សង្ក្រាមរវាងអ៉ីរ៉ង់-អ៉ីស្រាអែល និងអាមេរិក ៖ កាលពីល្ងាចថ្ងៃទី ២៨ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អះអាងតាមបណ្ដាញសង្គម TRUTHT SOCIAL របស់លោកថា មេដឹកនាំកំពូលអ៉ីរ៉ង់ លោក អាយ៉ាតុលាអាលី ខាមេនី ស្លាប់ហើយ ដោយសារការវាយប្រហាររបស់អាមេរិក និងអ៉ីស្រាអែល លើអ៉ីរ៉ង់នាថ្ងៃទី ២៨ ខែកុម្ភៈនោះ ។
មកដល់ដំណាក់កាលនេះអ៉ីរ៉ង់នៅមិនទាន់អះអាងពីការស្លាប់មេដឹកនាកំពូលរបស់ខ្លួននៅឡើយ ។ មុននេះនាយករដ្ឋមន្ត្រីអ៉ីស្រាអែលលោក បេនចាមីន នេតាន់យ៉ាហ៊ូ គូសបញ្ជាក់ថា មានសញ្ញាជាច្រើនដែលថា លោក ខាមេនី ពិតជាស្លាប់មែនហើយ ។
ក្នុងសារអបអរសាទរមួយ លោក ដូណាល់ ត្រាំ លើកឡើងថា យុត្តិធម៌មួយត្រូវបានផ្ដល់ដល់មិនត្រឹមតែប្រជាជនអ៉ីរ៉ង់ទេ តែដល់ប្រជាជនអាមេរិក និងមនុស្សគ្រប់រូបលើពិភពលោក ដែលស្លាប់ឬរបួសដោយសារលោក ខាមេនី និងក្រុមមនុស្សបាតដៃប្រឡាក់ឈាមរបស់គេផងដែរ ។ លោកអះអាងទៀតថា ការវាយប្រហារលើអ៉ីរ៉ង់ នឹងបន្តមិនឈប់ឈរក្នុងសប្ដាហ៍ទាំងមូល ។
ប្រធានាធិបតីអាមេរិកបន្តថា ការវាយប្រហារលើអ៉ីរ៉ង់នឹងបន្តយូរទៀតបើចាំបាច់ ដើម្បីបំពេញទិសដៅរបស់លោក គឺសន្តិភាពនៅមជ្ឈឹមបូព៌ាហើយប្រាកដណាស់លើពិភពលោកទាំងមូល ។ ការស្លាប់របស់លោក ខាមេមី ក៏ត្រូវបានសាទរដែរ ដោយព្រះអង្គម្ចាស់រីហ្សាប៉ាហ៍ឡាវីមេដឹកនាំនយោបាយប្រឆាំងអ៉ីរ៉ង់ និងជាបុត្រារបស់អតីតព្រះមហាក្សត្រដែលត្រូវផ្ដួលរំលំកាលពីឆ្នាំ ១៩៧៩ ។ លោកថាជាមួយការស្លាប់របស់លោក ខាមេមី របបអ៊ិស្លាមអ៉ីរ៉ង់ត្រូវបានគ្រវាត់ចោលក្នុងធុងសម្រាម ។
ស្រែកសាទរ និងទះដៃនៅក្រុងតេហេរ៉ង់បន្ទាប់ពីព័ត៌មានពីការស្លាប់របស់លោក អាលីខាមេនី ការស្រែកហ៊ោអបអរលាន់ឮ ក្នុងសង្កាត់ជាច្រើននៃក្រុងតេហេរ៉់ង់កាលពីយប់ថ្ងៃទី ២៨ ខែកុម្ភៈ ។ ប្រជាជននាំគ្នាទះដៃបង្ហាញតាមបង្អួចនិងចាក់ភ្លេង ។ ចំណែកការស្រែកសាទរលាន់ឮក្រោយម៉ោង២៣ម៉ោងក្នុងស្រុកតាមដងវិថីនានានៃក្រុងតេហេរ៉ង់ ។
២ម៉ោងមុនការប្រកាសរបស់លោកដូណាល់ត្រាំ ទូរទស្សន៍អ៉ីស្រាអែល ២ រាយការណ៍ពីរឿងនោះ ជាមួយរូបភាពមួយនៃសាកសពលោកខាមីនី ដែលស្លាប់ក្នុងឱកាសនៃការវាយប្រហារ របស់អ៉ីស្រាអែល និងអាមេរិក ដែលនោះជារូបភាពបង្ហាញដល់លោកនេតាន់យ៉ាហ៊ូ និងលោក ដូណាល់ ត្រាំ ។ ទូរទស្សន៍រដ្ឋអ៉ីស្រាអែល KAN បង្ហាញសាកសពលោកអាលីខាមេនីត្រូវបានទាញយកចេញពីគំនរបាក់បែក ។
ចំពោះការវាយប្រហាររបស់អ៉ីស្រាអែល និងអាមេរិក អ៊ីរ់ង់ក៏បានវាយប្រហារតបតវិញលើអ៉ីស្រាអែលនិងបណ្ដាមូលដ្ឋានយោធាអាមេរិកនៅមជ្ឈិមបូព៌ាពិសេសនៅបារ៉ែន ៕



ចែករំលែកព័តមាននេះ