ទីក្រុងវ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានប្រកាសថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងផ្តល់ការធានារ៉ាប់រងដល់បណ្តាកប៉ាល់ដឹកជញ្ជូននៅឈូងសមុទ្រ បន្ទាប់ពីប្រទេសអ៊ីរ៉ង់ទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការបិទច្រកសមុទ្រហ័រមូស (Hormuz) ដែលធ្វើឱ្យតម្លៃប្រេងពិភពលោកកើនឡើងខ្ពស់។ នេះបើតាមប្រភពពីសារព័ត៌មាន Al Jazeera និង Reuters ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។
ជាមួយគា្ននោះដែរ ប្រធានាធិបតីអាមេរិកក៏បានបន្ថែមថា យោធាអាមេរិកនឹងអមដំណើរបណ្តាកប៉ាល់ឆ្លងកាត់ច្រកសមុទ្រហ័រមូស ប្រសិនបើចាំបាច់។ ដោយលោកបានបង្ហោះសារមួយលើបណ្តាញទំនាក់ទំនងសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ (ម៉ោងនៅសហរដ្ឋអាមេរិក) ដូច្នេះថា «ភ្លាមៗ ខ្ញុំបានបញ្ជាឱ្យទីភ្នាក់ងារហិរញ្ញវត្ថុអភិវឌ្ឍន៍សហរដ្ឋអាមេរិក (DFC) ផ្តល់ការធានារ៉ាប់រងហានិភ័យនយោបាយ និងធានាសម្រាប់សន្តិសុខហិរញ្ញវត្ថុនៃពាណិជ្ជកម្មផ្លូវសមុទ្រទាំងអស់ ពិសេសវិស័យថាមពល ដែលឆ្លងកាត់ឈូងសមុទ្រក្នុងតម្លៃសមរម្យ»។
តាមរយៈបេសកកម្មនេះ ត្រូវបានគេមើលឃើញថាជាការជំរុញគោលនយោបាយការបរទេសរបស់អាមេរិក ក៏ដូចជាពង្រឹងសន្តិសុខជាតិដោយលំហូរចូល និងចេញនៃទុនវិនិយោគវិស័យឯកជននៅទូទាំងពិភពលោក។
លោក ត្រាំ បានបន្ថែមថា ការធានារ៉ាប់រងហានិភ័យដែលផ្តល់ការបញ្ចុះតម្លៃនេះ នឹងមានសម្រាប់ផ្លូវដឹកជញ្ជូនទាំងអស់។ លោកបានសរសេរបន្ថែមថា «ប្រសិនបើចាំបាច់ កងទ័ពជើងទឹកអាមេរិកនឹងចាប់ផ្តើមអមដំណើរកប៉ាល់ដឹកប្រេងឆ្លងកាត់ច្រកសមុទ្រហ័រមូស ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយមិនថាមានរឿងអ្វីកើតឡើងក៏ដោយ ក៏សហរដ្ឋអាមេរិកនឹងធានានូវលំហូរថាមពលដោយសេរីទៅកាន់ពិភពលោក»។
សូមជម្រាបថា ច្រកសមុទ្រហ័រមូស គឺជាសរសៃឈាមពាណិជ្ជកម្មដ៏សំខាន់មួយដែលផ្សាភ្ជាប់ឈូងសមុទ្រទៅនឹងមហាសមុទ្រឥណ្ឌា ដោយប្រេងឆៅប្រហែល ២០% របស់ពិភពលោកបានដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រមួយនេះ។ តម្លៃប្រេងពិភពលោកបានកើនឡើងជាង ១៥% ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារលើទីក្រុងតេហេរ៉ង់ (Tehran) ដែលបានចាប់ផ្តើមសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន៕

ចែករំលែកព័តមាននេះ