រូ​ន​អា​មេ​រិ​ក​ចម្លង​តាម​ដ្រូ​ន​អ៉ីរ៉​ង់​គឺ LUCAS ដែល​ជា​ដ្រូ​ន​អត្តឃាត​តម្លៃ​ទាប ផលិត​ដោយ​ក្រុមហ៊ុន​អា​មេ​រិ​ក Spektreworks ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្វូ​នី​ក (Phoenix) រដ្ឋ​អា​រី​ហ្សូ​ណា (Arizona) តម្លៃ​ប្រហែល​៣៥ ០០០ ដុល្លារ​ក្នុង​១​គ្រឿង ជាមួយ​ចម្ងាយ​ហោះ​ដល់​៨០០​គីឡូម៉ែត្រ​។ ដូច្នេះ​ ការ​ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ​របស់​អា​មេ​រិ​ក​ដ៏​ភ្ញាក់ផ្អើល​ពិភពលោក​នេះ បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​សង្កត់ធ្ងន់​កាន់តែ​ខ្លាំង​ឡើង​លើ​ប្រសិទ្ធភាព​នៃ​ការ​ចំណាយ​របស់​ខ្លួន​៕ ប្រភព ៖ CNA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ