រាជធានីភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា ជានិច្ចកាល កិច្ចការការពារ អភិរក្ស និងលើកតម្លៃមរតកវប្បធម៌ជាតិ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ និងចាត់ទុកជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាល ។

យោងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដែលនេះ ជាទិវាមួយមានសារសំខាន់ ក្នុងការបង្កើនការយល់ដឹងអំពីគុណតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ដ៏សំបូរបែបបានបន្សល់ទុកពីបុព្វបុរសដែលជាគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពបានលើកកម្ពស់មនសិការស្នេហាជាតិ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន និងបានបំផុសឱ្យប្រជាពលរដ្ឋ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថា ជាពិសេស បង្ហាញពីគុណវុឌ្ឍិ និងតួនាទីស្នូលដ៏សំខាន់របស់យុវជនដែលជាកម្លាំងចលករក្នុងការអភិរក្ស ថែរក្សា ការពារលើកស្ទួយ និងអភិវឌ្ឍមរតកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ដែលជាអត្តសញ្ញាណ និងដួងព្រលឹងជាតិ រួមទាំងវប្បធម៍ចម្រុះរបស់សមាគមន៍ជនជាតិដើមភាគតិច ឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត ។
សម្ដេចធិបតីនាយករដ្ឋមន្ដ្រីបានគូសបញ្ជាក់ថា «ជានិច្ចកាល កិច្ចការការពារ អភិរក្ស និងលើកតម្លៃមរតកវប្បធម៌ជាតិ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ និងចាត់ទុកជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដូចបានបញ្ជាក់ច្បាស់ក្នុងគោលនយោបាយ និងយុទ្ធសាស្ត្រនានារបស់ជាតិ ជាពិសេស យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋ
សភា»។
ទន្ទឹមនេះ រាជរដ្ឋាភិបាល បាននិងកំពុងខិតខំប្រឹងប្រែង ដើម្បីសម្រេចនូវសមិទ្ធផលថ្មីៗជាច្រើនទៀត ជាពិសេសការផ្សព្វផ្សាយនិងលើកស្ទួយកិត្តិនាមរបស់កម្ពុជាឱ្យកាន់តែលេចធ្លោខ្ពស់ត្រដែតនៅលើឆាកអន្តរជាតិ ស្របតាមទិសស្លោក «កម្ពុជា: ព្រះរាជាណាចក្រនៃវប្បធម៌» រួមទាំងការពង្រឹងអំណាចទន់របស់ជាតិ និងការកសាង ប្រព័ន្ធអេកូឡូស៊ីដ៏រស់រវើកនិងបរិយាបន្ន សំដៅរួមចំណែកកសាងកម្ពុជាជាអរិយប្រទេស ៕
ចែករំលែកព័តមាននេះ