សុខភាព៖ តើអ្នកដឹងទេថា ការញ៉ាំកាហ្វេជារៀងរាល់ថ្ងៃមិនត្រឹមតែជួយឱ្យស្វាងជានោះទេ តែវាក៏ជាខែលការពារថ្លើមដ៏ល្អប្រសើរផងដែរ។
យោងតាមការសិក្សារបស់វិទ្យាស្ថានស្រាវជ្រាវមហារីកអាម៉េរិក (AICR) លើមនុស្សជិត ៥០ម៉ឺននាក់ បានរកឃើញថា អ្នកដែលញ៉ាំកាហ្វេជាប្រចាំមានហានិភ័យទាបជាងមុន ២១% នៃជំងឺថ្លើមរ៉ាំរ៉ៃ និងអាចកាត់បន្ថយគ្រោះថ្នាក់ដល់ជីវិតដោយសារជំងឺថ្លើមបានរហូតដល់ ៤៩%។ សារធាតុក្នុងកាហ្វេ និងប៉ូលីហ្វេណុល ដែលជាជាតិប្រឆាំងអុកស៊ីតកម្ម ដើរតួយ៉ាងសំខាន់ក្នុងការការពារកោសិកាថ្លើមពីការបំផ្លាញ និងទប់ស្កាត់ការកកើតកោសិកាមហារីក។
ដើម្បីទទួលបានអត្ថប្រយោជន៍ខ្ពស់បំផុត អ្នកជំនាញណែនាំឱ្យញ៉ាំកាហ្វេក្នុងបរិមាណពី ៣ ទៅ ៤ ពែងក្នុងមួយថ្ងៃ ហើយអ្វីដែលសំខាន់បំផុតនោះគឺ ត្រូវញ៉ាំកាហ្វេខ្មៅសុទ្ធ ដោយមិនបន្ថែមស្ករ ទឹកដោះគោ ឬជាតិផ្អែមផ្សេងៗឡើយ។ ទោះជាយ៉ាងណា ចំពោះអ្នកដែលមានជំងឺតម្រងនោម លើសឈាម លើសជាតិខ្លាញ់ ឬមានបញ្ហាបេះដូង និងក្រពះ គួរតែប្រុងប្រយ័ត្ន និងកម្រិតការញ៉ាំឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងផលប៉ះពាល់ដល់សុខភាព។
ក្រៅពីការញ៉ាំកាហ្វេ ការការពារមហារីកថ្លើមត្រូវការការរស់នៅប្រកបដោយសុខភាពល្អទាំងស្រុង រួមមានការហាត់ប្រាណទៀងទាត់ដើម្បីគ្រប់គ្រងទម្ងន់ និងការកាត់បន្ថយគ្រឿងស្រវឹងដែលជាមេបញ្ហាបង្កឱ្យថ្លើមឡើងរឹង។ ជាពិសេស ចំពោះអ្នកដែលមានប្រវត្តិគ្រួសារកើតមហារីកថ្លើម ឬអ្នកកើតមេរោគថ្លើមប្រភេទ B និង C គួរតែទៅពិនិត្យសុខភាព និងអេកូថ្លើមឱ្យបានទៀងទាត់ ព្រោះជំងឺមហារីកថ្លើមនៅដំណាក់កាលដំបូងច្រើនតែមិនបង្ហាញរោគសញ្ញាច្បាស់លាស់នោះឡើយ៕
ចែករំលែកព័តមាននេះ