(រាជធានីភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពុជានឹងបន្តរងឥទ្ធិពលពីរបបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិនខាងត្បូង និងអាងទន្លេមេគង្គ ចាប់ពីថ្ងៃទី៤ ខែមីនា រហូតដល់ថ្ងៃទី៦ ខែមីនា។ ស្ថានភាពនេះនឹងបង្កឱ្យមានភ្លៀងធ្លាក់លាយឡំជាមួយបាតុភូតខ្យល់កន្ត្រាក់ និងផ្គររន្ទះ នៅតាមតំបន់មួយចំនួនទូទាំងប្រទេស។
សម្រាប់តំបន់វាលទំនាប រួមមានបណ្តាខេត្តដូចជា បន្ទាយមានជ័យ បាត់ដំបង សៀមរាប ភ្នំពេញ និងខេត្តដទៃទៀត អាចនឹងមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដីប្រមាណ ១៥% ខណៈដែលសីតុណ្ហភាពអតិបរមាអាចឡើងដល់ ៣៥°C។ ដោយឡែក តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ ក៏អាចប្រឈមនឹងបាតុភូតភ្លៀង ខ្យល់កន្ត្រាក់ និងផ្គររន្ទះ ក្នុងកម្រិតផ្ទៃដី ១០% ផងដែរ។ ចំពោះស្ថានភាពសមុទ្រ រលកអាចមានកម្ពស់ខ្ពស់បំផុតរហូតដល់ ១,០០ ម៉ែត្រ។
អាស្រ័យហេតុនេះ ប្រជាពលរដ្ឋគប្បីបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិទាំងនេះ ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕

ចែករំលែកព័តមាននេះ