ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​ស្លា.ប់​ទាហាន​បី​នាក់, ​រ.បួ.ស​ធ្ងន់​៥​នាក់​នៅ​ក្នុង​សង្គ្រាម​រយៈ​ពេល​២​ថ្ងៃ​កន្លង​ទៅ​នេះ

6 ម៉ោង មុន

ទី​ក្រុង​យេរូសាឡឹម៖ នៅ​ក្នុង​ប្រតិ​បត្តិ​ការ​សឹក​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​អ៊ីរ៉ង់​ទល់​នឹង​អាមេរិក និង​អ៊ីស្រា​អែល​រយៈ​ពេល​២​ថ្ងៃ​ អាមេរិក​អះ​អាង​ថា​ទាហាន​របស់​ខ្លួន​៣​នាក់​បាន​ស្លាប់​ ខណៈ​ដែល​៥​នាក់​ទៀត​រង​របួស​ធ្ងន់​។ នេះ​បើ​យោង​តាម​អ្វី​ដែល​អគ្គ​បញ្ជាការ​ដ្ឋាន​យោធា​អាមេរិក​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​។ អាមេរិក​អះ​អាង​បន្ត​ទៀត​ថាទាហាន​របស់​ខ្លួន​​រង​របួស​មួយ​ចំនួន​ទៀត​ ប៉ុន្តែ​របួស​ស្រាល​ដោយ​សារ​អំបែង​គ្រាប់​។ នៅ​ពេល​ពួក​គេ​ជា​សះ​ស្បើយ​ពី​មុខ​របួស​អាច​ចូល​បំពេញ​ការ​ងារ​ជា​ធម្មតា​។​ បញ្ជាការ​ដ្ឋាន​យោធា​​អាមេរិក​សរ​សេរ​រៀប​រាប់​បន្ត​ទៀត​ថា​គិត​ត្រឹម​ម៉ោង​៩:៣០​ព្រឹក​មិញ​…

ទី​ក្រុង​យេរូសាឡឹម៖ នៅ​ក្នុង​ប្រតិ​បត្តិ​ការ​សឹក​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​អ៊ីរ៉ង់​ទល់​នឹង​អាមេរិក និង​អ៊ីស្រា​អែល​រយៈ​ពេល​២​ថ្ងៃ​ អាមេរិក​អះ​អាង​ថា​ទាហាន​របស់​ខ្លួន​៣​នាក់​បាន​ស្លាប់​ ខណៈ​ដែល​៥​នាក់​ទៀត​រង​របួស​ធ្ងន់​។ នេះ​បើ​យោង​តាម​អ្វី​ដែល​អគ្គ​បញ្ជាការ​ដ្ឋាន​យោធា​អាមេរិក​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​។ អាមេរិក​អះ​អាង​បន្ត​ទៀត​ថាទាហាន​របស់​ខ្លួន​​រង​របួស​មួយ​ចំនួន​ទៀត​ ប៉ុន្តែ​របួស​ស្រាល​ដោយ​សារ​អំបែង​គ្រាប់​។ នៅ​ពេល​ពួក​គេ​ជា​សះ​ស្បើយ​ពី​មុខ​របួស​អាច​ចូល​បំពេញ​ការ​ងារ​ជា​ធម្មតា​។​

បញ្ជាការ​ដ្ឋាន​យោធា​​អាមេរិក​សរ​សេរ​រៀប​រាប់​បន្ត​ទៀត​ថា​គិត​ត្រឹម​ម៉ោង​៩:៣០​ព្រឹក​មិញ​ ពល​ទាហាន​របស់​ខ្លួន​បី​នាក់​បាន​ពលី​ជីវិត​នៅ​ពេល​បំពេញ​បេសក​កម្ម​ និង​៥​នាក់​រង​របួស​ធ្ងន់​។ នេះ​ជា​ផ្នែក​មួយ​នៃ​ប្រតិ​បត្តិ​ការ​សឹក​ដែល​មាន​ឈ្មោះ​ថា​អូ​ប៉ឺ​រ៉េ​សិន អេ​ពីក​ ព្ជូរី (Operation Epic Fury)។ នេះ​ជា​លើក​ដំបូង​បំផុត​ដែល​គេ​ទទួល​ដំណឹង​ស្ដី​ពី​ការ​ស្លាប់​របស់​ទាហាន​អា​មេរិក​បន្ទាប់​ពី​គេ​ទទួល​ដំណឹង​តែ​ខាង​អ៊ីរ៉ង់​ថា​ស្លាប់​មេ​ដឹក​នាំ​កំពូល និង​មន្ត្រី​ជាន់​ខ្ពស់​របស់​ខ្លួន​រួម​ទាំង​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ និង​មេ​បញ្ជា​ការ​ឆ្មាំ​បដិ​វត្ត​។

អត្ត​សញ្ញាណ​របស់​ទាហាន​អាមេរិក​ដែល​បាន​ពលី​ជីវិត​ទាំង​នោះ​មិន​ទាន់​បង្ហាញ​ជា​សា​ធារណៈ​នៅ​ឡើយ​ទេ​ ហើយ​រង់​ចាំ​ក្រុម​គ្រួសារ​របស់​ពួក​គេ​ទៅ​ទទួល​សាក​សព​ និង​ផ្ទៀង​ផ្ទាត់​ឌី​អឹន​អេ​។ ដំណឹង​ស្ដី​ពី​ការ​ពលី​ជីវិត​យុទ្ធ​ជន​អាមេរិក​នេះ​ក៏​កើត​ឡើង​បន្ទាប់​ពី​លោក​ដូណាល់​ត្រាំ​ប្រកាស​កាល​ពី​ព្រឹក​ម្សិល​មិញ (​ក្រោយ​ពេល​បើក​ប្រតិ​បត្តិ​ការ​សឹក​បាន​បន្តិច) ​ថា​​សង្គ្រាម​លើក​នេះ​មិន​សាមញ្ញ​ពេក​ទេ ហើយ​យើង​ត្រៀម​ពលី​ជីវិត​យុទ្ធ​ជន​មិន​តិច​នាក់​នោះ​ឡើយ​។ លោក​អះ​អាង​បន្ត​ទៀត​ថា​អ្វី​ដែល​យើង​កំពុង​ធ្វើ​នៅ​ពេល​នេះ​មិន​មែន​​សម្រាប់​ថ្ងៃ​នេះ​ទេ​ ប៉ុន្តែ​សម្រាប់​ពេល​អនា​គត​។

ប្រភព​ខ្លះ​រាយ​ការណ៍​ថា​ការ​ស្លាប់​យុទ្ធ​ជន​របស់​អាមេរិក​​កើត​ឡើង​បន្ទាប់​ពី​អ៊ីរ៉ង់​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​ដែល​ស្លាប់​មេ​ដឹក​នាំ​កំពូល​របស់​ខ្លួន​។ ដូច​នេះ អ៊ីរ៉ង់​វាយ​ប្រហារ​សង​សឹក​វិញ​ដោយ​ប្រើ​ប្រាស់​សុទ្ធ​តែ​មីស៊ីល​ផ្លោង​ប្រភេទ​បល​លីស​ស្ទីក (ballistic)។ នៅ​ក្នុង​ស្ថាន​ភាព​ដែល​ខ្លួន​កំពុង​តែ​ក្រពុល​មុខ​ខ្លាំង អ៊ីរ៉ង់​សម្រុក​វាយ​ប្រហារ​គ្រប់​ទី​កន្លែង​។ មិន​ត្រឹម​តែ​ទី​តាំង​យោធា​របស់​អាមេរិក​ និង​អ៊ីស្រា​អែល​ប៉ុណ្ណោះ​ទេ​ ទី​កន្លែង​ណា​ក៏​ដោយ​ដែល​អាច​វាយ​ប្រហារ​បាន​គឺ​អ៊ីរ៉ង់​វាយ​ទាំង​អស់​។

បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​មជ្ឈិម​បូព៌ា​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក ឬ​មាន​មូល​ដ្ឋាន​យោ​ធា​របស់​អាមេរិក​តាំង​នៅ​ត្រូវ​អ៊ីរ៉ង់​បាញ់​មីស៊ីល​ដាក់​ទាំង​អស់​។ នៅ​តាម​ទី​ក្រុង​នានា​នៃ​ប្រទេស​ទាំង​នោះ គេ​ស្ដាប់​ឮ​សំឡេង​ផ្ទុះ​គ្រាប់​មីស៊ីល​ និង​ឃើញ​ផ្សែង​ខ្មៅ​ងងឹត​ហោះ​ហើរ​នៅ​លើ​អាកាស​។ តាម​មើល​ទៅ​ ភាគី​ទាំង​សង​ខាង​ហាក់​ដូច​ជា​មិន​ទាន់​បង្ហាញ​សញ្ញា​ដក​ថយ​ និង​បោះ​ដៃ​រក​គ្នា​ដើម្បីចរ​ចា​បញ្ចប់​ជម្លោះ​នៅ​ឡើយ​ទេ​។ អ៊ីរ៉ង់​មិន​នៅ​បង្អែ​បង្អង់​យូរ​ទេ​។ គ្រាន់​តែ​ប្រកាស​ទទួល​ស្គាល់​ការ​ស្លាប់​លោក​អាយ៉ា​តូឡា​ អាលី ខា​មេនី​មិន​បាន​ប៉ុន្មាន​ផង​ អ៊ីរ៉ង់​ក៏​ចាប់​ផ្ដើម​តែង​តាំង​សមាស​ភាព​រដ្ឋាភិបាល​ជា​បន្ទាន់​ និង​បន្ត​ធ្វើ​សង្គ្រាម​មួយ​ទល់​នឹង​ពីរ​។

ឥឡូវ​នេះ ក្រុម​អ្នក​វិភាគ​ ក្រុម​អ្នក​ជួញ​ដូរ​ភាគហ៊ុន​ និង​ថ្នាក់​ដឹក​នាំ​នៅ​មជ្ឈិម​បូព៌ា​កំពុង​តាម​ដាន​សភាព​ការណ៍​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់​។ ពួក​គេ​ចង់​ដឹង​ថា​តើ​ក្រោយ​ពេល​ស្លាប់​មេ​ដឹក​នាំ​កំពូល​​រួច​ហើយ មេ​ដឹក​នាំ​បណ្ដោះ​អាសន្ន​ថ្មី​នឹង​ប្រកាន់​ជំហរ​បែប​ណា​ទៀត​ ហើយ​ក៏​ចង់​ដឹង​ផង​ដែរ​ថា​តើ​សង្គ្រាម​នេះ​កើត​ឡើង​​ត្រឹម​តែ​អ៊ីរ៉ង់​ និង​អ៊ីស្រា​អែល​ទេ ឬ​ក៏​រីក​រាល​ដាល​ទៅ​ប្រទេស​ដទៃ​ទៀត​៕ ប្រភព៖ ទូរ​ទស្សន៍​ស៊ី​អឹន​ប៊ី​ស៊ី (CNBC) និង​ប្រភព​ដទៃ ទៀត​​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ