ខេត្តកំពង់ស្ពឺ៖ បុរសជាប្ដីម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទងធ្វើការឃាត់ខ្លួនខណៈដែលបុរសជាប្ដីទាញកាំបិតផ្គាក់ប្រុងកាប់ប្រពន្ធនិងគំរាមសម្លាប់ម្ដាយឪពុកក្មេកដោយសារតែភ្លើងប្រច័ណ្ឌ។
នគរបាលស្រុកសំរោងទងបាននិយាយដឹងថានៅមុនពេលឃាត់ខ្លួនបុរសជាប្ដីខាងលើកាលពីវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ មានឈ្មោះ សាយ ផៃ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិមន ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំធម្មតាអរនៃអធិការដ្ឋាននគរបាលស្រុកសំរោងទង ទៅលេីឈ្មោះ សេង សំណាង ហៅម៉យ អាយុ៣៥ឆ្នាំ ត្រូវជាប្តីរបស់ខ្លួន។
នគរបាលស្រុកសំរោងទងបានបន្តថា នៅក្នុងពាក្យបណ្ដឹងស្ត្រីជាប្រពន្ធរៀបរាប់ថា កាលពីវេលាម៉ោង៥និង៤០ព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឈ្មោះ សេង សំណាង ហៅម៉យ(ជាប្ដី) បានទាស់ពាក្យសម្តីគ្នាជាមួយប្រពន្ធ បន្ទាប់មកបានយកកាំបិតផ្គាក់ដេញកាប់ខ្លួនជា(ប្រពន្ធ) ប៉ុន្តែខ្លួនបានរត់ចូលក្នុងបន្ទប់ទឹកទាន់ រួចក៏បានបិទទ្វារដាក់គន្លឹះខាងក្នុង ក្រោយមកប្តីបានយកកាំបិតផ្គាក់កាប់ទ្វារបន្ទប់ទឹកនិងគំរាមថាសម្លាប់ ក្រោយមកបានអ្នកជិតខាងមកជួយ។
នគរបាលស្រុកសំរោងទងបានបន្តទៀតថាលុះដល់វេលាម៉ោង៩និង៤៥នាទីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦រូបខ្លួន( ប្រពន្ធ)ត្រឡប់មកពីធ្វើការងាររោងចក្រវិញបានទៅសំរាកនៅផ្ទះឪពុកម្តាយក្នុងភូមិជាមួយគ្នា បុរសជាប្តីបាន ទៅរករឿងគំរាមកំហែងប្រពន្ធនិងឪពុកម្តាយក្មេកបន្ថែមទៀតផង។
នគរបាលស្រុកសំរោងទងបានបញ្ជាក់ថាក្រោយពីទទួលបានពាក្យបណ្ដឹងស្ត្រីរងគ្រោះជាប្រពន្ធខាងលើនៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌស្រុកសំរោង សហការជាមួយកម្លាំងនគរបាលប៉ុស្តិរដ្ឋបាលឃុំធម្មតាអរ បានឃាត់ខ្លួនបុរសជាប្ដីឈ្មោះ សេង សំណាង ហៅម៉យ មកសួរនាំរឿងហេតុខាងលើ។ បុរសជាប្ដីជនសង្ស័យ បានឆ្លើយសារភាពថារូប ខ្លួនពិតជាបានយកកាំបិតផ្គាក់ដេញកាប់ទ្វារបន្ទប់ទឹក និងគំរាមសម្លាប់ប្រពន្ធនិងឪពុកម្ដាយក្មេកពិតប្រាកដមែន។ មូលហេតុដែលរូបគេធ្វើបែបនេះព្រោះតែ ប្រច័ណ្ឌប្រពន្ធ។
នគរបាលស្រុកសំរោងទងបានបញ្ជាក់ទៀតថាក្រោយគាត់ខ្លួនជនសង្ស័យជាប្តីខាងលើដកហូតវត្ថុតាង កាំបិតផ្គាក់១ បច្ចុប្បន្នកម្លាំងនគរបាលជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕



ចែករំលែកព័តមាននេះ