ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​ និង​អ៊ីស្រា​អែល​វា.យ​ប្រ.ហារ​ទី​ក្រុង​តូច​ធំ​នានា​ទូទាំង​ប្រទេស​អ៊ីរ៉ង់

4 ម៉ោង មុន

ទី​ក្រុង​យេរូ​សាឡឹម៖ នៅ​ទី​បំផុត​ អាមេរិក និង​អ៊ីស្រា​អែល​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​អ៊ីរ៉ង់​ហើយ​កាល​ពី​មុន​នេះ​បន្តិច​នៅ​ក្នុង​អ្វី​ដែល​រដ្ឋាភិបាល​អ៊ីស្រា​​អែល​ហៅ​ថា​ជា «​ការ​វាយ​ប្រហារ​ការ​ពារ​ខ្លួន​ទុក​ជា​មុន​»។ អ៊ីស្រា​អែល​ប្រកាស​ថា​ខ្លួន​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​ទប់​ទល់​នឹង​លទ្ធ​ភាព​នៃ​ការ​វាយ​សង​សឹក​វិញ​ពី​​សំណាក់​ប្រទេស​អ៊ីរ៉ង់​។ ការ​វាយ​ប្រហារ​នេះ​កើត​ឡើង​បន្ទាប់​ពី​លោក​ដូណាល់​ត្រាំ​ទើប​តែ​ប្រកាស​កាល​ពី​យប់​មិញ​ថា​លោក​មិន​ទាន់​សម្រេច​ចិត្ត​នៅ​ទឹក​ផ្ដាច់​ព្រ័ត្រ​ថា​យោធា​អាមេរិក​ត្រូវ​វាយ​ប្រហារ​អ៊ីរ៉ង់​ ឬ​យ៉ាង​ណា​ទេ​។ គេ​ស្ដាប់​ឮ​សំឡេង​ផ្ទុះ​គ្រាប់​បែក​ និង​មីស៊ីល​យ៉ាង​កង​រំពង​ពាស​ពេញ​ផ្ទៃ​អាកាស​នៃ​រដ្ឋ​ធានី​តេ​អេ​រ៉ង់​…

ទី​ក្រុង​យេរូ​សាឡឹម៖ នៅ​ទី​បំផុត​ អាមេរិក និង​អ៊ីស្រា​អែល​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​អ៊ីរ៉ង់​ហើយ​កាល​ពី​មុន​នេះ​បន្តិច​នៅ​ក្នុង​អ្វី​ដែល​រដ្ឋាភិបាល​អ៊ីស្រា​​អែល​ហៅ​ថា​ជា «​ការ​វាយ​ប្រហារ​ការ​ពារ​ខ្លួន​ទុក​ជា​មុន​»។ អ៊ីស្រា​អែល​ប្រកាស​ថា​ខ្លួន​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​ទប់​ទល់​នឹង​លទ្ធ​ភាព​នៃ​ការ​វាយ​សង​សឹក​វិញ​ពី​​សំណាក់​ប្រទេស​អ៊ីរ៉ង់​។ ការ​វាយ​ប្រហារ​នេះ​កើត​ឡើង​បន្ទាប់​ពី​លោក​ដូណាល់​ត្រាំ​ទើប​តែ​ប្រកាស​កាល​ពី​យប់​មិញ​ថា​លោក​មិន​ទាន់​សម្រេច​ចិត្ត​នៅ​ទឹក​ផ្ដាច់​ព្រ័ត្រ​ថា​យោធា​អាមេរិក​ត្រូវ​វាយ​ប្រហារ​អ៊ីរ៉ង់​ ឬ​យ៉ាង​ណា​ទេ​។

គេ​ស្ដាប់​ឮ​សំឡេង​ផ្ទុះ​គ្រាប់​បែក​ និង​មីស៊ីល​យ៉ាង​កង​រំពង​ពាស​ពេញ​ផ្ទៃ​អាកាស​នៃ​រដ្ឋ​ធានី​តេ​អេ​រ៉ង់​ និង​ទីក្រុង​ដទៃ​ទៀត​ (សរុប​៥​ទី​ក្រុង​ដែល​រង​ការ​វាយ​ប្រហារ)។ នេះ​បើ​យោ​ងតាម​ការ​ផ្សាយ​របស់​សារ​ព័ត៌​មាន​រដ្ឋ​អ៊ីរ៉ង់​។ ទី​ភ្នាក់​ងារ​ព័ត៌​មាន​ហ្វា​ (Fars) រាយ​ការណ៍​ថា​គេ​ស្ដាប់​ឮ​សំឡេង​ផ្ទុះ​នៅ​ទី​ក្រុង​អ៊ីស​ហ្វាហាន (Isfahan),​ កូម (Qom), កា​រ៉ាច (Karaj) និង​ខឺម៉ាន់​សា (Kermanshah)​។ ​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ដដែល​នេះ​ផ្សាយ​បន្ត​ទៀត​ថា​មីស៊ីល​​ជា​ច្រើន​គ្រាប់​ក៏​បាន​ធ្លាក់​នៅ​មណ្ឌល​សាកល​វិទ្យា​ល័យ និង​ទី​លាន​សាធារណ​រដ្ឋ​ផង​ដែរ​ស្ថិត​នៅ​ក្នុង​រដ្ឋ​ធានី​តេ​អេ​រ៉ង់​។​ គេ​ឃើញ​ផ្សែង​ខ្មៅ​ងងឹត​ហោះ​ហើរ​ពេញ​ផ្ទៃ​​​អាកាស​នៃ​ទី​ក្រុង​នេះ​។

ទី​ភ្នាក់​ងារ​ព័ត៌​មាន​ថាស់​នីម (Tasnim) រាយ​ការណ៍​ថា​សំឡេង​ផ្ទុះគ្រាប់​កាំ​ភ្លើង​ក៏​កើត​មាន​នៅ​តំបន់​សាយេត ខាន់​ដាន់ (Sayyed Khandan) ​ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​ទី​ក្រុង​តេ​អេ​រ៉ង់​ផង​ដែរ​។ សារ​ព័ត៌​មាន​អ៊ីរ៉ង់​ដទៃ​ទៀត​ផ្សាយ​ថា​អាមេរិក និង​អ៊ីស្រា​អែល​វាយ​ប្រហារ​គ្រប់​ទី​កន្លែង​ទូទាំង​ប្រទេស​អ៊ីរ៉ង់​រួម​ទាំង​ខេត្ត​អ៊ីឡាម (Ilam) នៅ​ភាគ​ខាង​លិច​ផង​ដែរ។ លោក​ដូណាល់​ត្រាំ​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម​ថា​ការ​វាយ​ប្រហារ​ផ្គួប​គ្នា​ពី​អ៊ីស្រា​អែល​ និង​អា​មេរិក​លើក​នេះ​គោល​ដៅ​ដើម្បី​កម្ចាត់​ចោល​ទាំង​ស្រុង​នូវ​ការ​គំរាម​កំហែង​ពី​សំណាក់​របប​ដឹក​នាំ​នៅ​អ៊ីរ៉ង់​។​

លោក​សរ​សេរ​រៀប​រាប់​បន្ត​ទៀត​ថា​ «កាល​ពី​មុន​នេះ​បន្តិច​ យោធា​អាមេរិក​ចាប់​ផ្ដើម​បើក​ប្រតិ​បត្តិ​ការ​សឹក​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​អ៊ីរ៉ង់​។ គោល​ដៅ​របស់​យើង​គឺ​ការ​ពារ​អាយុ​ជីវិត​របស់​ប្រជា​ជន​អាមេរិក​តាម​រយៈ​ការ​កម្ចាត់​ចោល​នូវ​អ្វី​ដែល​ជា​ការ​គំរាម​កំហែង​ពី​សំណាក់​របប​ដឹក​នាំ​នៅ​អ៊ីរ៉ង់»​។ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អ៊ីស្រាអែល​ លោក​អ៊ីស្រា​អែល​ ខាត់ (Israel Katz) អះ​អាង​ថា​យោធា​អ៊ីស្រា​អែល​​​បាន​បាញ់​មីស៊ីល​ចូល​ដែន​អាកាស​អ៊ីរ៉ង់​ពិត​មែន​ដើម្បី​កម្ចាត់​ចោល​នូវ​ការ​គំរាម​កំហែង​ពី​សំណាក់​អ៊ីរ៉ង់​ទៅ​លើ​​ប្រទេស​អ៊ីស្រា​អែល​។​

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន លោក​ត្រាំ​ថ្លែង​ថា​លោក​មិន​សប្បាយ​ចិត្ត​ទាល់​តែ​សោះ​ចំពោះ​ស្ថាន​ការណ៍​បច្ចុប្បន្ន​នេះ​។ លោក​ព្រមាន​ថា​​ការ​​ប្រើ​ប្រាស់​កម្លាំង​យោធា និង​ការ​ផ្លាស់​ប្ដូរ​របប​ដឹក​នាំនៅ​អ៊ីរ៉ង់​នៅ​តែ​ជា​ជម្រើស​ដែល​មាន​នៅ​ក្នុង​ដៃ​។ គួ​រកត់​សម្គាល់​ថា​មុន​ការ​វាយ​ប្រហារ​​អ៊ីរ៉ង់​ថ្ងៃ​​នេះ អាមេរិក និង​អ៊ីរ៉ង់​បាន​ចរ​ចា​គ្នា​ជា​លើក​ទី​បី​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នុយ​ក្លេអ៊ែរ​។ ប៉ុន្តែ​ការ​ចរ​ចា​ដោយ​ប្រយោល​នោះ​បាន​បិទ​បញ្ចប់​ដោយ​គ្មាន​ទទួល​បាន​លទ្ធ​ផល​អ្វី​ទាំង​អស់​។

គេ​នៅ​ចាំ​បាន​ថា​កាល​ពី​មុន​នេះ​ប៉ុន្មាន​ថ្ងៃ​ លោក​ត្រាំ​​ទុក​​ពេល​​ឱ្យ​អ៊ីរ៉ង់​​ចន្លោះ​ពី​១០-១៥​ថ្ងៃ​​ដើម្បី​​ចរ​ចា​គ្នា​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេ​អ៊ែរ​។ បើ​មិន​ដូច្នេះ​ទេ​ លោក​ប្រើ​ពាក្យ​ថា​ «​ហេតុ​ការណ៍​អាក្រក់​នឹង​កើត​ឡើង​»។​ ​អ៊ីរ៉ង់​ចោទ​ប្រកាន់​ថា​អាមេរិក​ប្រើ​ភា​សា​ភូត​កុហក​ពាក់​ព័ន្ធ​នឹង​កម្ម​វិធី​មីស៊ីល​​បន្ទាប់​ពី​លោក​ត្រាំ និង​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​រួម​ទាំង​អនុ​ប្រធានា​ធិបតី និង​រដ្ឋ​មន្ត្រី​ការ​បរទេស​ផង​ដែរ​អះ​អាង​ថា​អ៊ីរ៉ង់​មាន​ផែន​ការ​ផលិត​អាវុធ​នុយ​ក្លេអ៊ែរ និង​មីស៊ីល​អន្តរ​ទ្វីប​សម្រាប់​វាយ​ប្រហារ​ប្រ​ទេស​អា​មេ​រិក​។ លោក​ត្រាំ​ចាត់​ទុក​អ៊ីរ៉ង់​ជា​អ្នក​ជួយ​ជ្រោម​ជ្រែង​ធំ​ជាង​គេ​​ (ផ្នែក​អាវុធ​យុទ្ធ​ភ័ណ្ឌ និង​លុយ​កាក់​) ចំពោះ​ក្រុម​ភេរវ​កម្ម​នានា​នៅ​លើ​សាកល​លោក​។ មិន​តែ​ប៉ុណ្ណោះ លោក​អះ​អាង​ថា​កាល​ពី​អំឡុង​ពេល​ផ្ទុះ​បាតុកម្ម​​ខែ​មករា​​នៅ​អ៊ីរ៉ង់​ ក្រុម​អ្នក​តវ៉ា​ស្លាប់​យ៉ាង​រង្គាល​រហូត​ដល់​​​៣២០០០​នាក់យ៉ាង​តិច​។

អ្នក​នាំ​ពាក្យ​អ៊ីរ៉ង់​ច្រាន​ចោល​ការ​អះ​អាង​ទាំង​នេះ​។ លោក​បាន​បង្ហោះ​​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​ទោះ​បី​ពួក​គេ​និយាយ​អ្វី​ពាក់ព័ន្ធ​នឹង​កម្ម​វិធីនុយ​ក្លេ​អ៊ែរ​របស់​អ៊ីរ៉ង់, ទោះ​បី​ពួក​គេ​និយាយ​អ្វីពាក់​ព័ន្ធ​នឹង​​មីស៊ីល​អន្តរ​ទ្វីប​ និង​​ទោះ​បី​ពួក​គេ​និយាយ​ថា​​បាតុករ​​ស្លាប់​​ប៉ុន្មាន​នាក់​ក៏​ដោយ​ នោះ​សុទ្ធ​តែ​ជា​ការ​និយាយ​ភូត​កុហក​ទាំង​អស់​។ តាម​ពិត​ ផែន​ការ​វាយ​ប្រហារ​អ៊ីរ៉ង់​​បាន​រៀប​ចំ​ជា​ច្រើន​ខែ​មក​ហើយ​ ហើយ​​ការ​កំណត់​ថា​ត្រូវ​វាយ​ប្រហារ​នៅ​ពេល​ណា​នោះ​គឺ​ត្រូវ​បាន​សម្រេច​ចិត្ត​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ​។ លោក​ត្រាំ​បាន​បង្ហោះ​វីឌីអូ​ឃ្លីប​មាន​រយៈ​ពេល​៨​នាទី​នៅ​លើ​បណ្ដាញ​សង្គម​​ដើម្បី​បញ្ជាក់​ថាអាមេរិក​ពិត​ជា​ចូល​រួម​នៅ​ក្នុង​ការ​វាយ​ប្រហារ​នេះ​មែន​​៕ ប្រភព៖ រ៉យ​ទ័រ (Reuters), ដឹ​ហ្កាឌាន (The Guardian) និង​ប្រភព​ដទៃ​ទៀត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ