រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចផ្លាស់ប្តូរយ៉ាងម៉ឺងម៉ាត់នូវគោនយោបាយជាតិពីការទប់ស្កាត់ឱ្យក្លាយទៅជាការលុបបំបាត់ទាំងស្រុង នូវមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ឱ្យអស់ត្រឹមខែមេសា២០២៦ ។
ការគូសបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វី តែល ភ្នំពេញ ។
សម្តេចធិបតី នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាផ្តល់ជូននូវអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រគួរឱ្យទាក់ទាញសម្រាប់វិនិយោគិន ដោយឈរលើស្ថេរភាពនយោបាយ ភាពធនផ្នែកម៉ាក្រូសេដ្ឋ កិច្ច, លទ្ធភាពចូលទីផ្សារធំទូលាយ និងក្របខណ្ឌគតិយុត្តិ និងការកែទម្រង់ប្រកបដោយទស្សនៈវែងឆ្ងាយ ។
ជាមួយគ្នានោះដែរ សម្តេចបវរធិបតី ក៏គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំបង្កើតបរិយាកាស ប្រតិបត្តិការប្រកបដោយសុវត្ថិភាព ដែលមានភាពអាចប៉ានស្មានបាន ដើម្បីកាត់បន្ថយឱ្យបានជាអតិបរមានូវហានិភ័យផ្នែកយុត្ថាធិការ បង្កើតទំនុកចិត្តសម្រាប់ជំនឿទុកចិត្ត និងធានានូវនិរន្តរភាព អាជីវកម្មរយៈពេលវែង ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ស្របតាមការប្តេជ្ញាចិត្តនេះរាជរដ្ឋាភិបាល បានសម្រេចផ្លាស់ប្តូរយ៉ាងម៉ឺងម៉ាត់ នូវគោនយោបាយជាតិ ការទប់ស្កាត់ ឱ្យទៅជាការលុបបំបាត់ទាំងស្រុងនូវមជ្ឈមណ្ឌលឆបោកតាមអនឡាញឱ្យអស់ត្រឹមខែមេសា ២០២៦ ដើម្បីពង្រឹងវិធានច្បាប់ និងអនុលោមភាពស្ថាប័ន និងការពារបន្ថែមទៀតនូវសុច្ចរិតភាព ក្នុងបរិយាកាសវិនយោគ ។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជា ឆ្នាំ២០២៦ គឺជាវេទិកាដ៏មានសារសំខាន់ប្រចាំឆ្នាំដែលនឹងជជែកពិភាក្សាពីការធ្វើធុរកិច្ចរវាងអាស៊ាន និងកម្ពុជា ដើម្បីឆ្លើយតបទៅនឹងបញ្ហា ប្រឈមនាពេលបច្ចុប្បន្ន និងការស្វែងរកនូវកាលានុវត្តភាពថ្មីៗបន្តទៀត ។
ពាក់ព័ន្ធនឹងបទល្មើសឆរតាមប្រព័ន្ធអនឡាញលោក ទូច សុឃៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារបង្ក្រាបបទល្មើសឆរបោសតាមប្រព័ន្ធអនឡាញ និងត្រួតពិនិត្យទីតាំងការប្រមូលផ្តុំ ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានលើកឡើងថា ជាលទ្ធផលចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ការបង្ក្រាបនៅតាមស្នងការរដ្ឋានរាជធានី ខេត្ត សរុបទូទាំងប្រទេសបានចុះបង្ក្រាប បោសសំអាតចំនួន២១លើក ដែលមាន៧រាជធានី ខេត្ត ឃាត់ខ្លួនបានមនុស្សចំនួន៤១៩នាក់ ស្មើនឹង១២សញ្ជាតិ ក្នុងនោះមានជនជាតិ២៧៣នាក់ និងខ្មែរ៥០នាក់ ក្រៅពីនេះមានសញ្ជាតិផ្សេងៗ៕
ចែករំលែកព័តមាននេះ