ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តាស្ថានឯកអគ្គរាជទូតទទួលបន្ទុកទំនាក់ទំនងជាមួយប្រទេសនៅមជ្ឈិមបូព៌ាណែនាំឲ្យពលរដ្ឋ និងនិស្សិតកម្ពុជាប្រុងប្រយ័ត្នខ្ពស់

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ ខណៈ​ស្ថានការណ៍​នៅ​មជ្ឈិមបូព៌ា កំពុង​តែ​មាន​ភាព​តានតឹង​ដាក់​គ្នា បណ្តា​ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងអស់​ដែល​ទទួល​បន្ទុក​ទំនាក់ទំនង​ជាមួយ​ប្រទេស​នៅ​មជ្ឈិមបូព៌ា បាន​ទទួល​ការ​ណែនាំ​ឲ្យ​ប្រកាសប្រាប់​ប្រជាពលរដ្ឋ និង​និស្សិត​កម្ពុជា​ទាំងអស់ ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ខណៈ​ស្ថានការណ៍​នៅ​មជ្ឈិមបូព៌ា កំពុង​តែ​មាន​ភាព​តានតឹង​ដាក់​គ្នា បណ្តា​ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងអស់​ដែល​ទទួល​បន្ទុក​ទំនាក់ទំនង​ជាមួយ​ប្រទេស​នៅ​មជ្ឈិមបូព៌ា បាន​ទទួល​ការ​ណែនាំ​ឲ្យ​ប្រកាសប្រាប់​ប្រជាពលរដ្ឋ និង​និស្សិត​កម្ពុជា​ទាំងអស់ ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ។

ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២៦ ឯកឧត្តម​ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​លើក​ឡើង​ថា ក្រោម​ការ​យកចិត្តទុកដាក់​ខ្ពស់​ពី​រាជរដ្ឋាភិបាល បណ្តា​ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងអស់​ដែល​ទទួល​បន្ទុក​ទំនាក់ទំនង​ជាមួយ​ប្រទេស​នៅ​មជ្ឈិមបូព៌ា បាន​ទទួល​ការ​ណែនាំ​ឲ្យ​ប្រកាសប្រាប់​ប្រជាពលរដ្ឋ និង​និស្សិត​កម្ពុជា​ទាំងអស់ ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន និង​ផ្ដល់​លេខ​ទាក់ទង ដើម្បី​សម្របសម្រួល​ក្នុង​ករណី​មាន​អាសន្ន ។

ឯកឧត្តម​បាន​លើក​ឡើង​ថា ជាក់ស្តែង ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​រដ្ឋ​អ៊ី​ស្រា​អែ​ល ដែល​មាន​និវេសនដ្ឋាន​នៅ រដ្ឋធានី​អង់កា​រ៉ា បាន​ជម្រាប​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែល​កំពុង​រស់នៅ​ធ្វើការ និង​សិក្សា​នៅ​ប្រទេស​អ៊ី​ស្រា​អែ​ល​អំពី​ភាព​តានតឹង​ផ្នែក​យោធា​រវាង​អ៊ី​ស្រា​អែ​ល និង​អ៉ី​រ៉​ង់ ដែល​កំពុង​តែ​កើនឡើង​គួរ​ឱ្យ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង និង​បាន​អំពាវនាវ​ដល់​បងប្អូន​ទាំងនោះ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​អនុវត្ត​ដាច់ខាត តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​អ៊ី​ស្រា​អែ​ល ដើម្បី​សុខ​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់​បងប្អូន ។

ក្នុង​ករណី​ត្រូវការ​ជំនួយ​ផ្នែក​កិច្ចការ​កុងស៊ុល សូម​មេត្តា​ទាក់ទង​តាម​រយៈ​ទូរស័ព្ទ​លេខ​៖ +855 12 675 450/+855 87 656 262 (Telegram/Whats App)​។

ចំណែក​ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​រដ្ឋ​គូ​វ៉ែត សហភាព​អា​រ៉ាប់​អេ​មី​រ៉ាត រដ្ឋកា​តា និង​ព្រះរាជាណាចក្រ​បា​រ៉ែ​ន ដែល​មាន​និវេសនដ្ឋាន​នៅ​រដ្ឋ​គូ​វ៉ែត​ក៏​បាន​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែល​កំពុង​រស់នៅ ធ្វើការ និង​សិក្សា​នៅ​ក្នុង​ប្រទេស​ដូច​បាន​រៀបរាប់​ខាងលើ ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដូច​គ្នា​ដែរ ។

ក្នុង​ករណី​ត្រូវការ​ជំនួយ​ផ្នែក​កិច្ចការ​កុងស៊ុល សូម​មេត្តា​ទាក់ទង​តាម​រយៈ​ទូរស័ព្ទ​លេខ​៖ (+៩៦៥) ២៥៣១ ០០២៩ និង​អ៊ី​ម៉ែ​ល ៖ camemb.kwt@mfaic.gov.kh​។

បើ​តាម​អ្នកនាំពាក្យ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា នៅ​ប្រទេស​អ៊ី​ស្រា​អែ​ល មាន​និស្សិត​ខ្មែរ​សរុប​ចំនួន​២៣៩​នាក់ កំពុង​សិក្សា​នៅ​ទីនោះ ចំណែកឯ​នៅ​ប្រទេស​គូ​វ៉ែត មាន​និស្សិត​ខ្មែរ​២៧​នាក់ ។ ក្រៅពី​នោះ ក៏​មាន​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ទៀត​កំពុងធ្វើការ ឬ​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​បណ្តា​ប្រទេស​មជ្ឈិមបូព៌ា​ផង​ដែរ ។

ថ្នាក់ដឹកនាំ​កម្ពុជា ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ និង​និស្សិត​កម្ពុជា​នៅ​ក្នុង​បណ្តា​ប្រទេស​មជ្ឈិមបូព៌ា ។ រហូត​មក​ដល់​ពេល​នេះ ពួក​គេ​មាន​សុវត្ថិភាព និង​ស្ថិត​ក្រោម​ការ​តាមដាន​ជា​ប្រចាំ​ពី​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​បណ្តា​ប្រទេស​ទាំងនោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ