អន្តរជាតិ ៖ បណ្តាអ្នកវិភាគរំពឹងថា តម្លៃប្រេងអន្តរជាតិនឹងនៅតែខ្ពស់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដោយសារតែជម្លោះកាន់តែធ្ងន់ធ្ងរនៅមជ្ឈិមបូព៌ា ខណៈដែលការវាយតម្លៃលើផលប៉ះពាល់ដល់ការផ្គត់ផ្គង់ ជាពិសេសលំហូរឆ្លងកាត់នៅច្រកសមុទ្រហ័រមូស (Hormuz) ដែលជាផ្លូវដឹកជញ្ជូនប្រេងជាង ២០% របស់ពិភពលោក។ នេះបើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។
តម្លៃប្រេងអន្តរជាតិបានកើនឡើងជាង ៧% ក្នុងការជួញដូរលើកដំបូងនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ដល់កម្រិតខ្ពស់បំផុតនៅក្នុងរយៈពេលច្រើនខែ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសអ៊ីស្រាអែលបានបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ និងបានសម្លាប់មេដឹកនាំកំពូលប្រទេសនេះ លោក អាយ៉ាតូឡា អាលី ហូសេនី ខាមេនី (Ayatollah Ali Hosseini Khamenei) ដោយអ៊ីរ៉ង់បានវាយប្រហារតបតវិញខ្លាំងក្លាប្រឆាំងអ៊ីស្រាអែល និងយ៉ាងហោចណាស់ប្រទេសចំនួន ៧ ផ្សេងទៀត។ ការវាយប្រហារទៀតសោត ធ្វើឱ្យខូចខាតដល់កប៉ាល់ដឹកប្រេង ហើយនឹងម្ចាស់កប៉ាល់ ស្របពេលក្រុមហ៊ុនប្រេងធំៗ និងក្រុមហ៊ុនជួញដូរជាច្រើនបានផ្អាកការដឹកជញ្ជូនប្រេងឆៅ ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិរាវ (LNG) តាមរយៈច្រកសមុទ្រហ័រមូស។
តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើងដល់ ៨២,៣៧ ដុល្លារក្នុង១ប៉ារែល ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែមករា ឆ្នាំ ២០២៥ នៅក្នុងការជួញដូរលើកដំបូង នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ប៉ុន្តែតម្លៃថយចុះបន្តិចវិញ មកត្រឹម ៧៨,២៤ ដុល្លារក្នុង១បារ៉ែល គិតត្រឹមម៉ោង ០៧:៥៤ នាទី (ម៉ោងនៅកម្ពុជា)។
ចំណែកប្រេងឆៅ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក បានកើនឡើង ៤,៦៦ ដុល្លារ ឬ ៦,៩៥% ដល់ ៧១,៦៨ ដុល្លារក្នុង១បារ៉ែល បន្ទាប់ពីបានឡើងដល់ ៧៥,៣៣ ដុល្លារនៅមុននេះ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែមិថុនា ឆ្នាំ ២០២៥។
អ្នកវិភាគនៅធនាគារវិនិយោគអាមេរិក Citi ក្នុងកំណត់ចំណាំមួយមើលឃើញថា ប្រេងឆៅប្រភេទ Brent ជួញដូរចន្លោះ ៨០ ទៅ ៩០ ដុល្លារអាមេរិកក្នុង១បារ៉ែលយ៉ាងហោចណាស់ក្នុងរយៈពេលមួយសប្តាហ៍ខាងមុខ។ ប៉ុន្តែរំពឹងថា តម្លៃនឹងធ្លាក់ចុះមកនៅត្រឹម ៧០ ដុល្លារក្នុង១បារ៉ែលវិញ។
ធនាគារធនាគារវិនិយោគអាមេរិក Goldman Sachs ក៏បានប៉ាន់ប្រមាណថាតម្លៃប្រេងឆៅនឹងកើនឡើង ១៨ ដុល្លារក្នុង១បារ៉ែលភ្លាមៗ ប៉ុន្តែក៏រំពឹងថា នឹងថយចុះមក ៤ ដុល្លារ ប្រសិនបើមានតែ ៥០% នៃការដឹកជញ្ជូនប្រេងឆ្លងកាត់ច្រកសមុទ្រហ័រមូស ត្រូវបានផ្អាករយៈពេល១ខែ។
ក្រុមស្រាវជ្រាវ និងប្រឹក្សាយោបល់សកល Wood Mackenzie បានលើកឡើងថា តម្លៃប្រេងអន្តរជាតិអាចកើនលើសពី ១០០ ដុល្លារក្នុង១បារ៉ែល ប្រសិនបើលំហូរដឹកប្រេងឆ្លងកាត់ច្រកសមុទ្រហ័រមូស មិនដំណើរការឡើងវិញឆាប់រហ័ស។
ដោយឡែក អ្នកវិភាគក្រុមហ៊ុនធនាគារសកលរបស់បារាំង Societe Generale លើកឡើងថា សេណារីយ៉ូដ៏ទំនងបំផុតសម្រាប់តម្លៃប្រេងអន្តរជាតិ គឺការកើនឡើងរយៈពេលខ្លី បន្ទាប់មកការធ្លាក់ចុះដោយផ្នែក៕


ចែករំលែកព័តមាននេះ