ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​បង្ក្រាប​ទីតាំង​ហ្គេ​ម​អន​ឡាញ​ខុស ច្បាប់​ក្នុង​ខណ្ឌចំការមន ឃាត់ខ្លួន​​ឥណ្ឌូ​នេ​ស៊ី​២៤​​នាក់

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​ចម្រុះ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បើក​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​​នៅ​អគារ Noden Hotel & Apartment ស្ថិត​នៅ​ផ្លូវ​លេខ​៤១ ភូមិ​១០ សង្កាត់​ទន្លេបាសាក់…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ចម្រុះ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បើក​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​​នៅ​អគារ Noden Hotel & Apartment ស្ថិត​នៅ​ផ្លូវ​លេខ​៤១ ភូមិ​១០ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ រក​ឃើញ​មានការ​បង្កប់​ការ​លេង​ហ្គេ​ម​អន​ឡាញ​ខុសច្បាប់ និង​បាន​ឃាត់ខ្លួន​ជន​ជាតិ​ឥណ្ឌូ​នេស៊ី​ចំនួន​២៤​នាក់ ក្នុង​នោះ ស្ត្រី​៦​នាក់ ។

ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២៦ ដឹកនាំ​ដោយ​លោក ហ៊ុន សុ​រិ​ទ្ធី អភិ​បាលរង​រាជធានី​ភ្នំពេញ រួម​ជាមួយ​ថ្នាក់ដឹកនាំ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កងរាជអាវុធហត្ថ និង​អាជ្ញាធរ​ខណ្ឌចំការមន ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក សេង ហៀ​ង ព្រះ​រាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

គោលបំណង​នៃ​ការ​ចុះ​បង្ក្រាប​នេះ ដើម្បី​លុប​បំបាត់​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ។ នេះ​បើ​យ​យោង​តាម​លេខាធិការដ្ឋាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (​គ​.​ប​.​ឆ​.​ប​.) ។

ប្រភព​បាន​លើក​ឡើង​ថា បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២៤​នាក់ និង​វត្ថុ​តាង រួម​មាន កុំព្យូទ័រ​យួរដៃ​១៩​គ្រឿង និង​ទូរ​សព្ទ​ដៃ​៦៨​គ្រឿង និង​លិខិតឆ្លងដែន​ចំនួន​២៤​ច្បាប់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ផែន​ការងារ​សន្តិសុខ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​ ។

សូម​បញ្ជាក់​ថា សម្តេច​មហា​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់​នា​ពេល​កន្លង​មក យ៉ាង​ច្បាស់​ថា កម្ពុជា​មិនមែន​ជា​កន្លែង​សម្រាប់​ឧក្រិដ្ឋជន​បច្ចេកវិទ្យា​ប្រើប្រាស់​ក្នុង​ការ​ប្រព្រឹត្ត​ការ​ឆបោក ឬ​បទល្មើស​ឆ្លង​ដែន​ឡើយ ។ រាល់​បុគ្គល ឬ​អង្គភាព​ទាំង ឡាយ​ណា​ដែល​នៅ​ពីក្រោយ​សកម្មភាព​ឆបោក​ទាំងនេះ នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ទោសទណ្ឌ​ខ្ពស់​បំផុត​ដោយ​គ្មាន​ការ​យោគយល់ ឬ​ការ​អន្តរាគមន៍​ណាមួយ​ឡើយ ។

វិធានការ​ដែល​បាន​និង​កំពុង​អនុវត្ត​ទាំងនេះ នឹង​អាច​ធ្វើ​អាច​ឱ្យ​កម្ពុជា​ឈាន​ទៅ​លុប​បំបាត់​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​ពេល​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ