ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ និង​ក្រុមហ៊ុន ខ្មែរ ហ្វេ​មី​លី ប៊ី​ហ្ស​នេស មេ​នេ​ច​ម៉ិ​ន រួម​គ្នា​លើកកម្ពស់​ការ​យល់​ដឹង​ពី​សុវត្ថិភាព និង​សុខភាព​ការងារ (OSH) នៅ​កន្លែងធ្វើការ

4 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ កាលពីថ្ងៃ​ទី​ ២ ខែមីនា ឆ្នាំ​ ២០២៦ នៅ​ទីស្តីការក្រសួង ឯកឧត្ដម ហេង…

រាជធានីភ្នំពេញ​ ៖ កាលពីថ្ងៃ​ទី​ ២ ខែមីនា ឆ្នាំ​ ២០២៦ នៅ​ទីស្តីការក្រសួង ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក Xie Peilin (​ស្ស៉ី ផី​លី​ន​) អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ហ្វេ​មី​លី ប៊ី​ហ្ស​នេស មេ​នេ​ច​ម៉ិ​ន ឯ​.​ក​. (Khmer Family Business Management Co., Ltd.) និង​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ស្ដី​ពី​ការ​លើកកម្ពស់​សុវត្ថិភាព និង​សុខភាព​ការងារ តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​បណ្ដុះបណ្ដាល ក្នុង​គោលបំណង​លើកកម្ពស់​ការ​យល់​ដឹង​ផ្នែក​សុវត្ថិភាព និង​សុខភាព​ការងារ (OSH) ដល់​កម្មករនិយោជិត​។

តាម​រយៈ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ នឹង​បង្កើត​ជា​ក្រប​ខណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​ជំរុញ​ការ​បណ្ដុះបណ្ដាល​ការ​យល់​ដឹង​ពី​សុវត្ថិភាព និង​សុខភាព​ការងារ (OSH) ឱ្យ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ស្តង់ដា​។ តាម​រយៈ​គម្រោង​នេះ ក្រុមហ៊ុន និង​ដៃគូ​សហការ​នឹង​ប្រើប្រាស់​សក្តានុពល និង​សមត្ថភាព​វិជ្ជាជីវៈ​របស់​ខ្លួន ដើម្បី​ផ្ដល់​ការ​គាំទ្រ​យ៉ាង​រឹង​មាំ​សម្រាប់​ការ​អភិវឌ្ឍ​ប្រព័ន្ធ​សុវត្ថិភាព និង​សុខភាព​ការងារ​នៅ​កម្ពុជា​។

នា​ឱកាស​នោះ លោក Xie Peilin បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ក្រសួង ដែល​បាន​គាំទ្រ​និង​ផ្ដល់​ទំនុកចិត្ត​ដល់​ក្រុមហ៊ុន​ក្នុង​ការ​រួមចំណែក​ផ្តល់​សេវា​សាធារណៈ​នៅ​កម្ពុជា​។ លោក​បាន​លើក​ឡើង​ថា ការ​ផ្តល់​ការ​បណ្ដុះបណ្ដាល​ដើម្បី​លើកកម្ពស់​ចំណេះដឹង OSH និង​ការ​ធានា​ឱ្យ​សហគ្រាស​ទទួល​បាន​លទ្ធផល​តាម​ការ​រំពឹង​ទុក គឺជា​គោលបំណង​ចម្បង​របស់​ក្រុមហ៊ុន​។

លោក​អគ្គនាយក Xie បាន​ប្ដេជ្ញា​ចិត្ត​បង្កើន​ប្រព័ន្ធ​ស្តង់ដា​គ្រប់គ្រង​ការ​ធានា​សុវត្ថិភាព​សម្រាប់​កម្មករនិយោជិត ទៅ​តាម​លក្ខណៈ​បច្ចេកទេស និង​វិទ្យាសាស្ត្រ​កម្រិត​ខ្ពស់ ដើម្បី​ធានា​ថា​គម្រោង​នេះ​សម្រេច​បាន​លទ្ធផល​ជា​អតិបរមា​សម្រាប់​អត្ថប្រយោជន៍​ដល់​កម្មករនិយោជិត និង​សហគ្រាស​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​ថា សុវត្ថិភាព និង​សុខភាព​ការងារ គឺជា​អាទិភាព​មួយ​យ៉ាង​សំខាន់​នៅ​កន្លែងធ្វើការ ដែល​រាជរដ្ឋាភិបាល ក៏​ដូច​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​: និង​ដៃគូ​ពាក់ព័ន្ធ​បាន​និង​កំពុង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ផ្នែក OSH នេះ ដែល​គ្រប់​គ្នា​ត្រូវ​តែ​យល់​ដឹង​អំពី OSH ដើម្បី​ចៀសវាង​នូវ​ហានិភ័យ​ណាមួយ​នៅ​កន្លែងធ្វើការ​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​បើក​ដំណើរការ​បណ្ដុះបណ្ដាល​ឱ្យ​បាន​ឆាប់រហ័ស ដោយ​ឯកឧត្តម​សង្ឃឹមថា ការ​ចែករំលែក​បទ​ពិសោធ​របស់​ក្រុមហ៊ុន​នឹង​ជួយ​សម្រួល​ដល់​ការ​រៀបចំ​មេរៀន និង​វគ្គ​បណ្ដុះបណ្ដាល​ឱ្យ​មាន​ប្រសិទ្ធភាព ឆ្លើយ​តប​ទៅ​នឹង​កំណើន​រោងចក្រ និង​សហគ្រាស​នៅ​កម្ពុជា​។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន ខ្មែរ ហ្វេ​មី​លី ប៊ី​ហ្ស​នេស មេ​នេ​ច​ម៉ិ​ន ដែល​ត្រូវ​បាន​បង្កើត​ឡើង​រវាង​ក្រុមហ៊ុន Guanhong Enterprise Management (Qingdao) Co., Ltd. នៅ​ប្រទេស​ចិន និង​ក្រុមហ៊ុន LX group (​អិ​ល អិ​កស៍ គ្រុប​) នៅ​កម្ពុជា បាន​ប្ដេជ្ញា​ចិត្ត​រួម​គ្នា​ប្រមូលផ្តុំ​ធនធាន​ចិន​-​កម្ពុជា ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​ការ​បណ្ដុះបណ្ដាល​លើកកម្ពស់​ចំណេះដឹង OSH ការ​ចុះ​ត្រួតពិនិត្យ​សុវត្ថិភាព​សហគ្រាស ការ​លើកកម្ពស់​ស្តង់ដា​បទ​ប្បញ្ញត្តិ OSH និង​គំនិត​ផ្ដួចផ្ដើម​កិច្ចសហការ​ពាក់ព័ន្ធ​៕ អត្ថបទសហការ