ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ត្រូវ​បាន​គេ​ប៉ាន់​ស្មានថា ចាយ​ជិត​៨០០​លាន​ដុល្លារ​វាយប្រហារ​អ៊ី​រ៉​ង់ នៅ​ថ្ងៃ​ដំបូង

1 នាទី មុន

ប្រទេស​តួ​ក​គី ៖ យោង​តាម​ការ​ប៉ាន់ស្មាន និង​ទិន្នន័យ​ដែល​ចងក្រង​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Anadolu របស់​តួ​ក​គី បានឱ្យ​ដឹង​ថា កងកម្លាំង​សហរដ្ឋអាមេរិក​បាន​ចំណាយ​លុយ​ប្រមាណ ៧៧៩ លាន​ដុល្លារ​អា​មេ​រិ​ក…

ប្រទេស​តួ​ក​គី ៖ យោង​តាម​ការ​ប៉ាន់ស្មាន និង​ទិន្នន័យ​ដែល​ចងក្រង​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Anadolu របស់​តួ​ក​គី បានឱ្យ​ដឹង​ថា កងកម្លាំង​សហរដ្ឋអាមេរិក​បាន​ចំណាយ​លុយ​ប្រមាណ ៧៧៩ លាន​ដុល្លារ​អា​មេ​រិ​ក ឬ​ប្រហែល ០,១% នៃ​ថវិកា​ការពារ​ជាតិ​ឆ្នាំ ២០២៦ ទាំងមូល​របស់​សហរដ្ឋអាមេ​រិក អំឡុង​ពេល ២៤ ម៉ោង​ដំបូង (​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៦) នៃ​ការ​វាយប្រហារ​របស់​ខ្លួន​ប្រឆាំង​នឹង​ប្រទេស​អ៊ី​រ៉​ង់​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ដោយ​អង្គការ​ត្រួតពិនិត្យ​ព័ត៌មាន​មិន​ស្វែងរក​ប្រាក់​ចំណេញ Middle East Monitor ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២៦​។

ទីភ្នាក់ងារសារព័ត៌មាន Anadolu បាន​រាយការណ៍​ថា កងកម្លាំង​បញ្ជាការ​កណ្តាល​សហរដ្ឋអាមេរិក (CENTCOM) បាន​បញ្ជាក់​ថា ការ​ដាក់​ពង្រាយ​យ៉ាងច្រើន រួម​មាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​បំបាំងកាយ B-2 យន្តហោះ​ចម្បាំង F-22, F-35 និង F-16 យន្តហោះ​វាយប្រហារ A-10 និង​យន្តហោះ​សង្គ្រាម​អេ​ឡិច​ត្រូ​និ​ច EA-18G​។ ប្រតិបត្តិការ​នេះ​ក៏​បាន​ប្រើ​ដ្រូ​ន MQ-9 Reaper នាវា​ផ្ទុក​យន្តហោះ​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ នាវា​ពិឃាត​មី​ស៊ី​ល​ដឹកនាំ និង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល Patriot និង THAAD ផង​ដែរ​។

របាយការណ៍​បន្ត​ថា យន្តហោះ​ទម្លាក់​គ្រាប់បែក​បំបាំងកាយ B-2 ចំនួន ៤ គ្រឿង ដែល​ហោះ​ដោយ​មិន​ឈប់​ពី​មូលដ្ឋាន​ទ័ពអាកាស Whiteman ក្នុង​រដ្ឋ​មី​ស៊ូ​រី (Missouri) របស់​សហរដ្ឋអាមេរិក បាន​វាយប្រហារ​គោលដៅ​ដោយ​ប្រើ​គ្រាប់បែក​វាយប្រហារ​ដោយ​ផ្ទាល់​រួម​គ្នា (JDAM) ទម្ងន់ ៩០៧ គីឡូក្រាម​។

ដោយ​ដឹង​ថា​មាន​តម្រូវការ​ថែទាំ​ខ្ពស់ និង​សមត្ថភាព​ផ្ទុក​ទម្ងន់​ដល់ ១៨ ១៤៣ គីឡូក្រាម​នោះ ប្រតិបត្តិការ B-2 តែ​មួយ​មុខ​មាន​តម្លៃ​ប្រមាណ ៣០,២ លាន​ដុល្លារ ផ្អែក​លើ​ម៉ោង​ហោះហើរ ថ្លៃ​ថែទាំ និង​ទិន្នន័យ​តម្រូវការ​គ្រាប់​ពី​សំណើ​ថវិកា​ឆ្នាំ ២០២៥ និង ២០២៦ របស់​ក្រសួងការពារជាតិ​អា​មេ​រិ​ក​។
យោង​តាម​ការ​បង្ហោះ​របស់ CENTCOM លើ​បណ្តាញ​សង្គម X បង្ហាញ​ថា ការ​ប្រមូលផ្តុំ​យន្តហោះ​ចម្បាំង​ជា​ច្រើន​ប្រភេទ​របស់ CENTCOM ដូច​ជា F-18, F-16, F-22 និង F35 បាន​រួមចំណែក​ដល់​ការ​វាយប្រហារ​ថ្ងៃ​ដំបូង​។

ដោយ​ផ្អែក​លើ​ម៉ោង​ហោះហើរ ថ្លៃ​ថែទាំ និង​ទិន្នន័យ​តម្រូវការ​គ្រាប់​ពី​សំណើ​ថវិកា​ក្រសួងការពារជាតិ​អា​មេ​រិ​ក​ឆ្នាំ ២០២៥ និង ២០២៦ ការ​វាយប្រហារ​ទាំងនេះ​មាន​តម្លៃ​ប្រមាណ ២៧១,៣៤ លាន​ដុល្លារ​។ យន្តហោះ​ឯកទេស រួម​ទាំង EA-18G Growler, A-10C Thunderbolt និង MQ-9 Reaper បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​រួម​ជាមួយ​ប្រព័ន្ធ​វាយប្រហារ​ដ្រូ​ន​តម្លៃ​ទាប (LUCAS)​។

នៅ​ពេល​គិតដល់​យន្តហោះ​ល្បាត​សមុទ្រ P-8 យន្តហោះ​ឈ្លបយកការណ៍ RC-135 និង​យន្តហោះ​ដឹក​ប្រេង​តាម​អាកាស ក៏​ដូច​ប្រព័ន្ធ​រ៉ុក្កែត​កាំភ្លើង​ធំ​ចល័ត HIMARS ដែល​មាន​មូលដ្ឋាន​នៅ​ដីគោក តម្លៃ​សម្រាប់​ការ​ចំណាយ​ផ្លូវអាកាស និង​ដីគោក​រួម​បញ្ចូល​គ្នា រួម​ទាំង​បណ្តា​យន្តហោះ​ចម្បាំង បាន​កើន​ដល់​ប្រហែល ៤២៣,៥៧ លាន​ដុល្លារ​។

ក្រុម​នាវា​ផ្ទុក​យន្តហោះ​អា​មេ​រិ​ក ២ ក្រុម​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា គឺ​នាវា USS Abraham Lincoln និង USS Gerald R. Ford ក៏​បាន​ចូលរួម​ក្នុង​ការ​វាយប្រហារ​នេះ​ដែរ​។ តម្លៃ​នៃ​ប្រតិបត្តិការ​នាវា​ផ្ទុក​យន្តហោះ រួម​ជាមួយ​ក្រុម​នាវា​ពិឃាត និង​នាវា​ប្រយុទ្ធ​តាម​សមុទ្រ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​មាន​ចំនួន ១៥ លាន​ដុល្លារ​ក្នុង​១​ថ្ងៃ​។

លើស​ពី​នេះ CENTCOM ក៏​បាន​ចេញផ្សាយ​វី​ដេ​អូ​នៃ​កងទ័ពជើងទឹក​របស់​ខ្លួន កំពុង​ដាក់​ពង្រាយ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ Tomahawk ជា​ច្រើន​គ្រាប់​ផង​ដែរ ខណៈ​ពេល​ដែល​ចំនួន​ពិតប្រាកដ​នៅ​តែ​រក្សា​ការ​សម្ងាត់ ប៉ុន្តែ​ការ​ប៉ាន់ស្មាន​បង្ហាញ​ថា Tomahawks មាន​ប្រហែល ២០០ គ្រាប់​ត្រូវ​បាន​បាញ់​ចេញ ដែល​តម្លៃ​សរុប​មាន ៣៤០,៤ លាន​ដុល្លារ​។

ដោយ​រួម​បញ្ចូល​គ្នា​នូវ​ការ​ចំណាយ​ទាំងនេះ ការ​ចំណាយ​សរុប​សម្រាប់​ការ​វាយប្រហារ​របស់​សហរដ្ឋ​អាមេរិក​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន​នោះ គឺ​ប្រហែល ៧៧៩,១៧៤ លាន​ដុល្លារ​។

សូម​ជម្រាប​ថា នេះ​គ្រាន់​ជា​ការ​ប៉ាន់ស្មាន និង​ស្រាវជ្រាវ​ទិន្នន័យ​ចងក្រង​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Anadolu របស់​តួ​ក​គី​តែ​ប៉ុណ្ណោះ ខណៈ​តួលេខ​នៃ​ការ​ចំណាយ​ពិតប្រាកដ ឬ​ផ្លូវការ​របស់​សហរដ្ឋអាមេរិក មិន​ត្រូវ​បាន​ចេញផ្សាយ​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ