រាជធានីភ្នំពេញ៖ យោងតាមការព្យាករណ៍ពីក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នេះ ស្ថានភាពធាតុអាកាសនៅទូទាំងប្រទេសកម្ពុជាបង្ហាញពីសញ្ញាប្រែប្រួលខ្លាំងដែលប្រជាពលរដ្ឋគួរយកចិត្តទុកដាក់ខ្ពស់។
បើទោះបីជាសីតុណ្ហភាពអតិបរមាអាចហក់ឡើងក្ដៅខ្លាំងចន្លោះពី ៣៨°C ទៅ ៣៩°C ក៏ដោយ ប៉ុន្តែបាតុភូតភ្លៀងកក់ខែអាចនឹងកើតមានឡើងនៅតាមតំបន់មួយចំនួន ដោយក្នុងនោះតំបន់វាលទំនាបអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីប្រមាណ ១៥% រីឯតំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រវិញ ភ្លៀងអាចនឹងធ្លាក់គ្របដណ្តប់លើផ្ទៃដីប្រមាណ ១០%។
អ្វីដែលសំខាន់នោះគឺ ទោះបីជាភាគរយនៃផ្ទៃដីដែលមានភ្លៀងធ្លាក់មានកម្រិតតិចតួចក៏ពិតមែន ប៉ុន្តែភ្លៀងទាំងនេះអាចនឹងមកជាមួយនូវបាតុភូត ខ្យល់កន្ត្រាក់ និងរន្ទះ ដែលតម្រូវឱ្យមានការប្រុងប្រយ័ត្នដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗដល់ជីវិត និងទ្រព្យសម្បត្តិ៕
ចែករំលែកព័តមាននេះ