រាជធានីភ្នំពេញ ៖ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យនៅអគារ Noden Hotel & Apartment ស្ថិតនៅផ្លូវលេខ៤១ ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ រកឃើញមានការបង្កប់ការលេងហ្គេមអនឡាញខុសច្បាប់ និងបានឃាត់ខ្លួនជនជាតិឥណ្ឌូណេស៊ីចំនួន២៤នាក់ ក្នុងនោះស្ត្រី៦នាក់ ។ នេះបើយោងតាមផេកទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP បានផ្សាយនាយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ ។
ប្រតិបត្តិការនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ដឹកនាំដោយលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ រួមជាមួយថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កងរាជអាវុធហត្ថ និងអាជ្ញាធរខណ្ឌចំការមន ដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ គោលបំណងនៃការចុះបង្ក្រាបនេះ ដើម្បីលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
នេះបើយយោងតាមលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ។ បច្ចុប្បន្ន ជនសង្ស័យទាំង២៤នាក់ និងវត្ថុតាង រួមមានៈ កុំព្យូទ័រយួរដៃ១៩ គ្រឿង និងទូរសព្ទដៃ ៦៨គ្រឿង និងលិខិតឆ្លងដែន ចំនួន២៤ច្បាប់ ត្រូវបានបញ្ជូនទៅកាន់ផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន ។
សូមបញ្ជាក់ថា សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់នាពេលកន្លងមកយ៉ាងច្បាស់ថា កម្ពុជា មិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណា ដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះនឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុត ដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ ។ វិធានការដែលបាន និងកំពុងអនុវត្តទាំងនេះ នឹងអាចធ្វើអាចឱ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅពេលខាងមុខ ៕
ចែករំលែកព័តមាននេះ