ខេត្តព្រៃវែង ៖ ព្រឹកថ្ងៃទី២៨ កុម្ភៈ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា សហការជាមួយក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តព្រៃវែង បានចុះជួយពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋប្រមាណជិត 4 ពាន់នាក់នៅស្រុកបាភ្នំ ខេត្តព្រៃវែង។ ការពិនិត្យនេះធ្វើឡើងនៅបរិវេណទីលានបាល់ទាត់ ស្រុកបាភ្នំ ស្ថិតក្នុងភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការថែទាំ និងពិនិត្យព្យាបាលសុខភាព គឺពិតជាមានសារ:សំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា និងគ្រប់វ័យ ទាមទាឱ្យមានការប្រុងប្រយត្នខ្ពស់ ហើយការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនាពេលនេះ ជាឱកាសមួយសម្រាប់លោកតា លោកយាយ អ៊ុំពូមីង បានដឹងអំពីសុខភាពរបស់ខ្លួន តាមរយៈការពិនិត្យ និងការប្រឹក្សាយោបល់ និងផ្តល់ព័ត៌មានផ្សេងៗអំពីការថែទាំសុខភាព ចាប់ពីពេលនេះទៅមុខទៀតដោយរបៀបណា។
ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា បានតម្កល់ឆន្ទៈខ្ពស់លើវិស័យចំនួន២ ស្ដែងឡើងតាមរយៈការចំណាយថវិកាច្រើនជាងវិស័យការពារជាតិ និងវិស័យមហាផ្ទៃ នោះគឺ ទី១ វិស័យអប់រំ និងទី២ វិស័យសុខាភិបាល។ ឯកឧត្តមបានសង្កត់ធ្ងន់ថា គោលនយោបាយនេះ បានឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះសុខុមាលភាពប្រជាពលរដ្ឋ។
លោក វេជ្ជបណ្ឌិត សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង បានអោយដឹងថា កម្មវិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនពលរដ្ឋ នៅស្រុកបាភ្នំនេះ រៀបចំដោយសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលពិនិត្យនិងព្យាបាលជំងឺទូទៅ អបរំសុខភាព ជំងឺផ្លូវចិត្ត ជំងឺកុមារ រោគស្ត្រី ជំងឺឫសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺដង្កូវ ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺសន្លាក់ឆ្អឹង ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក វាស់ភ្នែក ចែកវ៉ែនតា សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺតម្រង់នោម ពិនិត្យអេកូសាស្ត្រ វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍ (វិភាគឈាម) វះកាត់តូច និងព្យាបាលរបួស …។ល។ ៕







ចែករំលែកព័តមាននេះ