ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងពាណិជ្ជកម្មអំពាវនាវឱ្យពលរដ្ឋប្រើ​ប្រាស់​ប្រេងដោយសន្សំសំចៃ ខណៈសង្គ្រាមនៅ​មជ្ឈិមបូព៌ារុញច្រានតម្លៃប្រេងសកលឱ្យហក់​ឡើង​ថ្លៃ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម តាមរយៈ​អ្នកនាំពាក្យ​របស់​ខ្លួន នៅ​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២៦ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ សូម​មេត្តា​ប្រើប្រាស់​ប្រេងឥន្ធនៈ​ដោយ​សន្សំសំចៃ ខណៈ​តម្លៃ​ប្រេង​ចាប់ផ្តើម​កើនឡើង…

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម តាមរយៈ​អ្នកនាំពាក្យ​របស់​ខ្លួន នៅ​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២៦ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ សូម​មេត្តា​ប្រើប្រាស់​ប្រេងឥន្ធនៈ​ដោយ​សន្សំសំចៃ ខណៈ​តម្លៃ​ប្រេង​ចាប់ផ្តើម​កើនឡើង ដោយសារ​ការ​ផ្ទុះ​សង្គ្រាម​នៅ​តំបន់​ដើម​បូព៌ា បណ្តាល​ឱ្យកាត់​ផ្តាច់​នូវ​ការ​ផ្គត់ផ្គង់​ប្រេង ។ ប៉ុន្តែ​បញ្ហា​នេះ​ មិនមានការ​ទាយ​ទុក​ទេ​ថា​ តើ​សង្គ្រាម​នេះ​នឹង​អូស​បន្លាយ​យូរ​ប៉ុនណា ?

តាម​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​មួយ​បាន​ស្រង់សម្តី​ឯកឧត្តម ប៉ែន សុ​វិជាតិ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម ដែល​បាន​បញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២៦​ថា ក្រសួងពាណិជ្ជកម្ម​ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល កំពុង​​តាមដាន​យ៉ាង​យកចិត្តទុកដាក់ ចំពោះ​ការ​កើនឡើង​នៃ​តម្លៃ​ប្រេង​ និង​ស្តុក​ប្រេង​របស់​ក្រុមហ៊ុន​នាំ​ចូល ដើម្បី​ធានា​ដល់​ការ​ផ្គត់ផ្គង់​ប្រេង​ក្នុង​ប្រទេស​កម្ពុជា ។

ឯកឧត្តម​បន្ថែម​ថា ក្នុង​ករណី​តម្លៃ​ប្រេង​កើនឡើង ដើម្បី​បន្ថយ​បន្ទុក​ចំណាយ​របស់​ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល​នឹង​ធ្វើការ​ឧបត្ថម្ភ​ធន ដើម្បីបញ្ចុះ​ថ្លៃ​ប្រេង​ដល់​ប្រជាពលរដ្ឋ ។ បន្ថែម​​ពី​នេះ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​បន្ត​ប្រឹងប្រែង​ស្វែងរក​ប្រភព​ផ្គត់ផ្គង់​ប្រេង ដើម្បី​ធានា​​ឱ្យ​ការ​ស្តុក​ប្រេង​សម្រាប់​រយៈពេល​១​ខែ​ដូច​ពេល​មុន​ៗ ។

យ៉ាងណា​ក៏​ដោយ ក្រសួងពាណិជ្ជកម្ម​ក៏​រំពឹង​ថា សង្គ្រាម​នៅ​តំបន់​ដើម​បូព៌ានឹង​បញ្ចប់​ក្នុង​ពេល​ឆាប់​ៗ ដែល​នឹង​ធ្វើ​ឱ្យ​តម្លៃ និង​ការ​ផ្គត់ផ្គង់​ប្រេង​ត្រឡប់​មក​រក​ប្រក្រតី​ភាព​ឡើង​វិញហើយ​ប្រសិនបើ​សង្គ្រាម​អូស​បន្លាយ​យូរ សង្ឃឹមថា​ សហរដ្ឋអាមេរិក​នឹង​បញ្ចេញ​ស្តុក​ប្រេង ដើម្បី​បន្ថយ​សម្ពាធ​ជា​អន្តរជាតិ​មួយ​នេះ ។

ភាព​តានតឹង​នៃ​ការ​ព្រួត​គ្នា​រវាង​សហរដ្ឋអាមេរិក​ និង​អ៉ី​ស្រា​អែ​ល វាយប្រហារ​លើ​ប្រទេស​អ៉ី​រ៉​ង់ កំពុង​រុញច្រាន​ស្ថានភាព​សេដ្ឋកិច្ច​របស់​ពិភព​លោក​ឱ្យ​ស្ថិត​ក្នុង​ភាព​រង្គោះរង្គើ ។ ជំហាន​ដំបូង ប្រសិនបើ​អ៉ី​រ៉​ង់​ប្រើប្រាស់​យុទ្ធសាស្ត្រ​បិទ​ច្រក​សមុទ្រ​ហ័​រ​ម៉ូ​ស​ដូច​ការ​ព្រមាន​មែន​នោះ សេដ្ឋកិច្ច​សកល​នឹង​ត្រូវ​ជួប​គ្រោះអាសន្ន​ភ្លាម​ៗ ព្រោះ​បច្ចុប្បន្ន​ប្រមាណ​១/៣​នៃ​ការ​នាំ​ចេញ​ប្រេង​តាម​
សមុទ្រ និង​២០%​នៃ​ការ​នាំ​ចេញ​ឧស្ម័ន​ធម្មជាតិ​ផ្គត់ផ្គង់​លើ​ទីផ្សារ​ពិភពលោក គឺសុទ្ធតែ​ត្រូវ​ដឹក​ជញ្ជូន​ឆ្លងកាត់​ច្រក​យុទ្ធសាស្ត្រ​មួយ​នេះ ។

ក្នុង​ចំណោម​ក្រុម​ប្រទេស​ផលិត​ប្រេង OPEC អ៉ី​រ៉​ង់​គឺជា​អ្នក​ផលិត​ធំ​ជាងគេ​លំដាប់​ទី​៤ ដែល​មាន​សមត្ថភាព​ផ្គត់ផ្គង់​លើស​ពី​៣​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ ។ អ្វី​ដែល​សំខាន់​បំផុត​នោះ គឺ​ភូមិសាស្ត្រ​នយោបាយ​របស់​អ៉ីរ៉​ង់ ដែល​ស្ថិត​តាម​បណ្តោយ​ឆ្នេរ​នៃ​ច្រក​សមុទ្រ​ហ័​រ​ម៉ូ​ស បាន​ធ្វើ​ឱ្យ​ប្រទេស​នេះ​មាន​អំណាច​ក្នុង​ការ​គ្រប់គ្រង​ផ្លូវទឹក​ដ៏​សំខាន់​សម្រាប់​តម្លៃ​ទំនិញ​សកល ។

លោក បូ​ប ម៉ាក​ណា​លី (Bob McNally) អតីត​ទីប្រឹក្សា​ថាមពល​នៃ​សេត​វិមាន បាន​ព្រមាន​ថា ពិភពលោក​មិន​ត្រូវ​មើល​ស្រាល​ការ​គំរាមកំហែង​សងសឹក​របស់​អ៉ីរ៉​ង់​ឡើយ ។ លោក​បាន​ព្យាករ​ថា តម្លៃ​ប្រេង​ឆៅ​នៅ​ស​ប្តា​ហ៍​ក្រោយ អាច​នឹង​ហក់​ឡើង​ពី​៥​ទៅ​៧​ដុល្លារ​បន្ថែម​ទៀត​ក្នុង​មួយ​បារ៉ែល ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៦ មុន​ការ​វាយប្រហារ តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បាន​ឡើងថ្លៃ​២,៤៥% រួច​ទៅ​ហើយ ពោល​គឺ​ដល់​កម្រិត ៧២,៤៨​ដុល្លារ ក្នុង​មួយ​បារ៉ែល ។

លោក​បាន​សង្កត់ធ្ងន់​ថា ប្រសិនបើ​ច្រក​សមុទ្រហ័​រ​ម៉ូ​សលែង​មាន​សុវត្ថិភាព តម្លៃ​ប្រេង​អាច​នឹង​ហក់​ឡើង​លើស​ពី​១០០​ដុល្លារ​ក្នុង​មួយ​បារ៉ែល ។ លោក​បន្ថែម​ថា អ៉ី​រ៉​ង់​មាន​គ្រាប់​មីន​ក្នុង​ទឹក និង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​គ្រប់គ្រាន់ ដើម្បី​បង្ក​ការ​រំខាន​ដល់​ចរាចរណ៍​ទំនិញ​តាម​ផ្លូវទឹក ។

កាលពី​ឆ្នាំ​២០២៥​កន្លង​ទៅ ច្រក​សមុទ្រ​នេះ​បាន​បម្រើ​ការ​ដឹក​ជញ្ជូន​ប្រេង​រហូត​ដល់​១៤​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ ហើយ​ក៏​ជា​ដង្ហើម​សេដ្ឋកិច្ច ដ៏​មមារញឹក​សម្រាប់​ការ​ដោះ​ដូរ​ពាណិជ្ជកម្ម​រវាង​តំបន់​ដើម​បូព៌ា​ជាមួយ​ចិន ឥណ្ឌា ជប៉ុន និង​កូរ៉េ​ខាងត្បូង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ