ទីក្រុងវ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃអាទិត្យថា កងកម្លាំងសហរដ្ឋអាម៉េរិកបានវាយកម្ទេចនាវាចម្បាំងអ៊ីរ៉ង់ចំនួន ៩ គ្រឿង និងទីបញ្ជាការដ្ឋានជើងទឹករបស់អ៊ីរ៉ង់ស្ទើរតែទាំងស្រុង ក្នុងប្រតិបត្តិការយោធាទ្រង់ទ្រាយធំមួយ។ នេះបើយោងតាមសារព័ត៌មាន Xinhua និងប្រភពផ្សេងទៀត ចុះផ្សាយនៅថ្ងៃទី២ ខែមីនានេះ។
បន្ថែមលើនេះ លោក ត្រាំ បានបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ចំនួន ៤៨ នាក់ត្រូវបានសម្លាប់ ក្នុងអំឡុងពេលនៃការវាយប្រហាររួមគ្នាជាមួយអ៊ីស្រាអែលទៅលើគោលដៅជាង ១,០០០ កន្លែង រួមទាំងរោងចក្រផលិតមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ផងដែរ ខណៈដែលភាគីអាម៉េរិកក៏បានទទួលស្គាល់ពីការបាត់បង់ជីវិតកងទ័ពខ្លួនចំនួន ៣ នាក់ ក្នុងសមរភូមិនេះ។
ការផ្ទុះសង្គ្រាមជាចំហរវាងអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់នាពេលនេះ បានឈានដល់កម្រិតអាសន្នបំផុត បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានសម្រេចប្រើកម្លាំងបាយវាយប្រហារមុន ដើម្បីកម្ទេចសមត្ថភាពយោធារបស់អ៊ីរ៉ង់ ដែលនាំឱ្យទីក្រុងតេហេរ៉ង់បើកការវាយបកវិញយ៉ាងសន្ធាប់ដោយប្រើដ្រូន និងមីស៊ីលរាប់រយគ្រាប់សំដៅទៅរកអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់ឈូងសមុទ្រ។ ទោះបីជាមានការវាយបកពីអ៊ីរ៉ង់ក៏ដោយ ប៉ុន្តែកងបញ្ជាការកណ្ដាលអាម៉េរិកបានច្រានចោលការអះអាងដែលថា នាវាដឹកយន្តហោះ USS Abraham Lincoln ត្រូវបានបាញ់ត្រូវ ដោយបញ្ជាក់ថាអាម៉េរិកនៅតែមានឧត្តមភាពក្នុងបេសកកម្មកម្ទេចកងនាវាដែលនៅសេសសល់របស់អ៊ីរ៉ង់ឱ្យអស់ពីផ្ទៃសមុទ្រ៕
ចែករំលែកព័តមាននេះ