ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកសម្របសម្រួល​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា បញ្ជាក់​ពី​ការ​បន្ត​គាំទ្រ​ដល់​ដំណើរការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​របស់​កម្ពុជា

12 ម៉ោង មុន

រាជធានីភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២៦ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានីភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២៦ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​លោក​ជំទាវ Vladanka Andreeva អ្នកសម្របសម្រួល​អង្គការសហប្រជាជាតិ​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្ដិភាព ​។

ក្នុង​ឱកាស​នៃ​ជំនួប​ លោក​ជំទាវ Vladanka Andreeva បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​ធិ​បតី​ដែល​អនុ​ញ្ញា​ឱ្យ​រូប​លោក​ជំទាវ និង​សហការី ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ និង​បាន​សម្ដែង​នូវ​សេចក្ដី​សោមនស្ស​រីករាយ​ដែល​បាន​វិល​ត្រឡប់​មក​បំពេញបេសកកម្ម​ការងារ​នៅ​កម្ពុជា ជា​លើក​ទី​២​ ។

លោក​ជំទាវ​បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ចូលរួម​ចំណែក​របស់​កម្ពុជា​ក្នុងអំឡុងពេល ២០ ឆ្នាំ​នៅ​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​ពិភពលោក តាម​រយៈ​ការ​បន្ត​បញ្ជូន​កងទ័ព​មួក​ខៀវ​ទៅ​បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព​នៅ​ឆ័​ត្រ​ក្រោម​អង្គការសហប្រជាជាតិ​ ។

ជាមួយ​គ្នា​នេះ​ លោក​ជំទាវ​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​កម្ពុជា ជាមួយនឹង​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា នា​ពេល​កន្លង​មក​ ។

លោក​ជំទាវ​ក៏​បាន​គោរព​ជម្រាប​ជូន​សម្ដេច​ធិ​បតី​ថា ទីភ្នាក់ងារ​នានា​របស់​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា​នឹង​បន្ត​ភាព​សកម្ម​របស់​ខ្លួន​ដើម្បី​បន្ត​ពង្រឹង​ភាព​ជា​ដៃគូ​ជាមួយ​ក្រសួង​-​ស្ថាប័ន​កម្ពុជា សំដៅ​គាំទ្រ​ដល់​ដំណើរការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​របស់​កម្ពុជា ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ ជា​ពិសេស ការ​បង្កើត​ការងារ​, ការ​បង្កើន​ជំនាញ​បន្ថែម (Upskilling), ការ​កសាង​មូលធន​មនុស្ស ជាដើម ​។

ជា​ការ​ឆ្លើយ​តប​ សម្ដេច​ធិ​បតី​បាន​សម្ដែង​នូវ​សេចក្ដី​សោមនស្ស​រីករាយ និង​ស្វាគមន៍​លោក​ជំទាវ ដែល​បាន​មក​បំពេញបេសកកម្ម​ការងារ​ជា​លើក​ទី​២ នៅ​កម្ពុជា​ ។

សម្ដេច​ធិ​បតី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​ក្នុង​ភាព​ជា​ដៃគូ​របស់​អង្គការសហប្រជាជាតិ​ក្នុង​ការ​គាំទ្រ​ដល់​ការ​រីក​ចម្រើន​សង្គម​-​សេដ្ឋកិច្ច​នៅ​កម្ពុជា ក៏​ដូច​ជា​ការ​បន្ត​ការ​គាំទ្រ​របស់​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា ក្នុង​ដំណើរការ​នៃ​ការ​ចាក​ចេញពី​ចំណាត់​ក្រុម​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិចតួច (LDC) ក្នុង​ឆ្នាំ​២០២៩ ខាង​មុខ​នេះ​ ។

ក្នុង​ឱកាស​នោះ​, សម្ដេច​ធិ​បតី​ក៏​បាន​រំលឹក​ឡើង​វិញ​អំពី​ជំនួប​ពិភាក្សា​ការងារ​ប្រកបដោយ​ផ្លែផ្កា​របស់​សម្ដេច​ធិ​បតី និង​ឯកឧត្តម António Guterres អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​, លោក​ជំទាវ Annalena Baerbock ប្រធាន​សម័យប្រជុំ​លើក​ទី​៨០ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ ក៏​ដូច​ជា​ឯកឧត្តម Volker Türk ឧត្តមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ក្នុង​ឱកាស​ដែល​សម្ដេច​ធិ​បតី​អញ្ជើញ​បំពេញបេសកកម្ម​ការងារ​នៅ​ទ្វីបអឺរ៉ុប​។ សម្ដេច​ធិ​បតី​ក៏​បាន​គូសបញ្ជាក់​ថា ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​កម្ពុជា នឹង​បន្ត​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយនឹង​បណ្ដា​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​។

មុន​នឹង​បញ្ចប់​, សម្ដេច​ធិ​បតី​ក៏​បាន​ជម្រាប​ជូន​លោក​ជំទាវ Vladanka Andreeva អំពី​កា​រវិ​វត្ត​ថ្មី​ៗ​នៃ​ស្ថានការណ៍​តាម​បណ្ដោយ​ព្រំដែន កម្ពុជា​-​ថៃ និង​បាន​គូសបញ្ជាក់​អំពី​ជំហរ​របស់​កម្ពុជា​នៅ​ក្នុង​ការ​បន្ត​ប្រកាន់​យក​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី ផ្អែក​លើ​ច្បាប់​អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និង​កិច្ចព្រមព្រៀងទ្វេភាគី​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ​។ លោក​ជំទាវ ក៏​បាន​ជម្រាប​ជូន​សម្ដេច​ធិ​បតី​ថា អង្គការសហប្រជាជាតិ​ចង់​ឃើញ​ប្រទេស​ទាំង​ពីរ​ដោះស្រាយ​ភាព​ខ្វែងគ្នា​ដោយ​សន្តិវិធី ដោយ​គោរព​តាម​ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ