រាជធានីភ្នំពេញ ៖ បន្ទាប់ពីកោះសន្តិភាពផ្សាយពីទឹកស្អុយ ជន់លិចផ្លូវ រាប់ខែនៅសង្កាត់កាកាបទី២, អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានចុះទៅបូមលូ, កាយដាក់លូ, និងលាងសំអាតផ្លូវ ហើយនៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ នេះ ។

តាមមន្ត្រីសាធារណការខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា ដោយមានការណែនាំពីលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ មន្ត្រីជំនាញរួមទាំងចៅសង្កាត់កាកាបទី២បានយកគ្រឿងចក្រចុះសហការជាមួយម្ចាស់ឃ្លាំង និងផ្ទះដែលពាក់ព័ន្ធកាយ ដើម្បីដាក់លូរំដោះទឹក ។

ខណៈនោះដែរ មន្ទីរសាធារណៈការរាជធានីភ្នំពេញក៏បានផ្ដល់រថយន្តបូមលូ១គ្រឿង ដើម្បីចាត់ចែងបូមទឹកស្អុយចេញងាយស្រួលគ្រឿងចក្រកាយដាក់លូ ។ នៅក្នុងនោះដែរ មន្ត្រីជំនាញក៏បានយករថយន្តលាងសម្អាតផ្លូវដែលពោរពេញទៅដោយស្លែកាន់រាប់ខែផងដែរ ។

តាមព័ត៌មានបានឲ្យដឹងទៀតថា មូលហេតុដែលបណ្ដាលឲ្យទឹកស្អុយជន់លិច ផ្លូវដោយសារម្ចាស់ផ្ទះនិងឃ្លាំងចំនួន២(ប្រវែង២០ម៉ែត្រ)នៅចំណុចនោះ មិនបានសហការជាមួយអាជ្ញាធរដោយដាក់លូភ្ជាប់រំដោះទឹក បន្ទាប់ពីប្រជាពលរដ្ឋនៅជុំវិញបានដាក់លូរួចជាស្រេចហើយនោះទើបជាហេតុធ្វើឲ្យទឹកច្រាលចេញពីលូបណ្ដាលឱ្យលិចផ្លូវ ។
តាមមន្ត្រីសាធារណការ ខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា បើសិនតំបន់នោះពុំមានប្រព័ន្ធលូ អាជ្ញាធរបានលើកជាគម្រោងដើម្បីអភិវឌ្ឍ តែចំណុចនោះនៅសល់តែពីផ្ទះ ទើបអាជ្ញាធរបានណែនាំឲ្យម្ចាស់ផ្ទះដាក់ប្រព័ន្ធលូរំដោះទឹកដោយខ្លួនឯង ។

គួរបញ្ជាក់ថា កំណាត់ផ្លូវមួយខ្សែ ដែលទឹកស្អុយជាន់លិច ស្ថិតនៅផ្លូវធំ(៣០ម៉ែត) នៅភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវទឹកស្អុយជន់លិចប្រមាណ២ទៅ៣ខែមកហើយ នៅរដូវប្រាំងនេះនិងកំពុងតែបង្កអោយផ្លូវរងការខូចខាតបណ្តើរៗ ព្រមទាំងប៉ះពាល់ដល់បរិស្ថាន និងសោភ័ណ្ឌភាពរាជធានីភ្នំពេញ ។
ការជន់លិចប្រជាពលរដ្ឋនៅតំបន់នោះ បានទប់ទំនប់មុខផ្ទះរបស់ខ្លួនជាកង់ៗដើម្បីធ្វើដំណើរចេញចូលផ្ទៈរបស់ខ្លួនយ៉ាងវេទនាបំផុត ។ បន្ទាប់ពីមានការផ្សព្វផ្សាយ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យក៏បានយករថយន្តបូមលូទៅបូមទឹកស្អុយចេញ និងយកគ្រឿងចក្រកាយដាក់ប្រព័ន្ធលូព្រមទាំងលាងសម្អាតផ្លូវផងដែរ ៕
ចែករំលែកព័តមាននេះ