ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​ នាំ​យក​ឱកាស​ការងារ​ជិត ​៣​ពាន់​កន្លែង​ផ្ដល់​ជូន​បងប្អូន​អតីត​ពលករ និង​ប្រជាពលរដ្ឋ​នៅ​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង

1 ម៉ោង មុន

ខេត្តបាត់ដំបង​ ៖ វេទិកា​ការងារ សន្តិសុខ​សង្គម និង​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​តែ​បន្តដំណើរ​ការ​យ៉ាង​សស្រាក់សស្រាំ​នៅ​តាម​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ជាក់ស្ដែង នា​ព្រឹក​ថ្ងៃអាទិត្យ ទី​១ ខែមីនា…

ខេត្តបាត់ដំបង​ ៖ វេទិកា​ការងារ សន្តិសុខ​សង្គម និង​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​តែ​បន្តដំណើរ​ការ​យ៉ាង​សស្រាក់សស្រាំ​នៅ​តាម​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ជាក់ស្ដែង នា​ព្រឹក​ថ្ងៃអាទិត្យ ទី​១ ខែមីនា ឆ្នាំ​២០២៦ វេទិកា​ការងារ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​បរិវេណ​វត្ត​រតនៈ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ដោយ​បាន​នាំ​យក​ឱកាស​ការងារ​ផ្ដល់​ជូន​បងប្អូន​អតីត​ពលករ និង​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​៧០០​នាក់ ព្រម​ជាមួយ​ការ​ផ្សព្វផ្សាយ​ពី​សារៈ​ប្រយោជន៍​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) និង​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ TVET ដល់​យុវជន​។

ឯកឧត្តម យឹ​ម ស៊ី​ណ​ន រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បញ្ជាក់​ថា វេទិកា​ការងារ​នៅ​ស្រុក​ភ្នំព្រឹក​នេះ​ដែរ គឺ​មាន​តំណាង​រោងចក្រ សហគ្រាស​ធំ​ៗ​ចំនួន​៥ បាន​ចុះ​មក​ជ្រើសរើស​បុគ្គលិក​ដោយ​ផ្ទាល់​សរុប ២ ៦៩០​កន្លែង ក្នុង​ចំណោម​ឱកាស​ការងារ​សរុប​ទូ​ទាំង​ប្រទេស​ជាង​៨​ម៉ឺន​កន្លែង​។ ក្រៅពី​ការងារ​ក្នុងស្រុក ក៏​មានការ​ចូលរួម​ពី​សមាគម TAFTAC តំបន់​សេដ្ឋកិច្ច​ពិសេស RGPPSEZ និង​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ដើម្បី​ផ្តល់​ជម្រើស​ការងារ​បន្ថែម​ជូន​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ​។

ឯកឧត្តម​រដ្ឋលេខាធិការ​បាន​បញ្ជាក់​ថា ការ​ធ្វើ​ការងារ​នៅ​ក្នុង​ប្រទេស មិន​ត្រឹមតែ​ផ្តល់​ប្រាក់​ឈ្នួល​សមរម្យ និង​លក្ខខណ្ឌ​ការងារ​ល្អ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អនុញ្ញាត​ឱ្យ​បងប្អូន​បាន​រស់នៅ​ជួបជុំ​ក្រុម​គ្រួសារ មើលថែ​ទាំ​កូន​និង​ឪពុក​ម្ដាយ ក៏​ដូច​ជា​ចៀស​ផុត​ពី​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ខុសច្បាប់​នៅ​ក្រៅប្រទេស​។ អ្វី​ដែល​ពិសេស​បំផុត​នោះ គឺ​កម្មករនិយោជិត​នឹង​ទទួល​បាន​នូវ​ការ​គាំពារ និង​សារៈ​ប្រយោជន៍​ជា​ច្រើន​ពី ប​.​ស​.​ស​. មាន​ដូច​ជា​៖ ផ្នែក​ថែទាំ​សុខភាព ផ្នែក​សោធន​និវត្តន៍ និង​ផ្នែក​ហានិភ័យ​ការងារ ដែល​សុទ្ធតែ​ជា​តម្រូវការ​ចាំបាច់​ទាំង​ពេល​បច្ចុប្បន្ន និង​នៅ​ពេល​ចាស់​ចូល​និវត្តន៍​។

ឯកឧត្តម យឹ​ម ស៊ី​ណ​ន ក៏​បាន​លើកទឹកចិត្ត​យ៉ាង​មុតមាំ​ដល់​យុវជន ជា​ពិសេស អតីត​ពលករ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ឱ្យ​ចាប់​យក​ឱកាស​ចុះ​ឈ្មោះ​ចូល​រៀន​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដែល​រាជរដ្ឋាភិបាល​កំពុង​ផ្តល់​ជូន​យ៉ាង​ទូលំទូលាយ​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ ១,៥​លាន​នាក់ (TVET 1.5M)​។ ឯកឧត្តម​សង្កត់ធ្ងន់​ថា «​ការ​មាន​ជំនាញ​ពិតប្រាកដ នឹង​ក្លាយជា​គ្រឹះ​ដ៏​រឹង​មាំ​ក្នុង​ការ​បង្កើន​ប្រាក់​ចំណូល និង​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​»​។

គួរ​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ចង់​ដឹង​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​ឱកាស​ការងារ​ក្នុង​និង​ក្រៅប្រទេស សារៈ​ប្រយោជន៍ ប​.​ស​.​ស​. កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ TVET 1.5M ឬ​ចំណេះដឹង​ផ្សេង​ៗ​ទៀត សូម​ទាក់ទង​មក​កាន់​លេខ Hotline ១២៩៧ និង​លេខ ១២៨៦៕