ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លៀក​ខ្មៅ​ក្រាស់​ដុស​មិន​ជ្រះ​មែន​ទេ? នេះ​ជា​មូលហេតុ​ពិត និង​ដំណោះស្រាយ​ដោយ​មិន​អស់​លុយ

7 ម៉ោង មុន

តើ​អ្នក​កំពុង​ជួប​បញ្ហា​ស្បែក​ក្លៀក​ឡើង​ខ្មៅ​ខ្លាំង រដិបរដុប និង​ក្រាស់​ដែល​ដុសខាត់​យ៉ាងណា​ក៏​មិន​បាត់​មែន​ទេ? យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ស្ថានភាព​នេះ​ត្រូវ​បាន​គេ​ហៅ​ថា “​ក្លៀក​កាបូន​” ឬ​តាម​បច្ចេកទេស​វេជ្ជសាស្ត្រ​គឺ Acanthosis Nigricans ដែល​ជា​ជំងឺ​ស្បែក​ម្យ៉ាង​បណ្តាល​មក​ពី​បញ្ហា​សុខភាព​ផ្ទៃក្នុង…

តើ​អ្នក​កំពុង​ជួប​បញ្ហា​ស្បែក​ក្លៀក​ឡើង​ខ្មៅ​ខ្លាំង រដិបរដុប និង​ក្រាស់​ដែល​ដុសខាត់​យ៉ាងណា​ក៏​មិន​បាត់​មែន​ទេ? យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ស្ថានភាព​នេះ​ត្រូវ​បាន​គេ​ហៅ​ថា “​ក្លៀក​កាបូន​” ឬ​តាម​បច្ចេកទេស​វេជ្ជសាស្ត្រ​គឺ Acanthosis Nigricans ដែល​ជា​ជំងឺ​ស្បែក​ម្យ៉ាង​បណ្តាល​មក​ពី​បញ្ហា​សុខភាព​ផ្ទៃក្នុង មិនមែន​មក​ពី​ភាព​កខ្វក់​ខាងក្រៅ​ឡើយ​។

មូលហេតុ​ចម្បង​ដែល​ធ្វើ​ឱ្យ​ស្បែក​ឡើង​ខ្មៅ​ក្រាស់​បែប​នេះ គឺ​បណ្តាល​មក​ពី “​ភាព​ធន់​នឹង​អាំង​ស៊ុ​យ​លី​ន​” នៅ​ក្នុង​រាង​កាយ​។ នៅ​ពេល​រាង​កាយ​មាន​ជាតិ​ខ្លាញ់​លើស​ច្រើន​ពេក ឬ​ខ្វះ​ការ​ហាត់ប្រាណ កោសិកា​នឹង​ឈប់​ឆ្លើយ​តប​ទៅ​នឹង​សញ្ញា​របស់​អាំង​ស៊ុ​យ​លី​ន ដែល​បង្ខំ​ឱ្យ​លំពែង​ផលិត​អាំង​ស៊ុ​យ​លី​ន​កាន់តែ​ច្រើន​លើសលប់​។ បរិមាណ​អាំង​ស៊ុ​យ​លី​ន​ដ៏​ច្រើន​នេះឯង ជា​អ្នក​ទៅ​ជំរុញ​ឱ្យ​កោសិកា​ស្បែក​បែងចែក​ខ្លួន​ខុស​ប្រក្រតី រហូត​ធ្វើ​ឱ្យ​ស្បែក​ឡើង​ក្រាស់ និង​ប្រែ​ពណ៌​ទៅ​ជា​ត្នោត​ចាស់ ឬ​ខ្មៅ​ខុស​ពី​ធម្មតា​។

ដោយសារ​បញ្ហា​នេះ​កើត​ចេញពី​ប្រព័ន្ធ​មេតា​ប៉ូ​លី​ស​ក្នុង​រាង​កាយ ដូច្នេះ​ការ​ប្រើ​ឡេ​ខាត់​ស្បែក ឬ​ការ​ដុស​សម្អាត​ខ្លាំង​ៗ​គឺ​មិន​មាន​ប្រសិទ្ធភាព​ឡើយ​។ ដំណោះស្រាយ​ដ៏​ល្អ​បំផុត និង​មិនបាច់​ចំណាយ​ប្រាក់ គឺ​ស្ថិត​នៅ​លើ “​ការ​គ្រប់គ្រង​ទម្ងន់ និង​ការ​ហាត់ប្រាណ​” ជា​ប្រចាំ​។ លំ​ហាត់ប្រាណ​ជួយ​ឱ្យ​សាច់ដុំ​បឺត​ស្រូប​យកជាតិ​ស្ករ​ទៅ​ប្រើប្រាស់​ជា​ថាមពល​បាន​កាន់តែ​ប្រសើរ ដែល​វា​នឹង​ជួយ​កាត់​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​បង្កើន​ភាព​រសើប​នៃ​អាំង​ស៊ុ​យ​លី​ន​។ នៅ​ពេល​ដែល​រាង​កាយ​ចាប់ផ្តើម​ឆ្លើយ​តប​នឹង​អាំង​ស៊ុ​យ​លី​ន​បាន​ល្អ​ឡើង​វិញ កម្រិត​អាំង​ស៊ុ​យ​លី​ន​ក្នុង​ឈាម​នឹង​ធ្លាក់​ចុះ​មក​កម្រិត​ធម្មតា ដែល​ធ្វើ​ឱ្យ​កោសិកា​ស្បែក​ដែល​ធ្លាប់តែ​ខ្មៅ​ក្រាស់ ចាប់ផ្តើម​ប្រែ​មក​ជា​ស្តើង និង​មាន​ពណ៌​ធម្មជាតិ​វិញ​បន្តិច​ម្តង​ៗ​។

ក្រៅពី​ការ​ហាត់ប្រាណ ការ​កែសម្រួល​របប​អាហារ​ដោយ​កាត់​បន្ថយ​ជាតិ​ស្ករ និង​ការ​គេង​ឱ្យ​បាន​គ្រប់គ្រាន់ ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ស្ដារ​តុល្យភាព​រាង​កាយ​ឡើង​វិញ​ផង​ដែរ​។ បើ​អ្នក​ចង់​បំបាត់ “​ក្លៀក​កាបូន​” ឱ្យ​មាន​ប្រសិទ្ធភាព ចូរ​ផ្ដោត​លើ​ការ​ថែទាំ​សុខភាព​ពី​ខាងក្នុង​មក​វិញ​។ ទោះជា​យ៉ាងណា​ក៏​ដោយ ប្រសិនបើ​អ្នក​បាន​ព្យាយាម​ផ្លាស់​ប្តូរ​ទម្លាប់​រស់នៅ​ហើយ ប៉ុន្តែ​រោគ​សញ្ញា​នៅ​តែ​មិន​ធូរស្រាល អ្នក​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ពិនិត្យ​រក​មើល​បញ្ហា​អ័រម៉ូន​ផ្សេង​ៗ ឬ​រោគ​សញ្ញា​នៃ​ជំងឺមហារីក​មួយ​ចំនួន​ដែល​អាច​ជា​មូលហេតុ​បង្ក​ឱ្យ​មាន​ស្ថានភាព​ស្បែក​បែប​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ