ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាមមជ្ឈិមបូព៌ាកាន់តែសាហាវ៖ អ៉ីស្រាអែល​វាយកម្ទេចរោងចក្រមីស៊ីលអ៉ីរ៉ង់ ខណៈអ៉ីរ៉ង់បា.ញ់មីស៊ីលស្រោចលើអ៉ីស្រាអែល និងតំបន់​ឈូងសមុទ្រ

2 ម៉ោង មុន

ស​ង្ក្រា​មអ៉ី​រ៉​ង ៖ កាលពី​ថ្ងៃ​ទី​៣ ​មីនា​ អ៉ីស្រា​អែ​ល​បាន​បង្កើន​ការ​វាយប្រហារ​តាម​អាកាស​ប្រឆាំង​អ៉ីរ់ង់​​ សំដៅ​ជា​ពិសេស​លើ​បណ្ដា​រោងចក្រ​ និង​មីស៊ីលអ៉ី​រ៉​ង់ ហើយ​អ៉ី​រ៉​ង់​បាន​វាយ​តបត​អ៉ី​ស្រា​អែ​ល​វិញ​ ព្រមទាំង​វាយប្រហារ​ក្នុង​ទូ​ទាំង​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍​តែ​ម្ដង ដែល​នាំ​ឲ្យ​ស្ទះ​ដល់​ការ​ផ្ក​ត់​ផ្គង់​ថាមពល​…

ស​ង្ក្រា​មអ៉ី​រ៉​ង ៖ កាលពី​ថ្ងៃ​ទី​៣ ​មីនា​ អ៉ីស្រា​អែ​ល​បាន​បង្កើន​ការ​វាយប្រហារ​តាម​អាកាស​ប្រឆាំង​
អ៉ីរ់ង់​​ សំដៅ​ជា​ពិសេស​លើ​បណ្ដា​រោងចក្រ​ និង​មីស៊ីលអ៉ី​រ៉​ង់ ហើយ​អ៉ី​រ៉​ង់​បាន​វាយ​តបត​អ៉ី​ស្រា​អែ​ល​វិញ​ ព្រមទាំង​វាយប្រហារ​ក្នុង​ទូ​ទាំង​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍​តែ​ម្ដង ដែល​នាំ​ឲ្យ​ស្ទះ​ដល់​ការ​ផ្ក​ត់​ផ្គង់​ថាមពល​ និង​ការ​ធ្វើ​ដំណើរ​ ។

ខណៈ​ស្នូ​​រ​ផ្ទុះ​ខ្លាំង​ៗ​លាន់ឮ​ក្នុង​ទីក្រុង​តេ​ហេ​រ៉​ង់ ​និង​នៅ​លី​បង់​ ដែល​អ៉ីស្រា​អែ​ល​ប្រកាស​វាយ​ប្រហារ​ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍ ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​អា​រ៉ា​ប៊ី​សា​អូឌីត រង​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​អ៉ី​​រ៉​ង់ ​។ ក្រោយ​ចាប់ផ្ដើម​សង្គ្រាម​នោះ​ ដែល​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​អះអាង​ថា អាច​មាន​រយៈពេល​ច្រើន​ស​ប្ដា​ហ៍ មនុស្ស​ច្រើន​រយ​នាក់​បាន​ត្រូវ​ស្លាប់​រួច​ហើយ ភាគច្រើន​នៅ​អ៉ី​រ៉​ង់​។ បណ្ដា​ព័ត៌មាន​មក​ពីអ៉ី​រ៉​ង់​មាន​កម្រិត​មក​ពី​បញ្ហា​គមនាគមន៍ ការ​វាយប្រហារ​តាម​អាកាស​មិន​ឈប់​​ឈរ ​និង​ការ​រឹត​ដ្បិត​ខ្លាំង​ចំពោះ​អ្នកកាសែត​ ។

អ៉ី​រ៉​ង់​បាន​បាញ់​មី​ស៊ីល​បាលី​ស្ទិ​ក​ច្រើន​សឹ​ប​គ្រាប់​លើ​អ៉ី​ស្រា​អែ​ល នាំ​ឲ្យ​ស្នូរស៊ីរ៉ែ​ន​លាន់ឮ​ក្នុង​ប្រទេស​អ៉ី​ស្រា​អែ​ល​ទាំងមូល​ ។ សង្វា​ក់​នៃ​ការ​វាយប្រហារ​ហាក់ដូចជា​ចុះ​ថយ ហើយ​អ៉ី​ស្រា​អែ​ល​បាន​ស្ទាក់​កម្ទេច​មីស៊ី​ល​ភាគច្រើន​ តែ​មីស៊ីល​មួយ​ចំនួន​បាន​ធ្លាក់​ចំ​គោលដៅ​បណ្ដាល​ឲ្យ​ពលរដ្ឋ
អ៉ីស្រា​អែ​ល​មួយ​ចំនួន​ស្លាប់​ និង​របួស​ ។

បញ្ហា​ដែល​លើក​ឡើង​គឹ​ថា តើ​សង្គ្រាម​នោះ​ត្រូវ​ចប់​នៅ​ពេល​ណា​ និង​ដោយ​របៀប​ណា​។ លោក​ត្រាំ​ហាក់ដូចជា​លើក​ដោយ​ចំហ​ពី​លទ្ធភាព​នៃ​ការ​ចូលរួម​កាន់តែ​ខ្លាំង​របស់​អា​មេ​រិ​ក​ក្នុង​សង្គ្រាម​នោះ ដោយ​នា​ពេល​មុន​នេះ ​លោក​ថ្លែង​ទៅ​កាន់​កាសែត​ញូ​វ​យ៉​ក​ប៉ុ​ស្តិ៍​​ថា លោក​មិន​បដិសេធ​ឡើយ​លទ្ធ​ភាព​នៃ​ការ​បញ្ជូន​កងទ័ពជើងគោក​ ។

រដ្ឋការ​អា​មេ​រិ​កបាន​លើក​ពី​ទិស​ដៅ​ផ្សេង​ៗ​ ។ ពេល​ដែល​ការ​វាយប្រហារ​ដំបូង​ៗ​របស់អ៉ី​​ស្រា​អែ​ល​និង​អា​មេ​រិ​ក សម្លាប់​មេដឹកនាំ​កំពូល​អ៉ី​រ៉​ង់​លោក​អា​យ៉ា​តុលា​អា​លី​ខា​មេ​នី ហើយ​ដែល​លោក​ត្រាំ​ស្នើ​ដល់​ពលរដ្ឋ​អ៉ីរ៉​ង់​ឲ្យ​ផ្ដួលរំលំ​រដ្ឋាភិបាល​ខ្លួន បណ្ដា​អ្នក​ទទួលខុសត្រូវ​ជាន់​ខ្ព្​ស់អា​មេ​រិ​ក​អះអាង​ថា ការ​ផ្ដួលរំលំ​របប​អ៉ីរ៉​ង់​មិនមែន​ជា​ទិស​ដៅ​របស់​យើង​ឡើយ​ ។

ប្រធានាធិបតី​អា​មេ​រិ​ក​ធ្លាប់​ថ្លែង​ កាលពី​ថ្ងៃ​ទី​២​ មីនា​ ថា ទិស​ដៅ​៤​នៃ​យុទ្ធនាការ​យោធា​ប្រឆាំង​អ៉ី​រ៉​ង់​គឺ​កម្ទេច​សមត្ថភាព​បាលី​ស្ទិ​ករប​ស់អ៉ី​រ៉​ង់ កម្ទេច​កង​ម៉ា​រី​ន រារាំង​កុំ​ឲ្យអ៉ី​​រ៉​ង់​មាន​អាវុធ​នុយក្លេអ៊ែរ​ និង​ធានា​ថា​ អ៉ីរ៉​ង់​មិន​អាច​បន្ត​ជួយ​ទ្រទ្រង់ ដល់​បណ្ដា​ក្រុម​ប្រដាប់​អាវុធ​ជា​សម្ព័ន្ធមិត្ត​ ។ រួច​នា​ថ្ងៃ​ទី​៣​
មីនា​ លោក​ត្រាំ​លើក​ឡើង​ថា មនុស្ស​ខ្លះ​ក្នុង​របប​អ៉ីរ៉​ង់​អាច​ជា​ការ​ជ្រើសរើស​ដ៏​ប្រសើរ សម្រាប់​កាន់​អំណាច ក្រោយ​ពេល​បញ្ចប់​យុទ្ធនាការ​យោធា​របស់​អ៉ី​​ស្រា​អែ​ល​ និង​អា​មេ​រិ​ក​ ។ លោក​បញ្ជាក់​ថា​ព្រះ​អង្គ​ម្ចាស់​រេ​ហ្សា​ប៉ា​ហ៍​ឡា​វី​បុត្រា​ របស់​ស្ដេច​សា​ដែល​ត្រូវ​ផ្ដួលរំលំ​មិនមែន​ជា​មនុស្ស​ដែល​រដ្ឋការ​លោក​គ្រោង​សម្រាប់​ការ​មក​កាន់​អំណាច​នៅ​អ៉ី​រ៉​ង់​ឡើយ​ ។

កងទ័ព​អ៉ី​ស្រា​អែ​ល​ថ្លែង​ថា បាន​វាយប្រហារ​តាម​អាកាស​មួយ​ចំនួន ប្រឆាំង​បណ្ដា​ទីតាំង​ផលិត​និង​ស្តុក​មី​ស៊ីល​បាលី​ស្ទិ​កអ៉ី​​រ៉​ង់​នៅ​ក្រុង​តេ​ហេ​រ៉​ង់​ និង​ក្រុងអ៉ី​ស្ប៉ា​ហាន់​ ។ ការ​វាយប្រហារ​បណ្ដាល​ឲ្យ​មានការ​ផ្ទុះ​ខ្លាំង​ៗ​ក្នុង​ទីតាំង​វិទ្យុ​ និង​ទូរទស្សន៍​មួយ​នៅ​ក្រុង​តេ​ហេ​រ៉​ង់​ ។ នេះ​ជា​ការ​គូសបញ្ជាក់​របស់​ទូរទស្សន៍​រដ្ឋ​អ៉ី​រ៉​ង់​ដែល​បន្ត​ថា ពុំ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ​។ ​ចំណែក​ទីតាំង​នុយក្លេអ៊ែរ​អ៉ីរ់ង់ NATANZ​ ពុំ​មានការ​សាយភាយ​វិទ្យុសកម្ម​ឡើយ​ ។

អា​មេ​រិ​កបាន​វាយប្រហារ​ទីតាំង​នុយក្លេអ៊ែរ​នោះ​ ក្នុង​ស​ង្ក្រា​ម​១២​ថ្ងៃ​កាលពី​ខែមិថុនា​កន្លង​ទៅ​។ ដោយ​ពុំ​មាន​ផ្ដល់​ភស្ដុ​តាង​នាយក​រដ្ឋមន្ត្រីអ៉ីស្រា​អែ​ល​ លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ​លើក​ឡើង​ថា​អ៉ី​រ៉​ង់​កំពុង​កសាង​ឡើង​វិញ ទីតាំង​ក្រោម​ដី​ថ្មី​ៗ សម្រាប់​ផលិត​គ្រាប់បែកនុយក្លេអ៊ែរ​ ។ អ៉ី​រ៉​ង់​អះអាង​ថា​ ខ្លួន​ពុំ​បាន​ចម្រាញ់​អ៊ុយ​រ៉ា​នី​ញ៉ូ​ម​ឡើយ​ ចាប់​តាំង​ពិ​ខែមិថុនា​មក តែ​ដោយ​រក្សា​សិទ្ធិ​បន្ត​កម្មវិធី​នុយក្លេអ៊ែរ​ស៊ី​​វិល ​។

អំពី​ជន​រង​គ្រោះ​ដោយសារ​ស​ង្ក្រា​ម​ថ្មី​នេះ អឌ្ឍចន្ទ​ក្រហម​អ៉ីរ៉​ង់​ថ្លែង​ថា ប្រតិបត្តិការ​យោធា​របស់​អា​មេ​រិ​ក ​និងអ៉ីស្រា​អែ​ល បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៧៨៧​នាក់​ ។ នៅ​អ៉ី​ស្រា​អែ​ល​ដែល​កន្លែង​ជា​ច្រើន​រង​គ្រាប់​មី​ស៊ីលអ៉ី​រ៉​ង់ មាន​សេចក្ដីរាយការណ៍​ពី​មនុស្ស​ស្លាប់​ត្រឹម​១១​នាក់​ ។ កងទ័ព​អា​មេ
​រិ​ក​អះអាង​ពី​ទាហាន​ខ្លួន​ស្លាប់​៦​នាក់​ ។

ក្នុង​សង្គ្រាម​នេះ​ កើត​មានការ​បាញ់​ច្រឡំ​ត្រូវ​បណ្ដា​យន្តហោះ​គ្នា​ឯង ពេល​កងទ័ព​អា​មេ​រិ​ក​ប្រកាស​ថា គុយ​វ៉ែត​បាន​បាញ់​ច្រឡំ​ត្រូវ​យន្តហោះ​ប្រយុទ្ធ​ខ្លួន​៣​គ្រឿង ពេល​អ៉ី​រ៉​ង់​វាយប្រហារ​។ អ្នក​បើក​យន្តហោះ​៦​នាក់ ​អាច​លោត​ចេញ​តាម​ឆ័​ត្រ​យោង​រួច​ផុត​ពី​គ្រោះថ្នាក់​។ អ៉ី​រ៉​ង់​បាន​វាយប្រហា​លើ​ប្រទេស​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម ត្រូវ​ចំ​ទីតាំង​អា​ម៉ា​ហ្សូ​ន​២​កន្លែង ហើយ​ដ្រូ​ន​អ៉ី​រ៉​ង់​មួយ​វាយប្រហារ​ទីតាំង​អា​ម៉ា់​ហ្សូ​ន​មួយ​នៅ​បា​រ៉ែ​ន ​បណ្ដាល​ឲ្យ​មានការ​ខូចខាត​។

អ៉ីរ៉​ង់​ក៏​វាយប្រហារ​បណ្ដា​ទីតាំង​ថាមពល​នៅ​ប្រទេស​កា​តា​ និង​អា​រ៉ា​ប៊ី​សា​អូឌីត និង​វាយប្រហារ​បណ្ដា​នាវា​នៅ​ច្រក​សមុទ្រ​ORMUZ ។ ការ​បិទ​ច្រក​សមុទ្រ​នោះ​នាំ​ឲ្យ​ប្រេង​ និង​ឧស្ម័ន​ឡើងថ្លៃ​ខ្ពស់​ព្រោះ​ជា​ផ្លូវ​សមុទ្រ​ពា​ណិ​ជ្ច​កម្ម​សំខាន់​បំផុត​មួយ​ពិសេស​ការ​ដឹក​ប្រេង​និង​ឧស្ម័ន​ឆ្លងកាត់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ