ខេត្តបាត់ដំបង៖ ក្រុមជនជូញដូរគ្រឿងញៀនចំនួន០៨នាក់ ត្រូវបានកម្លាំងការិយាល័យជំនាញនៃបញ្ជាការកងរាជអាវុធហត្ថខេត្តបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី នៅព្រឹកថ្ងៃទី០២ មីនា ក្រោយបញ្ចប់ការសួរនាំ និងចងក្រងសំណុំរឿង ។

តាមរយៈរបាយការណ៍ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត លោក សូ ឌី បានឲ្យដឹងថា ក្រុមមុខសញ្ញាជួញដូរគ្រឿងញៀនទាំង០៨នាក់នោះបានបញ្ចប់ការសួរនាំចងក្រងសំណុំរឿង ហើយពេលនេះ លោកមេបញ្ជាការខេត្ត បានបញ្ជាឲ្យមន្ត្រីការិយាល័យជំនាញបញ្ជូនពួកគេ រួមជាមួយវត្ថុតាងផងទៅកាន់សាលាដំបូងខេត្តហើយ ។
លោកបានបញ្ជាក់ថា ក្រុមជួញដូរគ្រឿងញៀនទាំង០៨នាក់នេះ ក្នុងនោះ មានស្ត្រីម្នាក់ផង ត្រូវបានកម្លាំងការិយាល័យជំនាញឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី២៧ និង ២៨ កុម្ភៈ ជាមួយនឹងការរឹបអូសបានវត្ថុតាង«ថ្នាំញៀន»និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ។
របាយការណ៍ដដែលបានបង្ហាញអត្តសញ្ញាណក្រុមជនសង្ស័យទាំង០៨នាក់នោះ រួមមាន៖ ១-ឈ្មោះ រិន រម្មណី ភេទស្រី អាយុ៣១ឆ្នាំ នៅភូមិអញ្ចាញ សង្កាត់អូរចា ក្រុងបាត់ដំបង (អ្នកលក់ថ្នាំ) ២-ឈ្មោះ យ៉ាំង ខៃស៊ីង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរអ្នកចាក់ភ្លេង នៅភូមិអញ្ចាញ សង្កាត់អូរចា (អ្នកលក់ថ្នាំ) ៣-ឈ្មោះ ម៉ាន់ ឌីណា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរសំអាងការ នៅភូមិបោះពោធ៏ ឃុំអូរដំបង១ ស្រុកសង្កែ (អ្នកទិញ និង អ្នកចាត់ចែង) ។

៤-ឈ្មោះ សុខ សុវឌ្ឍនា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរអ្នកដឹកបន្លែ នៅភូមិអង់ សង្កាត់អូរចា ក្រុងបាត់ដំបង ៥-ឈ្មោះ ប៉ោ ម៉ាប់ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករ នៅភូមិអង់ សង្កាត់អូរចា ៦-ឈ្មោះ ជួប វីរះ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរធ្វើស្រែ ៧-ឈ្មោះ ច្រែង សំបូរ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរជាងសំណង់ ០២នាក់នេះ នៅភូមិវត្តរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង និង៨-ឈ្មោះ ប៊ុន វិបុល ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរធ្វើស្រែ នៅភូមិព្រៃកូនសេក សង្កាត់អូរម៉ាល់ ។
ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៨នាក់ មន្ត្រីជំនាញដកហូតបានវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម៉ាទឹកកក (ICE) ចំនួន០៥កញ្ចប់ មានទម្ងន់៤,២២ក្រាម ថែមទាំងម៉ូតូចំនួន០៤គ្រឿង និងគោយន្តកន្ត្រៃផង ។
យ៉ាងណាក្ដី ក្រុមជនសង្ស័យប្រុសស្រីទាំង០៨នាក់ និងវត្ថុតាង ត្រូវបានលោកមេបញ្ជាការខេត្តបញ្ជាឲ្យកម្លាំងការិយាល័យជំនាញបញ្ជូនពួកគេទៅប្រគល់ជូនតុលាការហើយ ក្រោយបញ្ចប់ការសួនាំ និងចងក្រងសំណុំរឿង ៕
ចែករំលែកព័តមាននេះ