ទីក្រុងយេរូសាឡឹម៖ កាលពីពេលកន្លងមក គេស្ដាប់ឮតែការស្លាប់របស់ភាគីអ៊ីរ៉ង់ដោយសារការវាយប្រហារផ្គួបគ្នាពីសំណាក់យោធាអ៊ីស្រាអែលផង និងអាមេរិកផង។ ប៉ុន្តែចុងក្រោយនេះ អ៊ីស្រាអែលក៏ស្លាប់មួយចំនួនផងដែរ។ មីស៊ីលរបស់អ៊ីរ៉ង់វាយប្រហារបានសម្រេចទៅលើតំបន់មានប្រជាជនរស់នៅនៃទីក្រុងបេត ស៊ីម៉េស (Beit Shemesh) របស់អ៊ីស្រាអែលទោះបីមានប្រព័ន្ធការពារដែនអាកាសក៏ដោយ។

មនុស្សយ៉ាងតិច៩នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសដោយសារការវាយប្រហារនោះ។ អ៊ីស្រាអែលកំពុងឆ្ងល់ថាហេតុអ្វីបានជាខែលការពារដែនអាកាសរបស់ខ្លួនហាក់ដូចជានៅជាប់គាំងស្ដូកនៅពេលមីស៊ីលអ៊ីរ៉ង់ហោះទៅវាយប្រហារ។ ការវាយប្រហារលើកនេះកើតឡើងក្រោយពេលដែលមេដឹកនាំកំពូលរបស់អ៊ីរ៉ង់បានស្លាប់តាំងពីព្រឹកថ្ងៃសៅរ៍ដោយសារការវាយប្រហារពីសំណាក់អ៊ីស្រាអែល និងអាមេរិក។ មិនយូរប៉ុន្មាន អ៊ីរ៉ង់ប្រកាសថាខ្លួននឹងសងសឹកចំពោះរឿងនេះ។

ទីភ្នាក់ជួយសង្គ្រោះរបស់អ៊ីស្រាអែលថ្លែងថាមនុស្ស៩នាក់បានស្លាប់ និង២០នាក់រងរបួស (ប្រភពខ្លះថារបួស៤០នាក់) ដោយសារគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់។ នៅក្នុងចំណោមអ្នករបួសទាំងនោះ ២នាក់របួសធ្ងន់។ យោធាអ៊ីស្រាអែលចេញសេចក្ដីប្រកាសថានៅពេលនេះ ក្រុមការងាររបស់ខ្លួនបន្តស្វែងរកអ្នកដែលអាចនៅរស់រានមានជីវិត និងដែលកំពុងកប់នៅក្នុងគំនរបាក់បែកនៃអគារ។ អ៊ីស្រាអែលបញ្ជូនឧទ្ធម្ភាគចក្រទៅទីក្រុងបេត ស៊ីម៉េសដើម្បីជួយជម្លៀសអ្នករបួស។

មីស៊ីលបលលីសស្ទីក (ballistic) របស់អ៊ីរ៉ង់ពិតជាមានសភាពខ្លាំងក្លា ផ្ទុះកម្ទេចអគារដែលនៅជិតៗនោះឱ្យក្លាយជាបំណែកៗ, អគារខ្លះមានច្រើនជាន់ត្រូវបាក់រលំដល់ដី ខណៈដែលទីតាំងសាធារណៈនៅក្បែរនោះក៏រងការខូចខាតផងដែរ។ ក្រុមអ្នកជួយសង្គ្រោះត្រូវចំណាយពេលជាច្រើនម៉ោងរើកកាយបេតុង ដែក និងកញ្ចក់បង្អួចដែលបែកជាបំណែកៗដើម្បីទាញយកអ្នកដែលនៅរស់រានមានជីវិត និងអ្នកស្លាប់ចេញមកខាងក្រៅ។

អ៊ីស្រាអែលនៅតែបន្តរើកកាយកន្លែងដែលរងការវាយប្រហារនោះក្រែងលោរកឃើញអ្នកនៅរស់ ឬសាកសពមនុស្ស។ អាជ្ញាធរថ្លែងថាចំនួនអ្នកស្លាប់ និងអ្នករបួសអាចនឹងកើនឡើងច្រើនជាងនេះនៅពេលក្រុមអ្នកជួយសង្គ្រោះរកឃើញបន្ថែមទៀត។ ចាប់តាំងពីក្រោយការស្លាប់មេដឹកនាំកំពូលរបស់ខ្លួន អ៊ីរ៉ង់ប្រកាសសងសឹករហូតដល់ទីបញ្ចប់ និងបាញ់មីស៊ីលបលលីសស្ទីក (ballistic) កាន់តែច្រើនឡើងៗចូលអ៊ីស្រាអែល៕ ប្រភព៖ អាល់ចាស៊ីរ៉ា និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ