រាជធានីភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា ទិវាវប្បធម៌ជាតិ បានបំផុសឱ្យប្រជាពលរដ្ឋស្គាល់ច្បាស់ ស្រឡាញ់ ថែរក្សា ព្រមទាំងអភិរក្សវប្បធម៌ជាតិ ។
យោងតាមព្រះរាជសាររបស់ព្រះមហាក្សត្រ ប្រទានជូនជនរួមជាតិ ក្នុងឱកាស នៃទិវាវប្បធម៌ជាតិ លើកទី២៨ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ មានខ្លឹមសារយ៉ាងដូច្នេះថា ៖ ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំ សូមចូលរួមជាមួយព្រះសង្ឃ និងបងប្អូនជនរួមជាតិ ជាទី គោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ដើម្បីអបអរសាទរ ទិវាវប្បធម៌ជាតិ លើកទី២៨ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ។
ព្រះអង្គ មានព្រះបន្ទូល បន្តថា ទិវាវប្បធម៌ជាតិ ជាទិវាដ៏មានសារៈសំខាន់មួយ ដែលប្រជាជាតិកម្ពុជា តែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅព្រះរាជាណាចក្រកម្ពុជា សំដៅបង្កើនការយល់ដឹងអំពីគុណតម្លៃដ៏មហាសាល សម្បត្តិវប្បធម៌ជាតិ។ កេរដំណែលវប្បធម៌ដ៏សម្បូរបែប ដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុកឱ្យ រហូតមកដល់សព្វថ្ងៃនេះ គឺជាគ្រឹះដ៏រឹងមាំ នៃអត្តសញ្ញាណជាតិកម្ពុជា និងជាមធ្យោបាយឈ្នះដើម្បីការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព។ យើងប្រារព្ធទិវាវប្បធម៌ជាតិទាំងអស់គ្នា ដើម្បីលើកកម្ពស់ មនសិការស្នេហាជាតិ ប្រកបដោយសីលធម៌ សំដៅធានាបាន នូវសុខដុមរមនាសង្គម សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពជាតិ ។
ព្រះរាជសារ បានបញ្ជាក់ថា ទន្ទឹមនឹងនេះ ទិវាវប្បធម៌ជាតិ បានបំផុសឱ្យប្រជាពលរដ្ឋស្គាល់ច្បាស់ ស្រឡាញ់ ថែរក្សា ព្រមទាំងអភិរក្សវប្បធម៌ជាតិ ជាពិសេសជាឱកាសជំរុញតួនាទីស្នូលដ៏សំខាន់របស់យុវជនបន្តវេន ជាកម្លាំងចលករក្នុងការអភិរក្ស ថែរក្សា ការពារ លើកស្ទួយ និងអភិវឌ្ឍមរតកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ដែលជាអត្តសញ្ញាណ និងដួងព្រលឹងជាតិ រួមទាំងវប្បធម៌ចម្រុះរបស់សហគមន៍ជនជាតិ ដើមភាគតិច ឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត ។
ព្រះអង្គ មានព្រះរាជបន្ទូល បន្ថែមថា ៖ “សូមឧទ្ទិសឱ្យ ទិវាវប្បធម៌ជាតិ ស្ថិតក្នុងស្មារតីចងចាំរបស់ប្រជារាស្ត្រកម្ពុជាគ្រប់ៗរូប ស្របតាម ទិសស្លោក-វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន” ៕
ចែករំលែកព័តមាននេះ