ទីក្រុងវ៉ាស៊ីនតោន៖ នៅពេលនេះ យោធាអាមេរិក និងអ៊ីស្រាអែលបន្តបើកប្រតិបត្តិការសឹកយ៉ាងក្ដៅគគុកដើម្បីអ្វីដែលប្រទេសទាំង២ហៅថាកម្ចាត់ចោលនូវការគំរាមកំហែងពីសំណាក់របបដឹកនាំរបស់អ៊ីរ៉ង់ទៅលើពលរដ្ឋ និងប្រទេសរបស់ខ្លួន (អាមេរិក និងអ៊ីស្រាអែល)។ លោកដូណាល់ត្រាំប្រកាសថាអាមេរិកបានបើកប្រតិបត្តិការសឹកទ្រង់ទ្រាយធំទៅលើអ៊ីរ៉ង់ហើយ ហើយលោកប្រកាសទុកជាមុនថាលើកនេះអាមេរិកអាចនឹងពលីជីវិតមិនតិចទេ។

ការវាយប្រហារអ៊ីរ៉ង់លើកនេះត្រូវលោកត្រាំអះអាងថាគោលដៅសំខាន់ដើម្បីកម្ចាត់ចោលនូវឃ្លាំងស្តុកទុកគ្រាប់មីស៊ីល និងវាយកម្ទេចកងទ័ពជើងទឹករបស់អ៊ីរ៉ង់ទាំងស្រុង។ ការវាយប្រហារនេះកើតឡើងបន្ទាប់ពីអាមេរិក និងអ៊ីស្រាអែលនិយាយជាញយដងហើយថាពួកគេអាចនឹងវាយប្រហារអ៊ីរ៉ង់ជាថ្មីបើប្រទេសនេះនៅតែបន្តអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលអន្តរទ្វីប។

នៅពេលសង្គ្រាមកំពុងផ្ទុះឡើងយ៉ាងក្ដៅគគុកនេះ លោកត្រាំបង្ហោះវីឌីអូឃ្លីបនៅលើបណ្ដាញសង្គមទ្រូសសូសល (Truth Social) ថា «ជីវិតរបស់ជនជាតិអាមេរិកាំងដ៏ក្លាហានរបស់យើងអាចនឹងត្រូវបាត់បង់ ហើយបាត់បង់លើកនេះប្រហែលជាច្រើនដូចនៅក្នុងសង្គ្រាមដទៃទៀតដែរ។ ប៉ុន្តែអ្វីដែលយើងកំពុងធ្វើនេះមិនមែនសម្រាប់ពេលនេះទេ។ យើងធ្វើរឿងនេះសម្រាប់ពេលអនាគត។ នេះជាបេសកកម្មដ៏ថ្លៃថ្លាបំផុត»។

ឆ្លៀតនៅក្នុងឱកាសនេះ លោកត្រាំសូមអំពាវនាវទៅឆ្មាំបដិវត្តឥស្លាម និងកងទ័ពអ៊ីរ៉ង់ទម្លាក់អាវុធចុះចាញ់ជាបន្ទាន់។ លោកសន្យាថាបើពួកគេអាចធ្វើដូច្នេះបាន លោកនឹងអនុគ្រោះទោសសម្រាប់ពួកគេ។ លោកថ្លែងបន្តទៀតថាបើពួកគេមិនទម្លាក់អាវុធចុះទេ ជម្រើសមានតែមួយគត់គឺសេចក្ដីស្លាប់។ អាមេរិក និងអ៊ីរ៉ង់ចរចាគ្នាបីដង លទ្ធផលគឺសូន្យ។ ត្រាំថាគាត់មិនអាចបណ្ដោយឱ្យអ៊ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរជាដាច់ខាត។ ថ្មីៗនេះ លោកត្រាំ និងមន្ត្រីជាន់ខ្ពស់អាមេរិកសុទ្ធតែអះអាងដូចៗគ្នាថាអ៊ីរ៉ង់មានផែនការផលិតនុយក្លេអ៊ែរ និងមីស៊ីលអន្តរទ្វីបដើម្បីវាយប្រហារអាមេរិកនៅពេលអនាគត។ លោកថាអ៊ីរ៉ង់អាចនឹងធ្វើរឿងនេះបានសម្រេចនៅក្នុងពេលអនាគតដ៏ខ្លីបើគ្មានវិធានការទប់ស្កាត់។

លោកត្រាំថ្លែងថា «អ៊ីរ៉ង់បដិសេធមិនព្រមបោះបង់ចោលផែនការទាំងនេះទេ។ ពោលគឺដូចអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តជាច្រើនទសវត្សមកហើយ។ ពួកគេបណ្ដោយឱ្យឱកាសកន្លងផុតទៅជានិច្ច និងមិនព្រមបោះបង់ចោលមហិច្ឆតារបស់ខ្លួនឡើយ។ ដូច្នេះ យើងមិនអាចស៊ូទ្រាំបែបនេះតទៅទៀតទេ»។ ប្រភពដែលដឹងកិច្ចការផ្ទៃក្នុងនៃការចរចាបានឱ្យដឹងថាអ៊ីរ៉ង់ទាមទារដាច់ខាតត្រូវតែចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ហើយត្រូវតែចម្រាញ់នៅលើទឹកដីរបស់ខ្លួន។ ចំណែកអាមេរិកទាមទារឱ្យចម្រាញ់នៅប្រទេសដទៃ៕ ប្រភព៖ រ៉យទ័រ និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ