សង្គ្រាមអ៉ីរ៉ង់៖ លោកអាលីឡារីហ្សានី អាចនឹងក្លាយជាអ្នកបន្តវេន ពីលោកអាយ៉ាតុលាឡាអាលីខាមេនី មេដឹកនាំកំពូលអ៉ីរ៉ង់ដែលស្លាប់ ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល និងអាមេរិក ។

លោកជាឥស្សរជនមានដើមកំណើតពីត្រកូលសំខាន់មួយរបស់អ៉ីរ៉ង់ ។ លោកជារដ្ឋមន្ត្រី ជាប្រធានសភាហើយជាច្រើនលើកឈរឈ្មោះជាបេក្ខជនប្រធានាធិបតីតែមិនជាប់ ។ ចាប់តាំងពីខែសីហាកន្លងទៅ លោកកាន់ជាលើកទី២តំណែងយុទ្ធសាស្ត្រ ជាលេខាធិការក្រុមប្រឹក្សាជាន់ខ្ពស់នៃសន្តិសុខជាតិ។
នោះជាតំណែងគន្លឹះដែលលោកត្រូវជំនួសជាប្រមុខនៃរដ្ឋអំណាច ពេលដែលមានបញ្ហាអ្នកបន្តវេនលោកខាមេនីជាមេដឹកនាំកំពូលកំពុងចោទ ។ សម្រាប់ពេលនេះ នៅមិនទាន់មានអ្វីដែលអាចធានាថា លោកអាលីឡារីហ្សានីអាចក្លាយពិតប្រាកដជាមេដឹកនាំកំពូលថ្មីរបស់អ៉ីរ៉ង់ដែរ ពិសេសបំផុតគឹការយល់ព្រមរបស់កងឆ្មាំបដិវត្តន៍ដែលមានអានុភាពខ្លាំង។
អ្នកវិភាគខ្លះនិយាយថា លោករីហ្សានីជាអ្នកធ្លាប់ចរចា ជាមួយពួកលោកខាងលិច ដែលមើលឃើញលោកជាអ្នកអភិរក្សនិយមកណ្ដាលមួយរូប។ ប្រសិនបើអាមេរិក និងអ៉ីស្រាអែលចង់សម្លាប់លោក នោះលោកក៏អាចស្លាប់ដូចអ្នកដទៃៗទៀតដែរ តែអាមេរិកនិងអ៉ីស្រាអែលអាចទុកលោក សម្រាប់ពិភាក្សាគ្នានិងចរចាគ្នាបាន ។
ទោះបីយ៉ាងណា ការលើកឡើងនោះមិនត្រូវបានអ្នកវិភាគដទៃទៀតយល់ស្របតាមឡើយ។ ពិសេសបំផុត ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ បានចាត់ទុកលោករួចហើយថា ជាឧក្រិដ្ឋជនប្រឆាំងមនុស្សជាតិ ដែលពលរដ្ឋអ៉ីរ៉ង់មិនគាំទ្រព្រោះជាមនុស្សម្នាក់ចូលរួមក្នុងការបញ្ជាឲ្យបង្ក្រាបបាតុកម្មក្នុងថ្លុកឈាម ៕ ប្រភព៖ RFI
ចែករំលែកព័តមាននេះ